កង​ទ័ពរដ្ឋាភិបាល​ចូល​ទៅ​ក្នុង​ទីក្រុង​គ្រប់​គ្រង​របស់​ពួក​ឧទ្ទាម​​នៅ​ភាគ​​ខាង​ជើង​ប្រទេស​ស៊ីរី​

139

ស៊ីរី៖ រូប​ភាព​ពី​ទូរទស្សន៍​ស៊ីរី​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ បាន​បង្ហាញ​​ពី​ការ​បាញ់​កាំ​ភ្លើង​ធំ​របស់​កង​ទ័ព​រថក្រោះ​ និង​កង​កម្លាំង​ថ្មើរ​ជើង​​ដែល​វាយ​លុក​សម្រុក​​ទៅ​មុខ ​ប្រឆាំង​ក្រុម​បះបោរ​​នៅ​ក្នុង​ខេត្ត​អ៊ីតលីប។ កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​​កាល​ពី​ថ្ងៃ​អង្គារ​ បាន​វាយប្រហារ​ចូល​ទៅ​ក្នុង​ទីក្រុង​​​គ្រប់​គ្រង ​​របស់​ពួក​ឧទ្ទាម​​សំខាន់​មួយ​កន្លែង​នៅ​ភាគ​ពាយ័ព្យ​​ប្រទេស​នេះ បន្ទាប់​ពី​បាន​​ហ៊ុំ​ព័ទ្ធ​​ទីក្រុង​មួយ​នេះ​​ពី​ទិស​ទាំង​៣ រួច​មក​នោះ ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ភៀស​ខ្លួន​ទៅ​កន្លែង​​មាន​សុវត្ថិភាព​ ​ក្នុង​តំបន់​មួយ​ចំនួន​បន្ត​ទៅ​មុខ​ទៅ​ភាគ​ខាង​ជើង​ នេះ​បើ​យោង​តាម​ការ​​ឲ្យ​ដឹង​ពី​ក្រុម​សកម្មជន​ប្រឆាំង​ និង​​បណ្ដាញ​ផ្សព្វផ្សាយ​​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​។

យោង​តាម​​ក្រុម​សកម្ម​ជន​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ព័ត៌មាន​​រដ្ឋ​ឲ្យ​ដឹង​ថា ​ការ​វាយ​សម្រុក​​ចូល​ទៅ​ក្នុង​ទីក្រុង​ម៉ារ៉េតអាល់នូម៉ាន​ នៅ​ក្នុង​ខេត្ត​អ៊ីតលីប​​ធ្វើ​ឡើង​ ខណៈ​ដែល​កង​កម្លាំង​ស៊ីរី​​ក៏​កំពុង​វាយ​ប្រហារ​រុល​ទៅ​មុខ​ ​ប្រឆាំង​លើ​ទីតាំង​ក្រុម​បះបោរ​​នៅ​ភាគ​ខាង​លិច​ទីក្រុង​អាឡេប៉ូ។ ទីក្រុង​ម៉ារ៉េត​អាល់នូម៉ាន​ដែល​​​ត្រូវ​បាន​ស្ថិត​នៅ​ ក្នុង​កណ្ដាប់​ដៃ​​របស់​ពួក​ឧទ្ទាម​​តាំង​ពី​ឆ្នាំ​២០១២ ស្ថិត​នៅ​​តាម​ដង​ផ្លូវ​ហាយវ៉េ​​ភ្ជាប់​ពី​ទីក្រុង​ដាម៉ាស់ ​ជាមួយ​ទីក្រុង​អាឡេប៉ូ កង​ទ័ព​ស៊ីរី​កំពុង​​កាន់​កាប់​​ផ្លូវ​ជាតិ​​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច ​ចេញ​ពី​ទីក្រុង​ដែល​បើក​ចំហ​គ្មាន​ការ​ហ៊ុំ​ព័ទ្ធ​ ​ដែល​​ទំនង​ជា​ទុក​ឱកាស​​ឲ្យ​ក្រុម​បះបោរ​​ដក​ថយ។ ​ប៉ុន្តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​ថ្មី​ៗ​នេះ រដ្ឋាភិបាលដណ្តើមបាន​ភូមិ​ជិត ២០ ​​នៅ​តំបន់​មួយ​នេះ ខណៈ​ការ​ការ​ពារ​របស់​ក្រុម​បះបោរ​​បាន​ដួល​រលំ​ទៅ​នោះ​។ ​ពួក​ឧទ្ទាម​​ដែល​មាន​​ទំនាក់ទំនង​​ជាមួយ​ក្រុម​អាល់កៃដា​​ គ្រប់គ្រង​​ទឹក​ដី​ភាគ​ច្រើន​នៃ​​ខេត្ត​អ៊ីតលីប​ និង​តំបន់​តូច​ៗ​ជា​ច្រើន​​ដែល​នៅ​ជាប់​​នឹង​តំបន់​ក្នុង​ទីក្រុង​អាឡេប៉ូ៕​

អត្ថបទ៖ រិទ្ធី