ចរចា​ជិត​ត្រូវ​គ្នា​ហើយ Bruno Fernandez នឹង​ផ្ទេរ​មកកាន់ Manchester United មិន​ផុត​ខែ​នេះ​

70

បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United​ ខិត​ជិត​ដល់​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ Bruno Fernandes​ របស់ Sporting Lisbon បន្ទាប់ពី​មាន​របាយការណ៍​ថា ​ក្លិប​ទាំងពីរ​ជិត​ដល់​ចំណុច​កណ្ដាល​នៃ​ការ​ចរចា​តម្លៃ​ផ្ទេរ​ ស្រប​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នឹង​បិទ​បញ្ចប់​ចុងខែ​នេះ​។ ​ក្លិប​នៅ ​Old Trafford បាន​ធ្វើ​ការចរចា​ជាមួយ Sporting ស្ទើរ​ពេញ​មួយ​ខែ​នេះ​ទៅ​ហើយ ប៉ុន្តែ​ក្លិប​ព័រទុយហ្កាល់​បាន​បដិសេធ និង​ចង់បាន​តំលៃ ៦៨​លាន​ផោន​។

ប៉ុន្តែ​ការចរចា​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ធ្វើ​ឱ្យ Manchester United មាន​ទំនុក​ចិត្ត​ក្នុង​ការ​យល់ព្រម​លើ​កិច្ច​ព្រម​ព្រៀង​មួយ ​សម្រាប់​កីឡាករ​វ័យ ២៥​ឆ្នាំ​រូប​នេះ ខណៈ​ក្រុម​ទាំងពីរ​ហាក់​យល់ស្រប​គ្នា​ ក្នុង​តំលៃ​កណ្ដាល​មួយ​គឺ ៤៧​លាន​ផោន​។ ​ប្រសិន​បើ​ការផ្ទេរ​នេះ​បាន​សំរេច​ក្នុង​តំលៃ​នេះ នឹង​ក្លាយ​ជា​ការផ្ទេរ​ធំ​បំផុត​នៃ​ការដោះដូរ​កីឡាករ​ក្នុង​ខែ​មករា ​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League រហូតមកដល់​ពេលនេះ​។​ Bruno Fernandes​ បាន​ចូលរួម​ជាមួយ Sporting Lisbon ពី​ក្លិប​អ៊ីតាលី Sampdoria​ ក្នុង​តម្លៃ ៧,២​លាន​ផោន​ក្នុង​ឆ្នាំ២០១៧។ ​​Fernandes​ រក​គ្រាប់​បាល់​បាន ៦៤​គ្រាប់​ក្នុង ១៣៧​ប្រកួត​នៅ​គ្រប់ការ​ប្រកួត ​និង​ឈ្នះ​ជើងឯក​លី​គ​កំពូល​ព័រទុយហ្កាល់​នៅ​ឆ្នាំ​២០១៨១៩ និង​ត្រូវ​បាន​គេ​ដាក់ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ នៅ​លី​គ​កំពូល​ព័រទុយហ្កាល់​ពីរ​រដូវ​កាល​ជាប់​គ្នា​ផង​ដែរ​។​ ​Bruno Fernandes​ ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្កាល់​ចំនួន ១៩​ប្រកួត ​និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​ឈ្នះ​ពានរង្វាន់ Uefa Nations League ផង​ដែរ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ