Bala Devi បង្កើត​ប្រវត្តិសាស្ត្រ​ក្លាយ​ជា​កីឡា​ការិនី​បាល់ទាត់​ឥណ្ឌា​ដំបូង​ផ្ទេរ​ទៅ Rangers នៅ​ស្កុ​ត​ឡែ​ន​

212

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្រុមបាល់ទាត់​នារី​ជម្រើស​ជាតិ​ឥណ្ឌា Ngangom Bala Devi បាន​បង្កើត​ប្រវត្តិសាស្ត្រ​ បន្ទាប់ពី​ធានា​បាន​នូវ​ការផ្ទេរ​ទៅកាន់​ទឹកដី Rangers WFC របស់​ស្កុ​ត​ឡែន​។​ ​Bala Devi អាយុ ២៩​ឆ្នាំ​ដែល​មាន​ដើមកំណើត​មកពី​រដ្ឋ Manipur ភាគ​ឦសាន​ប្រទេស​ឥណ្ឌា​ បាន​ក្លាយ​ជា​តារា​ឆ្នើម​ប្រចាំ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា​របស់​ខ្លួន ​រួម​ជាមួយ​ខ្សែ​ការពារ​កណ្ដាល Loitongbam Ashalata Devi និង​បាន​រក​គ្រាប់​បាល់​បាន ៥២​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន ៥៨ប្រកួត​សម្រាប់​ក្រុម Blue Tigresses

​​តាមរយៈ​ការ​ចុះហត្ថលេខា​ជាមួយ​ក្រុម​នៃ​ក្របខ័ណ្ឌ​ Premier League របស់​ស្កុ​ត​ឡែន​ស្ត្រី ​Bala Devi បាន​ក្លាយ​ជា​កីឡា​ការិនី​ឥណ្ឌា​ដំបូង​គេ និង​អត្ត​ព​លិ​ក​បាល់ទាត់​អាជីព​ដំបូង​គេ​ដែរ ដែល​ប្រកប​អាជីព​នៅ​ក្រៅ​ប្រទេស និង​ជា​កីឡា​ការិនី​មកពី​ទ្វីប​អាស៊ី​ដំបូង​គេ​ដែរ​នៅ Rangers​។​ ​Bala Devi ធ្លាប់​ជា​កីឡា​ការិនី​របស់​ក្លិប​បាល់ទាត់​នារី Eastern Sporting Union, KRYPHSA និង Manipur Police នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​នារី​អាជីព​ក្នុងស្រុក និង​តែងតែ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​គេ​រហូត ​រាល់​ក្លិប​ដែល​ខ្លួន​លេង​អោយ​។ ​ចំណែក​ក្រុម​នារី Rangers បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៤​ នៅ​ប្រទេស​ស្កុ​តឡែន​កាលពី​រដូវ​កាល​មុន នៅ​ពីក្រោម​ម្ចាស់​ជើង​ឯក ​Glasgow City, Hibernian និង ​Celtic FC Women

អត្ថបទ​៖​នាង សុភា​វុ​ធ