សម្តេចតេជោ ហ៊ុ​ន ​សែន ​ទទួ​លជួ​បពិភាក្សា​ការងា​រ​ជាមួយស្ថាប​និក​អង្គកា​រសហព័ន្ធ​សន្តិ​ភាព​សកល​

118

ភ្នំពេញ៖ នៅព្រឹក ​ថ្ងៃទី​០៤​ ខែ​កុម្ភៈ ​ឆ្នាំ២​០២០នេះ ​នៅមុ​នពិ​ធីបើក​កិច្ច​ប្រជុំកំពូល​ពិភ​ពលោក​ឆ្នាំ​២០២០ ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ដោយ​ផ្ទាល់​ជាមួ​យ ​លោក​ស្រី ហា​ក់ ​ចាហាន​មូន​ (Hak ​Ja Han​ Moon) ​ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភា​ពសកល​។


សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកស្រីស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនទៅនឹងប្រធានបទ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ពិសេសទាក់ទិនទៅនិងបម្រែបម្រួលអាកាសធាតុ និងការវិវត្តន៍ថ្មីៗ នៃការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុសនៅទីក្រុងវូហាន ប្រទេសចិន ដែលជាកង្វល់ពិតប្រាកដរបស់ពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសា​សន៍ថា បញ្ហានៃការបម្រែបម្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ណាវីរ៉ុស​ គឺមិនមែនតែជាកង្វល់របស់ប្រទេសចិននោះទេ គឺជាកង្វល់របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួមគ្នារិះរកវិធីសាស្រ្តក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ។ សម្តេចតេជោ និងលោកស្រីស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាផ្សេងៗទៀត ដែលជាកង្វល់ពិតប្រាកដករបស់សម្តេច និងលោកស្រី។
លោកស្រី ហាក់ ចា ហានមូន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូន ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅទីក្រុងសេអ៊ួល សាធារណរដ្ឋកូរ៉េ ស្រប​ពេល នៃការផ្ទុះមានឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុស នៅទីក្រុងវូហាន សាធារណរដ្ឋប្រជាមានិតចិន​។ ទាក់ទិនទៅនឹងប្រសាសន៍លើកឡើងរបស់លោកស្រី ​ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចមិនបានចាត់ទុកថាការផ្ទុះនៃជំងឺប្រភេទថ្មី មិនមែនជាឧបសគ្គសម្រាប់សម្តេចនោះទេ ប៉ុន្តែផ្ទុយទៅវិញសម្តេចមានឆន្ទៈពិតប្រាកដជាមួយមេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះស្រាយលើបញ្ហាដែលកើតមានឡើង ចំពោះសន្តិភាព សន្តិ​សុខមនុស្សជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមដទៃទៀត ដែលពិភពលោកកំពុង​ប្រឈម និងរួមគ្នាដោះស្រាយ។
សម្តេចតេជោបន្តថា កាលពីឆ្នាំ២០១៣-២០១៤ កន្លងទៅ នៅពេលដែលប្រទេសកូរ៉េខាងជើង គំរាមធ្វើសង្រ្គាមមកលើសាធារណរដ្ឋកូរ៉េ គេបានទាមទារឲ្យសម្តេចអន្តរា​គមន៍ជន្លៀសជនជាតិកម្ពុជា នៅសាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់កម្ពុជាវិញ តែសម្តេចយល់ពីអារម្មណ៍ និងភាពភ័យខ្លាចដែលថ្នាក់ដឹកនាំ និងពីប្រជាជនមួយចំនួន។
សម្តេចតេជោមានប្រសាសន៍បន្តថា នៅថ្ងៃស្អែកទី៥កុម្ភៈសម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹង​អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាល​ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស៕