សមយុទ្ធ​នាគ​មាស​ រវាង​កម្ពុជា​-​ចិន​ គ្មាន​ការប្រែប្រួល ​បើ​ទោះ​ប្រទេស​ចិន​ផ្ទុះ​ខ្លាំង​នូវ​វីរុស​ កូ​រ៉ូ​ណា​ក៏ដោយ

399

ភ្នំពេញ ៖ ​អ្នកនាំពាក្យ​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ថោង សូលីម៉ូ​ បាន​ថ្លែង​ថា​ សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០​ រវាង​កងទ័ព​កម្ពុជា ​និង​កងទ័ព​រំដោះ​ប្រជាជន​ចិន​ដែល​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ខែមីនា​ ឆ្នាំ​២០២០​ ខាងមុខនេះ ​គ្មាន​ការប្រែប្រួល​នោះទេ​បើទោះ​បី​​ខាង​ភាគី​ចិន​ជួប​គ្រោះថ្នាក់​ឆ្លង​​វិរុស​កូ​រ៉ូ​ណា ​ថ្មី​ក៏ដោយ​​។

ថ្លែងប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែ កុម្ភៈ ឆ្នាំ​២០២០ ​នេះ​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​លើក​ឡើងថា ​សមយុទ្ធ​នាគ​មាស​រវាង​កងទ័ព​កម្ពុ​ជា​និង​ចិន​គឺ​នឹង​ធ្វើ​ដូច​ការ​គ្រោងទុក ​ដដែល​គ្មាន​ការ​ផ្លាស់ប្តូរ​នោះទេ ​ដោយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​ និង​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា​នេះ​។

សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០​នេះ ​នឹងធ្វើ​ឡើងលើ​របៀបវារៈ​ជាច្រើន​ប៉ុន្តែ​សង្កត់ធ្ងន់​តែ​ការ​ប្រឆាំង​ភេរវកម្ម​ និង​កិច្ច ​ការ​មនុស្សធម៌​ជា​អាទិភាព​តែប៉ុណ្ណោះ ​ហើយ​ជាមួយគ្នា​នោះ ​ក៏មាន​សព្វាវុធ​និង​ឧទ្ធម្ភាគចក្រ​ច្រើន ជាង​មុន​ផងដែរ​ ខណៈ​កម្លាំង​ត្រៀម​ទាំងសងខាង​នឹងចូលរួម​ប្រមាណ​ជាង​ពីរពាន់​នាក់ ហើយក៏​មាន កងទ័ព​ដែលជា​ប្រទេសជិតខាង​របស់​កម្ពុជា​ ធ្វើជា​អ្នកសង្កេតការណ៍​ និង​វាយតម្លៃ​ផងដែរ​។

បើតាម​អ្នកនាំពាក្យ​ដដែល​នេះ​ បាន​ឲ្យ​ដឹង​ទៀត​ថា ​សមយុទ្ធ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីលាន​បាញ់ គ្រាប់​ពិត​តេ​ជោ ​សែន​ជុំ​គិរី ដែល​ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ​ខេត្តកំពត​។ ​ផ្តោត​សំខាន់​លើ​វិញ្ញាសា​មួយចំនួន ដូចជា​ការប្រឆាំង​ភេ​វរ​កម្ម​, ការរំដោះ​ចំណាប់ខ្មាំង​, ការសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​, ការ​បំពេញភារកិច្ច​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​ និង​វិស្វកម្ម​ជាដើម​។​អាវុធ​យុទ្ធភណ្ឌ ​សំខាន់ៗ ដែល​ប្រើប្រាស់​នៅក្នុង​លំ​ហាត់​នាគ​មាស​ឆ្នាំនេះ​ រួមមាន​ដូចជា​ ៖ រថពាសដែក​, រថក្រោះ​, កាំភ្លើង​ធំ​, កាំភ្លើងត្បាល់​, ឧទ្ធម្ភាគចក្រ ​និង អាវុធ​គាំទ្រ​ពីលើ​អាកាស​ជាដើម​។

យ៉ាងណាក៏ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ថោង សូលី​ម៉ូ បាន​បញ្ជាក់ថា ​ការធ្វើ​សមយុទ្ធ​នាគ​មាស​រវាង​កងទ័ព​កម្ពុ​ជា​-​ចិន ឆ្នាំ​២០២០​នេះ ​មិន​មែនជា​ការ​គំរាមកំហែង​ដល់​ប្រទេស ឬ​ បុគ្គល​ណាមួយ​នោះ​ឡើយ​ការធ្វើ​នេះ​នឹងធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ​ហើយ​និង​មាន​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់ ដើម្បី​ពង្រឹង​សមត្ថភាព​ដល់ក​ង​ទ័ព​កម្ពុជា​និង​ទទួល​បទពិសោធន៍​បន្ថែម​ដល់​ពី​ប្រទេស​ជា​មិត្ត​តែប៉ុណ្ណោះ​៕