ពុទ្ធបរិស័ទ​រាប់ម៉ឺន​នាក់ ​ទៅធ្វើ​បុណ្យ​មាឃបូជា​ នៅ​វត្ត​អដ្ឋរស្ស​ ភ្នំ​ព្រះរាជ​ទ្រព្យ

211

កណ្ដាល ៖ ​ក្នុងឱកាស​ថ្ងៃបុណ្យ​មាឃបូជា នៅ​ថ្ងៃ​សៅរ៍ ១៥​កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ​ត្រូវ​នឹង​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ពុទ្ធបរិស័ទ​ទាំង​ទី​ជិត​ទី​ឆ្ងាយ​រាប់​ម៉ឺន​នាក់ ​បាននាំគ្នា​ទៅ​ធ្វើ​បុណ្យមាឃបូជា​ នៅ​វត្ត​អដ្ឋរស្ស​ភ្នំ​ព្រះរាជ​ទ្រព្យ ​ដែល​ស្ថិតនៅ​ស្រុក​ពញាឮ ​ខេត្តកណ្តាល​ ខណៈ​បុណ្យ តាម​ប្រពៃណី ​ព្រះពុទ្ធសាសនា​ដ៏​ធំ​នេះ ​បាន​ប្រព្រឹត្តឡើង​នៅ​គ្រប់​វត្ត​ទាំងអស់​នៃ​ប្រទេស​កម្ពុជា​ក៏ដូចជា ​ប្រទេស​ដែល​កាន់​ព្រះពុទ្ធសាសនា​។

នៅក្នុង​ពិធីបុណ្យ​មាឃបូជា​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​វត្ត​អដ្ឋរស្ស​នេះ​ ក៏មាន​ការចូលរួម​ពី​លោកជំទាវ​ម៉ែន សំអន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធ​ និង​អធិការកិច្ច ​អភិបាលខេត្ត កណ្តាល​លោក​ ម៉ៅ ភា​រុណ​ មន្ត្រី​រាជកា​ពុទ្ធបរិស័ទ​មកពី​ទីជិត​ទី​ឆ្ងាយ​ចូលរួម​យ៉ាង​ច្រើន​កោះករ រួមទាំង​ ប្រគេន​នូវ​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ និង​លោក​តាជី​យាយជី​រាប់ពាន់​អង្គ​ និង​នាក់​ផងដែរ​។

ថ្ងៃបុណ្យ​មាឃបូជា ​ដែលជា​ពិធីបុណ្យ​មួយ​ដ៏​មាន​សារៈ​សំខាន់បំផុត ​នៅក្នុង​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ហើយ​បុណ្យ​មាឃបូជា​នេះ ​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ថៃ្ង ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក ​នា​ប្រទេស​ឥណ្ឌា ​កាលពី​៥៨៨​ឆ្នាំមុន​គ្រឹះ​សករាជ ​នា​ថៃ្ង​ទី​១៥​កើត​ ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​ របស់​ព្រះអង្គ​ចំនួន​៩​ខែ​គត់​។ បុណ្យមាឃបូជា​នេះ ​ត្រូវ​បាន​ប្រជា​ពុទ្ធបរិស័ទ​ទូទាំង​ពិភពលោក​នាំគ្នា​ប្រារព្ធ​រៀងរាល់ថ្ងៃ​ពេញ​បូណ៌មី​ នៃ​ខែមាឃ ​ដោយ​ចាត់ទុកជា​បុណ្យ​សាសនា​ ដ៏​ធំ​របស់ខ្លួន​។

ដោយ​មើល​ឃើញ​ពី​អត្ថប្រយោជន៍​នេះ គឺ​ក្នុង​ឆ្នាំ ​១៩៩៩ សមាជិក​អង្គការ​សហ​ប្រជាជាតិ​ក៏បាន​អនុម័ត​ជា​ឯកច្ឆន្ទ ​ទទួលស្គាល់​និង​ចាត់​ទុក​បុណ្យ​មាឃបូជា​របស់​ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ ដែល​បណ្តា​ប្រទេស​ទាំងអស់​កាន់​ព្រះពុទ្ធសាសនា ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ទៅតាម​ស្មារតី​និង ​សេចក្ដី​ជ្រះថ្លា​របស់​ខ្លួន​ផងដែរ​។

ការ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​នេះ​ ឡើង​គឺ​ដើម្បី​ប្រារព្ធ​នូវ​ព្រឹត្តិការណ៍ ​ធំ​៣​យ៉ាង​គឺ ​៖​ ដើម្បី​ប្រារព្ធ​នូវ​ការ​ធ្វើ​ចតុរង្គ​សន្និបាត ​ប្រកបដោយ​អង្គ​បួន​។​ដើម្បី​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​សម្ដែង​ឱវាទ​បាតិមោក្ខ​។​និង​ដើម្បី​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ដាក់​អាយុសង្ខារ​ជាដើម​៕