សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង ​សំរិន​ អនុញ្ញាត​ឲ្យ​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី ​ប្រទេស​គុយបា ​ចូល​ជួប​សម្តែង​ការ​គួរសម​

73

ភ្នំពេញ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង ​សំរិន​ ប្រធាន​រដ្ឋ​សភា ​បាន​អនុញ្ញាតឲ្យ​លោក​ជំទាវ ​លឿកា ​រ៉ូទ្រី​ហ្គេស ​បារីយ៉ូស ​ (H.E.Mrs. Liurka Rodriguez Barriose) ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី ​ប្រទេស​គុយ​បា​ចូល​ជួប​សម្តែង​ការ​គួរសម ​នា​ព្រឹក​ថ្ងៃ​ទី​១២ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ​នៅ​វិមាន​រដ្ឋ​សភា​។

ក្នុង​នាម​រដ្ឋ​សភា ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ បាន​ស្វាគមន៍ ​និង​អបអរ​សាទរ​ចំពោះ​ លោក​ជំទាវ​ លឿកា​ រ៉ូទ្រី​ហ្គេស ​បារីយ៉ូស ​ដែល​ត្រូវ​បាន​តែង​តាំង​ជា​ ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថ​ភាព​នៃ​សាធារណ​រដ្ឋ​គុយបា ​ប្រចាំ​ព្រះរាជា​ណាច​ក្រក​ម្ពុជា​។ ​សម្តេច​បន្ត​ថា ​កម្ពុជា-គុយបា មានទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​ជា​យូរ​ម​ក​ហើយ ​គឺ​នៅ​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះគ​ម្រប់​៦០​ឆ្នាំហើ​យ។​ ចំណង​ការទូត​នេះ ​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពី​រ​បន្ត​ថែ​រក្សា ​និង​លើក​កម្ពស់​រហូត​ដល់​ពេល​បច្ចុប្បន្ន​។

សម្តេច​ប្រធាន​រដ្ឋសភា ​បាន​លើក​ឡើង​បន្ត​ថា​ គុយ​បា​ជាមិត្ត​ដ៏​ល្អរ​បស់​កម្ពុជា ​តែង​ជួយ​និង​គាំទ្រ​នៅ​គ្រប់​កាលៈ​ទេសៈ។​ ជាក់​ស្តែង ​នៅ​ពេល​កម្ពុជា ​ទើប​បាន​រំដោះ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ និង​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច ​ពី​ប្រទេស​មហា​អំណាច ​មួយ​ចំនួន​នា​ទសវត្ស​៨០​ មិត្ត​គុយ​បា ​បានចាប់​ផ្តើម​ទំនាក់​ទំនង​ការ​ទូត​ឡើង​វិញ​។

លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស  បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅដែល​សម្តេច​ប្រធា​ន​រដ្ឋសភា​បាន​ចំណាយ​ពេល​វេលា ​ទទួល​ជួប​សវនាការ​ជា​មួយ​លោក​ជំទាវ​ នា​ឱកា​ស​នេះ។​ លោក​ជំទាវ​ បានអរគុណ​រដ្ឋសភា ​ដែល​តែង​ជំរុញ​លើក​កម្ពស់​មិត្ត​ភាព​កម្ពុជា-​គុយបា ​ឲ្យ​រឹងមាំ​ជា​លំដាប់ ​ពិសេស​តាម​រយៈក្រុម​មិត្តភាព​រដ្ឋ​សភាក​ម្ពុជា-​គុយបា​។

លោកជំ​ទាវ​បាន​លើក​ឡើង​ថា ​ចំណង​មិត្ត​ភាព​កម្ពុជា​គុយបា ​ក្នុង​រយៈ​ពេល​៦០​ឆ្នាំម​ក​នេះ ​មិន​មែន​ត្រឹម​ជាទំនាក់​ទំនង​ការ​ទូត​នោះ​ទេ​ តែ​ជា​ទំនាក់​ទំនង​ប្រវត្តិសាស្រ្ត ​ដែល​ប្រទេស​ទំាង​ពីរ​បាន​ធ្វើ​កិច្ច​ការ​ជាច្រើន​រួម​គ្នា។​ លោក​ជំទាវ​ឯក​អគ្គ​រដ្ឋ​ទូត​ លើក​ឡើង​ថា ​លោក​ជំទាវ​មាន​កិត្តិយស​ណាស់ ​ដែល​បាន​បំពេញ​បេសក​កម្ម​ការ​ទូត​នៅ​កម្ពុជា​ និង​បាន​សន្យា​ថា ​នឹង​ខិត​ខំ​ជំរុញ​លើក​កម្ពស់ ​ចំណង​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិប្រ​ទេស​ទំាង​ពីរ​ឲ្យ​កាន់​តែ​រឹង​មាំ​ឡើង​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំរិន ​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋសភា​កម្ពុជា​ពេញ​ចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ ​រវាង​រដ្ឋាភិបាល ​នៃ​ប្រទេស​ទាំង​ពីរ​ ដែល​បាន​នាំម​ក​នូវ​ផល​ប្រយោជន៍​ប្រទេស​ទាំងស​ង​ខាង​ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច ​និង​ការ​គាំទ្រ​គ្នាទៅវិញ​ទៅ​មក​នៅលើ​ឆាក​អន្តរជាតិ​។ ​រដ្ឋសភា​កម្ពុជា​គាំទ្រ​បេសក​កម្ម​ការ​ទូត​របស់ ​លោ​កជំទាវ​ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ហើយ​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ពេញ​លេញ​ ដើម្បី​ឱ្យ​ការងារ​ការ​ទូត​របស់​លោក​ជំទាវ​ប្រចាំ​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ ​៕