អាមេរិក​​នឹង​ស្វែង​រក​ជំនួយ​​ពី​អង្គការ​ណា​តូ​បន្ថែម​ទៀត​ដើម្បី​បង្ក្រាប​ក្រុម​រដ្ឋ​អ៊ីស្លាម​

111

អាមេរិក៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក ម៉ាក អេស្ពឺ បាន​និយាយ​​កាល​ពី​ថ្ងៃ​អង្គារ​​ថា ​លោក​កំពុង​សម្លឹង​​មើល​សម្ព័ន្ធ​មិត្ត​​អង្គការ​ណា​តូ​ ដើម្បី​ជួយ​បង្ក្រាប​ក្រុម​ជ្រុល​និយម​​រដ្ឋ​អ៊ីស្លាម​​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​នៅ​​ក្នុង​​ការ​ជំរុញ​​ដល់​កិច្ច​​ខិតខំ​ប្រឹង​ប្រែង​ការពារ​ជាតិ​អាមេរិក​ នៅ​តំបន់​មជ្ឈិមបូព៌ា​​ឲ្យ​បាន​ទូ​លំ​ទូលាយ​ថែម​ទៀត។

នៅ​ក្នុង​​បទ​សម្ភាសន៍​មួយ ខណៈ​​ហោះ​ហើរ​ទៅ​កាន់​​ទីក្រុង​​ប៊្រូសសែល​ ដើម្បី​ចូល​រួម​​ក្នុង​កិច្ច​​ប្រជុំ​ក្រុម​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​​អង្គការ​ណាតូ លោក អេសស្ពឺ បាន​ប្រាប់​​ក្រុម​អ្នក​យក​ព័ត៌មាន​ថា លោក​ចង់​ឲ្យ​​ប្រទេស​ជា​សមាជិក​អង្គការ​ណាតូ​​ធ្វើ​ការងារ​បន្ថែម​​ទៀត​ ដើម្បី​​​ជួយ​ដល់​កង​កម្លាំង​សន្តិសុខ​​របស់​ប្រទេស​អ៊ីរ៉ាក់​។ ​លោក​បាន​បន្ត​​ទៀត​ថា នៅ​ពេល​ដែល​គេ​បាន​ដាក់​កង​កម្លាំង​បន្ថែម​ទៀត​ទៅ​ក្នុង​ប្រទេស​នេះ អនុញ្ញាត​ឲ្យ​​យើង​កាត់​បន្ថយ​​បន្ទុក​ការងារ​យោធា​អាមេរិក​នៅ​ទី​នោះ​​បាន​មួយ​កម្រិត។ ​លោក​ អេសស្ពឺ បាន​រិះ​រក​មធ្យោបាយ​​ដើម្បី​កាត់​បន្ថយ​វត្តមាន​ កង​ទ័ព​​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ដើម្បី​មាន​​លទ្ធភាព​​បញ្ជូន​ទាហាន​​មួយ​ចំនួន​ ត្រឡប់​​ទៅ​កាន់​មាតុ​ភូមិ​វិញ ដែល​​ផ្ដោត​លើ​បញ្ហា​ប្រឈម​រយៈ​ពេល​វែង​ ជា​ពិសេស​​ពី​ប្រទេស​ចិន។

ស្រដៀង​គ្នា​នេះ​ដែរ​​លោក​កំពុង​ពិចារណា​ ​ក្នុង​ការ​ដក​កង​ទ័ព​មួយ​ចំនួន​ចេញ​ពី​តំបន់​អាហ្វ្រិក។ បច្ចុប្បន្ន​​អាមេរិក​មាន​កង​ទ័ព​​ប្រហែល ៥ពាន់​នាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​មាន​​កង​ទ័ព​​ប្រហែល ១ម៉ឺន ២ពាន់​នាក់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​អស់​រយៈ​ពេល​ជាង ១៨ឆ្នាំ​មក​ហើយ បន្ទាប់​ពី​អាមេរិក​​បាន​លុក​លុយ​ទៅ​ក្នុង​ប្រទេស​នេះ​ ដើម្បី​ផ្ដួល​រំលំ​ក្រុម​តាលីបង់៕​​

អត្ថបទ៖ រិទ្ធី