ស្វី​ស សន្យា​នឹង​នាំ​ក្រុមហ៊ុន​ធំៗ ឲ្យ​មក​ស្វែងយល់ ពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា​

114

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​ស្វី​ស​ថ្មី​ប្រចាំ​កម្ពុជា សន្យា​នៅ​ចំពោះ​មុខប្រមុខ​ការទូត​កម្ពុជា​ថា ស្វី​ស​នឹង​នាំ​ក្រុមហ៊ុន​ធំ​ៗ របស់​ប្រទេស​ស្វី​ស មក​សិក្សា​ស្វែងយល់​ពី សក្ដានុពល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​

ការ​ថ្លែង​របស់លោក​ជំទាវ Helene Budliger Artieda ឯកអគ្គរដ្ឋទូត​ថ្មី ​នៃ​សហព័ន្ធ​ស្វី​ស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើឡើង​ក្នុងជំនួប​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និ​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១២ កុម្ភៈ​ ឆ្នាំ​២០២០​នេះ​។ នេះ​បើ​យ​យោង​តាម ឯកឧត្តម កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​។

ឯកឧត្ដម​ កុយ​ គួ​ង​ បាន​បញ្ជាក់ថា ឯកអគ្គរដ្ឋទូត​ស្វី​ស នឹង​ខិតខំ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​កើន​ឡើង ដោយ​បាន​សន្យា​ថា នៅក្នុង​ឆ្នាំ​២០២០​នេះ​លោកជំទាវ​នឹង​ដឹកនាំ​ប្រធាន​ក្រុមហ៊ុន​ធំៗ របស់​ស្វី​ស​ចូលមក​កម្ពុជា ដើម្បី​ពិនិត្យមើល សក្ដានុពល​ផ្នែក​វិនិយោគ​។​

ឯកឧត្តម កុយ គួ​ង បាន​គូស​បញ្ជាក់​ទៀតថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ស្វី​ស មាន​លក្ខណៈ​ឡើង​ចុះ ជាក់ស្ដែង​នៅ​ឆ្នាំ​២០១៧ មាន​ប្រមាណ ២០​លាន​ដុល្លារ ឆ្នាំ​២០១៨ កើនឡើង​ដល់​ជាង ១០០​លាន​ដុល្លារ ហើយ​ឆ្នាំ​២០១៩ ក៏បាន​ធ្លាក់ចុះ​បន្តិចបន្តួច​វិញ​។

ក្រៅពី​ការ​ជំរុញ​ផ្នែក​ពាណិជ្ជកម្ម អ្នកនាំពាក្យ​រូប​នេះ​បន្ថែមថា ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ រដ្ឋាភិបាល​ស្វី​ស បាន​ផ្ដល់ជំនួយ ដល់​កម្ពុជា​សម្រាប់​វិស័យ​ដោះមីន ប្រ មាណ​ជា ៣,៤៥​លាន​ដុល្លារ ។ ស្វី​ស នឹង​បន្ត​ផ្ដល់​ជំនួយ​ប្រមាណ ៦​លាន​ដុល្លារ សម្រាប់​វិស័យ​ដោះមីន ចាប់ពី​ឆ្នាំ​២០២០២០២៥ ។​

ទន្ទឹម​នឹង​ឯកអគ្គរដ្ឋទូត​ស្វី​ស បាន​ឱ្យដឹង​ទៀត​ថា រដ្ឋាភិបាល​ស្វី​ស​នៅតែ​បន្ត​គាំទ្រ និង​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា តាម​គម្រោង​ទឹកប្រាក់ ដែល​រដ្ឋាភិបាល​ស្វី​ស ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ មាន​ប្រហែល ១២​លាន​ដុល្លារ (​ក្នុងនោះ ​មួយឆ្នាំ ស្វី​ស​ផ្ដល់​ឲ្យ ៤​លាន​ដុល្លារ​)​

គិត​ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៨ រដ្ឋាភិបាល​ស្វី​ស បានផ្ដល់​ជំនួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ប្រមាណ​ជា ៦០​លាន​ដុល្លារ​។​

ឯកឧត្ដម ប្រាក់ សុខុន បាន​ជម្រាប​ជូន​លោកស្រី​ទូត​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្តធ្វើ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ដំណើរ​រហូត ជាពិសេស​ពង្រីក​វិសាលភាព ឲ្យ​កាន់តែ​ធំ​ថែមទៀត​។ លើសពីនេះ ក្នុង​មួយឆ្នាំ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ចូលរួម​វិភាគទាន ៥​លាន​ដុល្លារ ដើម្បី​ចូលរួម​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​កាកបាទក្រហមកម្ពុជា ក៏បាន​ចូលរួម​វិភាគទាន ១​លាន​ដុល្លារ​ផងដែរ ៕