អាល្លឺម៉ង់ ផ្តល់​ទឹកប្រាក់ ៩.៣៥ លាន​អឺរ៉ូ សម្រាប់​គម្រោង​អាទិភាព​បី​នៅ​កម្ពុជា​

141

ភ្នំពេញ៖ អាល្លឺម៉ង់​ផ្តល់​ទឹកប្រាក់​ចំនួន ៩.៣៥ លាន​អឺរ៉ូ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​អង្គភាព​គយ និង​រដ្ឋាករ សម្រាប់​សម្របសម្រួល​ពាណិជ្ជកម្ម និង​ស្តង់ដារ​, ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​កែលម្អរ​ការអនុវត្តន៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា និង​ការ​លើ​ក​កម្ពស់​ការ​ចូលរួមរ​បស់​វិស័យ​ឯកជន ជាពិសេស​គឺ​សហ​គ្រា​ធុន​តូច និង​មធ្យម​(SMEs)

លោកស្រី Christine Bower ជា​ប្រធាន​គម្រោង​គាំទ្រ​ធ្វើ​សមាហរណកម្ម​តំបន់​អាស៊ាន​-​ជំនួយ​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​កម្ពុជា បាន​លើកឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ថា គម្រោង ARISE Plus Cambodia ជា​ផ្នែក​មួយ​នៃ​កម្មវិធី​គាំទ្រ​ការ​ធ្វើ​សមាហរណកម្ម​ក​ម្ពុ​ជា​ថ្នាក់​តំបន់ ដោយ​ទទួល​បាន​ការផ្តល់​សហ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប និង​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ប្រទេស​អាល្លឺម៉ង់ ដែល​អនុវត្តន៍​ដោយ​អង្គការ GIZ អាល្លឺម៉ង់​មាន​គោលបំណង​ដើម្បី​គាំទ្រ ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ឲ្យ​បាន​ធំធេង​ថែមទៀត នៃ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន តាមរយៈអនុវត្តតាម​ផែនការ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ ២០២៥ និង​ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​។​

លោកស្រី Christine Bower បន្តថា តាមរយៈ​គម្រោង​នេះ ភ្នាក់ងារ​ដែល​ដឹកនាំ​អនុវត្តន៍​គម្រោង គឺ​ក្រសួងពាណិជ្ជកម្ម ចំណែក​អ្នកទទួលផល​របស់​គ​ម្រោ​ង​រួមមាន​៖ ក្រសួងពាណិជ្ជកម្ម​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ព្រមទាំង​ស្ថាប័ន​សាធារណៈ និង​ឯកជន​ផ្សេង​មួយ​ចំនួនទៀត​, ក្នុង​នោះ បាន​ផ្តោតទៅលើ​ការអនុវត្តន៍​គម្រោង​សំខាន់ៗ​រួមមាន​៖ ការធ្វើ​ឲ្យ​ប្រ​សើរ​ឡើ​ង​អង្គភាព​គយ សម្រាប់​ការសម្របសម្រួល​ពាណិជ្ជកម្ម និង​ស្តង់ដារ​, ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​កែ​លំ​ម្អ​រ​ការអនុវត្តន៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា និង​ទី​លើក​កំពស់​ការចូលរួម​រប​ស់​វិស័យ​ឯកជន ជាពិសេស​គឺ​សហ​គ្រា​ធុន​តូច និង​មធ្យម (SMEs) សម្រាប់​គម្រោង​ទាំងបី​ខាងលើនេះ មាន​ទំហំ​ទឹកប្រាក់​ចំនួន ៩.៣៥ លាន​អឺរ៉ូ ដែល​នឹង​អនុវត្តន៍​គម្រោង​ចាប់ផ្តើម​ពី​ខែមករា ឆ្នាំ​២០១៩ ដល់​ខែ មិថុនា ឆ្នាំ​២០២៣ ។​

​​​ក្នុងជំនួប​នេះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែងថា ពាក់ព័ន្ធ​នឹង​ការអនុវត្តន៍​គម្រោង​ខាងលើ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា ក្នុង​នោះ ​គម្រោង​ដែល​កំពុង​អនុវត្តន៍​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម គឺ​គម្រោង​ស្តីអំពី​ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ ក្នុង​ផែនការ​សកម្មភាព​ជាច្រើន ជាពិសេស​ទាក់ទង​និង​ការចុះបញ្ជី​សហគ្រាស​ធុន​តូច និង​មធ្យម តាម​ប្រព័ន្ធ Online, និង​គម្រោង ​ស្តីអំពី​ការ​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ជាតិ តាម​ប្រព័ន្ធ Online សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​សមាជិក​អាស៊ាន និង​អាល្លឺម៉ង់ ដើម្បី​លើក​កំពស់​ឲ្យ SME ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ សម្រាប់​ការចូល​ទីផ្សារ​ស្វែងរក​ដៃគូ​អាជីវកម្ម និង​ជំរុញ​ខ្សែរ​ចង្វាក់​តម្លៃ​ជា​ដើម​។​

ដោយឡែក​គម្រោង​ក្នុង​ប្រធានបទ​ពិភាក្សា (ARISE Plus Cambodia) នេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ពាក់ព័ន្ធ និង​គោលដៅ​ទី​៣ ស្តី​ពី​ការលើកកម្ពស់​ការចូល​រួម​របស់​វិស័យ​ឯកជន ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​គោលដៅ​សំខាន់​ជំរុញ​ការ​ធ្វើសមាហរណកម្ម វិស័យ​ឯកជន​របស់​កម្ពុជា ចូល​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ក្នុង​តំបន់​ផងដែរ​។

ឯកឧត្ដម​កិត្តិ សេដ្ឋា​បណ្ឌិត ស្នើសុំ​លើ​ចំណុច​មួយ​ចំនួន​ដូចជា​៖ ការ​ជំរុញ​អនុវត្ត​គម្រោងការ​ចុះបញ្ជី​សហគ្រាស​ធុន​តូច និង​មធ្យម តាម​ប្រព័ន្ធ​Online ឲ្យ​បានជា​អតិបរមា​, កិច្ច​សម្រួល​ពាណិជ្ជកម្ម​, ការ​ផ្តល់​សារៈសំខាន់​ទៅ​លើបញ្ជរ​ជាតិ​តែមួយ​របស់​ប្រទេស​កម្ពុជា​, ការអភិវឌ្ឍន៍​ប្រអប់​ផ្ទុក​ទិន្នន័យ សម្រាប់​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគ្រិន ស្វែងយល់​ពី​ច្រក​ចូល​ទីផ្សារ និង​តារាង​អត្រា​ពន្ធគយ​ជា​ដើម និង​ការ​ជួយ​បណ្ដុះបណ្ដាល​ធុន​ធាន​មនុស្ស ការផ្ទេរ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​ឲ្យ​ស្រប​និង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​៤ ផង​ដែរ​៕​