ទីក្រុង​ប៉េកាំង​បង្កើន​វិធានការ​គ្រប់​គ្រង​​ជំងឺ​ ខណៈ​អ្នក​ឆ្លង​វីរុស​ឡើង​ដល់​ ៦០០៦៣នាក់

148

ចិន៖ ប្រទេស​ចិន​កំពុង​បង្កើន​វិធានការ​ទប់ស្កាត់​ ការ​រីក​រាលដាល​បន្ថែម​ទៀត​នៃ​វីរុស​ថ្មី​ដ៏​កាច​សាហាវ ​នៅ​ក្នុង​សហគមន៍​លំនៅឋាន ខណៈ​ដែល​ប្រជាពលរដ្ឋ​វិលត្រឡប់​ទៅកាន់​លំនៅឋាន​វិញ​ បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ត្រូវ​បាន​បន្ថែម​ពេលវេលា​។ នៅ​ទីក្រុង​ប៉េកាំង រដ្ឋាភិបាល​បាន​ស្នើ​សុំ​តំបន់​លំនៅឋាន ​និង​ភូមិ​នានា​ឲ្យ​អនុវត្ត​ការគ្រប់គ្រង​ឲ្យ​បាន​តឹងរ៉ឹង​ ដោយ​ស្នើ​ឱ្យ​ប្រជាជន ​និង​យានយន្ត​ចេញចូល​ដោយមាន​លិខិតបញ្ជាក់​។

កាលពី​ថ្ងៃ​ពុធ​បុគ្គលិក​សហគមន៍​បាន​ផ្ដល់​ប័ណ្ណ​ពិសេស​ ដែល​អនុញ្ញាត​ឲ្យ​ចូល​សម្រាប់​អ្នក​រស់​នៅ​ក្នុង​បរិវេណ​មួយ ​នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​នេះ។​ មន្ត្រី​សន្តិសុខ​បាន​វាស់​សីតុណ្ហភាព​របស់​មនុស្ស​ មុន​ពេល​អនុញ្ញាត​ឱ្យ​ពួកគេ​ចូល​ទៅ​ក្នុង​បរិវេណ​របស់​ខ្លួន​។​ បុគ្គលិក​សហគមន៍​បាន​និយាយ​ថា​ មាន​អគារ​លំនៅឋាន​​ជាង ៦០០​ល្វែង​នៅ​ក្នុង​បរិវេណ ហើយ​អគារ​លំនៅឋាន​នីមួយៗ​ត្រូវ​បាន​ផ្ដល់​កាត ​២​សន្លឹក​។​ ប្រជាពលរដ្ឋ​ត្រូវតែ​បង្ហាញ​កាត​ពិសេស​នេះ​ដល់​សន្តិសុខ​នៅ​ពេល​ចូល​។ ចំណែក​ក្រុម​អ្នក​ចូល​ទៅ​កម្សាន្ត ត្រូវតែ​ចុះឈ្មោះ​នៅ​ច្រក​ចូល​ ហើយ​រង់ចាំ​ទទួលយក​កាត​៕

អត្ថបទ៖ សុខ​មាន