អាមេរិក​ និង​WHO អរគុណ​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍ Westerdam ចូល​សំចត​

137

ភ្នំពេញ៖ អាមេរិក និង​អង្គការ​សុខភាព​ពិភពលោក WHO បាន​ថ្លែងអំណរគុណ​កម្ពុជា ដែល​បាន​អនុញ្ញាត​ឱ្យ នាវា​ទេសចរណ៍​អន្តរជាតិ Westerdam ដែលមាន​ភ្ញៀវ​ទេសចរណ៍​ជាង​ពីរពាន់​នាក់​ចូល​សំចត ខណៈ ប្រទេស​ដទៃបាន​បដិសេធ ក្រោយ​ហេតុផល​ខ្លាច​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​។​

រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ នេះ បាន​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​អន្តរជាតិ ខ្នាត​ធំ​មួយ​គ្រឿង ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ហូ​ឡង់​កាត់​អាមេរិក និង​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែល​ផ្ទុក​មនុស្ស​ជាង​២២០០​នាក់ ចូល​សំចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ក្រោយពី​ប្រទេស និង​កោះ​ចំនួន ៦ បាន​បដិសេធ​មិន​ឲ្យ​នាវា​ដ៏​ធំ​មួយ​នេះ​ចូល​ចត ដោយសារ​ភ័យខ្លាច​អ្នកដំណើរ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី​។

ការអនុញ្ញាត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ចូល​សំចត​នេះ បន្ទាប់ពី​មានការ​ធានា​ច្បាស់លាស់​ពី​អ្នក​គ្រប់ គ្រង​នាវា​ទេសចរណ៍ Westerdam ថា មនុស្ស​ទាំងអស់​លើ​កប៉ាល់ មិន​មាន​អ្នកណាម្នាក់​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ Covid-19 នោះទេ​។​

បន្ទាប់ពី​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍ Westerdam ចូល​សំចត រដ្ឋាភិបាល​អាមេរិក តាមរយៈ​ស្ថាន ទូត​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា និង​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ថ្លែងអំណរគុណ ចំពោះ​ក្ដី​មេត្តា​ធម៌​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជាពិសេស​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេ ជោ ហ៊ុន សែន​។ ការចូលរួម​របស់​ក​ម្ពុ​ជា ជា​កាយវិការ បង្ហាញ​ពី​សាមគ្គីភាព ខណៈ​ពិភពលោក​កំពុង​ជួប វិបត្តិ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការដែល​អនុញ្ញាត​ឲ្យ​នាវា​នេះ​ចូល​ចត គឺ​ដើម្បី​ចង់​លុបបំបាត់ ការ​ភ័យ​ក្លាយ​របស់​មនុស្ស​លើ​ពិភព​លោក ទាក់ទង​នឹង​ជំងឺ​ដែល​បណ្ដាលមកពី​មេរោគ​កូ​រ៉ូ​ណា​ថ្មី​នេះ ខណៈ ដែល​នាវា​នេះ ត្រូវ​បាន​ពិភពលោក​បដិសេធ​មិន​ឲ្យ​ចូល​ចត់​នោះ​។​

សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់ថា ««​ហេតុអ្វី​ត្រូវ​សម្រេច​អនុញ្ញាត​ឲ្យ​នាវា​នេះ​ចូល​ចត តើ​ត្រូវ​ឲ្យ​ពួក គេ​ទៅណា បើ​គេ​បាន​បិទ​អស់ហើយ​។ ការ​អនុញ្ញាត​ឲ្យ​ចូល​នេះ បង្ហាញ​ពី​ការលុបបំបាត់​នូវ​ជំងឺ​ភ័យខ្លាច ដែល​កំពុង​កើតមាន​នៅលើ​ពិភពលោក នេះ ហើយ​កម្ពុជា គ្មាន​ឡើយ​ការរើសអើង​ពូជសាសន៍ ត្រូវតែ​ចូល រួម​សង្គ្រោះ​ក្នុង​កិច្ចការ​មនុស្សធម៌ ខណៈ ពួកគេ​កំពុង​ជួប​គ្រោះអាសន្ន​»​។​

សម្តេច​តេ​ជោ បានបញ្ជាក់​បន្ថែមថា «​ការជួយ​សង្គ្រោះ​មិនត្រូវ​ខ្វល់​ពី​ជាតិ​សាសន៍ ដើម្បី​បង្ហាញ​ពី ការងារ​មនុស្សធម៌​ដ៏​ប្រពៃ និង​សណ្តាន​ចិត្ត​របស់​កម្ពុជា សម្រាប់​មនុស្ស​លើ​ពិភពលោក ក្នុងការ​យកអាសារ សម្រាប់​ជាតិ​សាសន៍​ដទៃ​។

ការអនុញ្ញាតឱ្យ​ចត​នេះ ក៏​ចង់​បង្ហាញថា កម្ពុជា មិនមែន​គ្រាន់តែ​សហការ ជាមួយ​ចិន​នោះទេ គឺ​ធ្វើ​ជាមួយ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ព្រោះ​បញ្ហា​នេះ វា​ក្លាយជា​បញ្ហា​ប្រឈម​ជា សកល​រួចទៅហើយ និង​ម្យ៉ាងទៀត បញ្ហា​មនុស្សធម៌ ក៏​គ្មាន​ព្រំដែន​ដែរ​។ ត្រូវតែ​ជួយ​ពួកគេ នៅពេល ដែល ពួកគេ​ត្រូវការ​ជំនួយ ហើយ​ត្រូវតែ​ជួយ​គេ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​» ៕​