អូស្ត្រាលី​នឹង​បន្ត​ជួយ​គាំទ្រ និង​ជួយ​កៀរគរ​អ្នកវិនិយោគ ឲ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា​

110

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ថ្លែង​ឲ្យ​ដឹង​ថា ប្រទេស​អូស្ត្រាលី​នឹង​បន្ត​ជួយ​គាំទ្រ និង​កៀរគរ​អ្នកវិនិយោគទុន​អូស្ត្រាលី មក បណ្ដាក់ទុន​វិនិយោគ​បន្ថែម​នៅ​កម្ពុជា បច្ចុប្បន្ន​វិនិយោគិន​អូស្ត្រាលី​ទាំងនោះ កំពុង​ចំណាប់អារម្មណ៍​ទៅលើ​ការវិនិយោគ វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការ​បណ្ដុះបណ្ដាល និង​អប់រំ​ជាដើម​។​

ឯកឧត្ដម Pablo Chiho Kang ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា បាន​លើកឡើង​នៅ​ក្នុង​ជំនួប​ជាមួយ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ​ថា កម្ពុជា​បាន​ផ្លាស់ប្តូរ​ការអភិវឌ្ឍន៍​គួរ​ឲ្យ​កត់សម្គាល់ នា​បរិការណ៍​បច្ចុប្បន្ន ជាមួយ​ការអភិវឌ្ឍ និង​មាន​សុខសន្តិភាព​ពេញលេញ​, ដែល​សមិទ្ធផល​ទាំងនេះ បាន​កើត​ឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្ទាល់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការ​ដាក់ចេញ​និង​អនុវត្ត​នូវ​កិច្ចការ​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​យ៉ាង ចាប់​តាំងតែ​ពី​ដើម​នីតិកាល​ទី​៥ ក្នុងនោះ​បានធ្វើ​ឲ្យ​មូលដ្ឋាន​នៃ​សេដ្ឋកិច្ចជាតិ​មាន​លក្ខណៈ​រឹងមាំ និង មាន​សន្ទុះ​ខ្លាំងក្លា​, ការ​កៀរគរ​ចំណូល​ប្រកបដោយ​ប្រសិទ្ធិភាព ការចំណាយ​ទៀតសោត​មាន​តម្លាភាព ដែល​កត្តា​ទាំងនេះ​បានធ្វើឱ្យ​កម្ពុជា​សម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ​។​

​​​ឯកឧត្ដម បញ្ជាក់​បន្ថែម​ថា ឈរលើ​ហេតុផល​ពិត​នៃ​ការអភិវឌ្ឍ​ទាំងនេះ​, អូស្ត្រាលី​នឹង​បន្ត​ជួយ​គាំទ្រ ក៏ដូចជា បង្ហាញ​ការពិត ពី​កិច្ចអភិវឌ្ឍន៍​នៅ​កម្ពុជា​បន្តទៀត ដើម្បី​ជំរុញ​ឱ្យ​វិនិយោគិន​អូស្ត្រាលី​មក​បណ្តាក់​ទុនវិនិយោគ​បន្ថែម។

បច្ចុប្បន្ន​វិនិយោគិន​អូស្ត្រាលី​ជាច្រើន​កំពុង​ចំណាប់អារម្មណ៍ ទៅលើ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​វិស័យ​សេវាកម្ម​រួមមាន​៖ ទេសចរណ៍ និង​ការ​បណ្តុះបណ្តាល និង​អប់រំ​ជាដើម​។ ចំពោះ​វិស័យ​អប់រំ​វិញ សម្រាប់ ឆ្នាំ​២០២០​នេះ មាន​និស្សិត​កម្ពុជា ចំនួន​ប្រមាណ ៣០០០ នាក់ បាន​ចុះឈ្មោះ​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ទាំង​និស្សិត ទទួល​អាហារូបករណ៍ និង​បង់ថ្លៃ​ផងដែរ ។​

​​​ក្នុង​ជំនួប​នេះ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​គូស​រំលេច​ពី​គុណបំណាច់​ដ៏​ឧត្ដុង្គឧត្ដម របស់ រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ចាប់​តាំងពី​ការជួយ​ដល់​ដំណើរ​ការកសាង សន្តិភាព រហូតដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុង​នោះ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ត្រូវ​បាន​លើកកម្ពស់​ឥត​ឈប់ឈរ ដែល​បាន​នាំមក​នូវ​សមិទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ជាច្រើន​អនេក​៕​