ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-អាស៊ាន មាន​ទឹកប្រាក់​ជាង ៩ ពាន់​លាន​ដុល្លារ​អាមេរិក​

114

ភ្នំពេញ៖ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា នឹង​អាស៊ាន មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជាង ៩.៤២០ លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អាស៊ាន មាន​ចំនួន​ទឹកប្រាក់​ជាង ២.២៩៩ លាន​ដុល្លារ និង​នាំចូល​ពី​អាស៊ាន មាន​ទំហំ​ទឹកប្រាក់​ជាង ៧.១២០ លាន​ដុល្លារ​អាមេរិក​ផង​ដែរ​។​

ឯកឧត្ដម ប៊ុន ច​ន្ធី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម នៅ​ក្នុង​សិក្ខាសាលា ស្តីពី​សក្ដានុពល​នាំចេញ ពី​ប្រទេស​កម្ពុជា​, ឡាវ​, មី​យ៉ាន់​ម៉ា និង​វៀតណាម ទៅ​ប្រទេស​ជប៉ុន និង​ខ្សែសង្វាក់​តម្លៃ​សកល ក្នុង​វិស័យ​វាយនភណ្ឌ និង​ឧស្សាហកម្ម​សំលៀកបំពាក់ នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ជុំវិញ​និង​ការ​អភិឌ្ឍន៍ ជាពិសេស​ការវិនិយោគ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​ជា​បន្ត នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​ពង្រឹង និង​ជំរុញ​កំណើន​សេដ្ឋកិច្ច ប្រកប​ដោយ​ការប្រកួតប្រជែង ក្នុង​របត់​ទីផ្សារ​ពិភពលោក ក្នុងនោះ ​កម្ពុជា​កំពុង​ឈាន​ចូល​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ឌីជីថល ៤.០ និង​ជំរុញ​ធ្វើ​ពិពិធ​កម្ម​ក្នុង​ខ្សែ​ផលិត​ផលកម្ម​ផ្សេងៗ​ទៀតផង​ដែរ។

​​​ឯកឧត្ដម បន្តថា ទាក់ទង​និង​ការវិនិយោគ​នៅក្នុង​ទីផ្សារ​អាស៊ាន ក្នុង​ឆ្នាំ​២០១៩ កន្លង​មកនេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា នឹង​អាស៊ាន មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជាង ៩.៤២០ លាន​ដុល្លារ​អាមេរិក ក្នុង​នោះ ​កម្ពុជា​នាំចេញ​ទៅកាន់​អាស៊ាន ក្នុង​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជាង ២.២៩៩ លាន​ដុល្លារ​អាមេរិក និង​ការ​នាំ​ចូល​ពី​អាស៊ាន​មក​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៧.១២០ លាន​ដុល្លារ​អាមេរិក​ផង​ដែរ​។​

​​​ចំណែក​ឡែក ការ​ញ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​កម្ពុជា​-​ជប៉ុន ជប៉ុន​វិញ នៅ​ឆ្នាំ​២០១៨ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១.៥៨៨ លាន​ដុល្លារ​អាមេរិក ក្នុង​នោះ ​កម្ពុជា​បាន​នាំ​ចេញទៅ​ជប៉ុន លើ​ទំនិញ​សក្ដានុពល​មួយ​ចំនួន ដូចជា​៖ សម្លៀកបំពាក់ ស្បែកជើង ខ្សែ​អ៊ី​សូ​ឡង់ និង​បរិក្ខារ​អគ្គិសនី​ជាដើម ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១.០៧៩ លាន​ដុល្លារ​អាម​រិ​ក​, ដោយឡែក​ការនាំ​ចូល​ពី​ប្រទេស​ជប៉ុន​វិញ រួមមាន​ទំនិញ​សក្ដានុពល​ដូចជា​៖ យានយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក សំបក​កង់ និង​ផលិតផល​ប្លា​ស្ទិ​ច​ជាដើម ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៥០៩ លាន​ដុល្លារ​អាមេរិក​ផង​ដែរ​៕​