កម្ពុជា​ស្វាគមន៍​នា​វា​ទេសចរណ៍ MS Westerdam សហរដ្ឋ​អាមេរិក​ចូល​ចត​

206

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​កម្ពុជា បាន​ស្វាគមន៍​នាវា​ទេសចរណ៍​ដ៏​ធំ​មួយ​ឈ្មោះថា MS Westerdam របស់​សហរ​ដ្ឋ​អាមេរិក ដែលមាន​ទេសចរ​ជាង​២,២៥៧​នាក់ ដែល​នៅ​ថ្ងៃទី ១៣ កុ​ម្ភៈ​ព្រឹក​នេះ ​បាន​ចូល​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ​។

នាវា​ទេសចរណ៍​អាមេរិក​ដ៏​ធំ​នេះ ​បាន​ស្នើ​សុំ​ចុះចត​នៅ​តាម​ប្រទេស​និង​កោះ​ចំនួន​៦ មក​ហើយ តែ​ត្រូវ​បាន​បដិសេធ​មិនអោយ​ចូល​ចត ដោយសារ​ភ័យខ្លាច​មាន​អ្នកដំណើរ​មាន​ផ្ទុក​មេរោគ​កូ​រ៉ូ​ណា​ថ្មី ដែល​ពេលនេះ​មានឈ្មោះ​ជា​ផ្លូវការ​ថា កូ​វីដ​១៩ (Covid-19)។ ដើម្បី​ធានា​សុវត្ថិភាព​ទាំង​អស់គ្នា គឺ​មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល​ បាន​ធ្វើការ​ពិនិត្យ​អាការៈ​សុខ​ភាព​របស់​អ្នកដំណើរ​ទាំងអស់​មុន​ពេល​អនុញ្ញាត​អោយ​ចេញ​ក្រៅ​នាវា​។​

សម្តេច​តេ​ជោ ហ៊ុន សែន មានការ​អាណិត​ស្រណោះ ​អ្នក​ធ្វើដំណើរ​រាប់ពាន់នាក់​ដែល​រួមមាន​ទាំង​មនុស្ស​ចាស់ ស្ត្រី និង​កូនក្មេង ដែល​កំពុង​ជាប់​នៅ​ក្នុង​នាវា​ដ៏​ធំ​នេះ​។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា កម្ពុជា​មិន​មែនជា​ប្រទេស​អ្នកមាន​ទេ ប៉ុន្តែ​ កម្ពុ​ជា​មាន​បេះដូង​ទូលាយ ជាមួយ​ទឹកចិត្ត​ប្រោសប្រណី​មិន​រើសអើង​ពូជសាសន៍ ហើយ​ការ​ជួយ​គ្នា​ជាពិសេស​ក្នុង​គ្រា​មាន​អាសន្ន​បែបនេះ ​គឺ​គ្មាន​កម្រិត​លើ​ពូជសាសន៍ ឬ​កម្រិត​លើ​ព្រំដែន​ឡើយ​។

នៅ​ក្នុង​ស្ថានភាព​បែបនេះ គឺ​យើង​ត្រូវ​រួមគ្នា​ផ្តល់​នូវ​ក្តី​ស្រឡាញ់ ជំនឿ ទំនុក​ចិត្ត និង​ភាព​កក់ក្តៅ​ដល់​អ្នក​ធ្វើដំណើរ​កុំ​អោយ​ភ័យ​តក់ស្លុត​អស់សង្ឃឹម​។

បើ​មិន​ជួយ​ពួកគេ បើ​មិន​ឲ្យ​នាវា​នេះ​ចូល​ចត តើ​ត្រូវ​ឲ្យ​ពួកគេ​ទៅណា បើ​ប្រទេស​មួយ​ចំនួន​នោះគេ​បាន​បិទ​អស់ហើយ​។ សម្តេច​តេ​ជោ​ បានបញ្ជាក់​ជាច្រើនលើក​ច្រើន​សារ​មក​ហើយ​ថា ជំងឺ​ពិតប្រាកដ​នា​ពេល​នេះ គឺ​ជំងឺ​ភ័យខ្លាច​លើស​លុប ដែល​មិន​មែនជា​ជំងឺ​កូ​រ៉ូ​ណា​ទេ​។

ពេលនេះ​ពិភពលោក​ បាន​ឃើញ​ច្បាស់​ហើយ​ថា កម្ពុជា​យើង​មិនមែន​គ្រាន់តែ​សហការ​ជាមួយ​មិត្ត​ចិន​ទេ គឺ​សហការ​ជាមួយ​គ្រប់​ជាតិ​សាសន៍​ទាំងអស់​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផងដែរ គឺ​យើង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ជាស​កល ហើយ​នេះ​ជា​សកម្មភាព​មនុស្សធម៌​ដ៏​ប្រពៃ​និង​គ្មាន​ព្រំដែន​ដែល​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

សូម​ជូនពរ​អ្នក​ធ្វើដំណើរ​ក្នុង​នាវា​ទាំងអស់​បាន​សម្រាក ទទួលទាន​ម្ហូបអាហារ និង​សប្បាយរីករាយ​នៅ​ពេល​បានមក​ដល់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​