អាជ្ញាធរ​ខេត្ត​ហ៊ូ​ប៉ី​៖ ​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​ថ្មី​ ១១៦​នាក់ ​និង​មាន​ការ​ឆ្លង​ថ្មី​ ៤.៨២៣​ករណី

102

ចិន៖ គណៈកម្មការ​សុខាភិបាល​ខេត្ត​បាន​និយាយ​ នៅ​លើ​គេហទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ចំនួន​អ្នក​បាត់​បង់​ជីវិត​ថ្មី​​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​ភាគ​កណ្ដាលរបស់​ប្រទេស​ចិន ​ដោយសារ​ការ​ផ្ទុះ​វីរុស​នេះ​បាន​កើន​ឡើង​ដល់ ១១៦​នាក់​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១៣ ខែ​កុម្ភៈម្សិលមិញ​។​

យោង​តាម​គេហទំព័រ​សារព័ត៌មាន ​​​worldometers.info​ ​បាន​ឲ្យ​ដឹង​ថា ​​​ចំនួន​​អ្នក​បាត់​បង់​ជីវិត​​​ទូទាំង​ពិភព​លោក​បាន​ឡើង​ដល់ ១៤៩១​នាក់​​ ​ខណៈ​ករណី​​ឆ្លង​​​ឡើង​ដល់ ​៦៥២៤៧​ករណី​ ​​និង​អ្នក​ជា​សះ​ស្បើយ​ឡើង​ដល់​ ៧០​៩៩​​នាក់។ ការ​ឆ្លង​ចំនួន ​៤.៨២៣​ករណី​ទៀត​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ហ៊ូ​ប៉ី​ ដែល​ជា​ចំណុច​កណ្ដាល​នៃ​ការ​ផ្ទុះ​ជំងឺ ​ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​ក្នុង​ខេត្ត​ឡើង​ដល់ ៥១៩៨៦​នាក់​។​ មួយថ្ងៃ​មុន​នេះ​ចំនួន​អ្នក​បាត់​បង់​ជីវិត​ដោយសារ​ការ​ផ្ទុះ​ជំងឺ COVID-19 ដ៏​សាហាវ​នៅ​ក្នុង​ប្រទេស​ចិន ​បាន​កើន​ឡើង​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ បន្ទាប់ពី​អាជ្ញាធរ​បាន​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​គណនា​របស់​ពួកគេ ​ដោយ​ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​ថា ​មាន​ការ​រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ការ​រាយ​ការណ៍​។​ ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​បាន​ព្យាយាម ​បំបាត់​ភាព​ភ័យខ្លាច​ផ្សេងៗ​ដោយ​និយាយ​ថា ចំនួន​ថ្មី​មិន​បាន​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ ​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​របត់​នៃ​ការ​ផ្ទុះ​ជំងឺ​នេះ​ទេ​៕

អត្ថបទ៖ សុខ​មាន