MCL ចាប់ផ្ដើម​ចុង​សប្ដាហ៍​នេះ ខណៈ​ប្រធាន​ក្រុម​អង្គ​រថា​យ​ហ្គឺ​រថា ​ក្រុម​ខ្លួន​នឹង​លេង​ទម្រង់​ថ្មី ​ហើយ​ខ្លាំង​ជាង​មុន​

110

បាល់ទាត់៖ ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០២០ នឹង​ចាប់ផ្ដើម​ប្រកួត​សប្ដាហ៍​ទី​១ នា​ចុង​សប្ដាហ៍​នេះ ពោល​គឺ​នៅ​ថ្ងៃ​ទី​១៥១៦ ខែ​កុម្ភៈដោយមាន ១៣​ក្រុម​ចូលរួម ខណៈ​ដែល​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កុម្ភៈ​ស្អែក​នេះ ក្រុម​យុវជន​អាយុ​ក្រោម ​១៨​ឆ្នាំ​សាលា​បាល់ទាត់​ជាតិ​បាទី ប្រកួត​ជាមួយ​ក្លិប​កង​យោធពល​ខេមរភូមិន្ទ​, វិសាខា​ត្រូវ​ជួប​នគរបាល​ជាតិ និង​មួយ​គូ​ទៀត​ភ្នំពេញ​ក្រោ​ន​ត្រូវ​ទទួល​ភ្ញៀវ​អគ្គិសនី​កម្ពុជា​។

ដោយឡែក​ការប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​១៦ ឯណោះ​វិញ គឺ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រត្រូវ​បើកទ្វារ​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ ដើម្បី​ទទួល​ក្រុម​បឹងកេត​, អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​ប៉ះ​គិរីវង់​សុខ​សែន​ជ័យ ខណៈ​ដែល​ក្រុម​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ស្វាគមន៍​ក្រុម​សូល​ទី​ឡូ​អង្គរ​។​ ទាក់ទង​នឹង​ការ​ត្រៀម​ខ្លួន​ក្នុង​រដូវ​កាល​ថ្មី​នេះ ប្រធាន​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ កីឡាករ ពៅ ភា​រិ​ទ្ធ បាន​អះ​អាង​ថា ខ្លួន​ និង​សមាជិក​រួម​ក្រុម​បាន​ត្រៀមលក្ខណៈ​រួចរាល់ ហើយ​នឹង​បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន ព្រោះ​កីឡាករ​ចាស់ៗ​ដែល​ជា​មិត្ត​រួម​ក្រុម ពោរពេញ​ដោយ​បទ​ពិសោធន៍ និង​មាន​កីឡាករ​វ័យក្មេង​តែ​មាន​គុណភាព​។​ ប្រធាន​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ដដែល​បាន​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០២០​នេះ ខ្លួន​ក៏ដូចជា​មិត្ត​រួម​ក្រុម​នឹង​លេង​នូវ​ទម្រង់​ថ្មី​មួយ​ដែល​គ្រូ​បង្វឹក​ដាក់​ឲ្យ ដែល​មាន​អំណោយ​ផង​ពី​ទីលាន​ស្មៅ​ធម្មជាតិ​ នៅ​ក្នុង​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​។ ភា​រិ​ទ្ធ​ថា ខ្លួន​ក៏​មាន​អ្វី​ថ្មី​មួយ​នឹង​បង្ហាញ​អ្នកគាំទ្រ​ឲ្យ​បាន​ឃើញ​ពី​ភាព​ខ្លាំង​របស់​ក្លិប​។​

គួរ​ដឹង​ដែរ​ថា កីឡាករ ពៅ ភា​រិ​ទ្ធ ជា​កីឡាករ​បាល់ទាត់​កម្ពុជា​ ដែល​មាន​បទពិសោធន៍​ច្រើនក្នុង​អាជីព​បាល់ទាត់ ធ្លាប់​លេង​ឱ្យ​ក្រុម​ក្រសួងការពារជាតិ​ឆ្នាំ​២០១៥​។ ក្រោយមក​គេ​បាន​ប្តូរ​ទៅលេង​នៅ Cambodian Tiger FC នៅ​រដូវ​កាល​២០១៧ និង​បាន​រួមរស់​ជាមួយ​ក្លឹប​ចំណូល​ថ្មី​វិសាខា អស់​រយៈពេល​កន្លះ​រដូវ​កាល​នៅ​ឆ្នាំ​២០១៨ ទើបបាន​សម្រេចចិត្ត​ត្រលប់​មក​រួមរស់​ជាមួយ​ក្លិប​ចាស់​របស់​ខ្លួន​វិញ និង​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​របស់​ក្លឹប​អង្គ​រថា​យ​ហ្គឺ​រ​៕