អ្នក​រស់​នៅ​លើ​​កោះ​សមុទ្រ​​អាហ្ស៊េ​អង់​តវ៉ា​អំពី​វិបត្តិ​​ជន​អន្តោប្រវេសន៍​

84

ក្រិក៖ អភិបាល​​ និង​អ្នក​រស់​នៅ​លើ​កោះ​ក្រិក​មួយ​ចំនួន ​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​ដោយ​វិបត្តិ​​ជន​ភៀស​ខ្លួន ​របស់​ប្រទេស​នេះបាន​តវ៉ា​​នៅ​កណ្ដាល​​ទីក្រុង​អាតែន​ ប្រឆាំង​នឹង​ផែន​ការ​របស់​រដ្ឋាភិបាល​​ក្នុង​ការ​កសាង ​​បណ្ដាញ​ជំរំ​ឃុំ​ឃាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ក្រុម​មន្ត្រី​​ និង​អ្នក​រស់​នៅ​​លើ​កោះ​ បាន​អំពាវនាវ​​ឲ្យ​មាន​​ការ​ប្រជុំ​ជាមួយ​រដ្ឋាភិបាល និង​បាន​សន្យា​ធ្វើ​បាតុកម្ម។ ​នៅ​លើ​កោះ​លេសបូស, កោះ​សាម៉ូស និង​កោះ ៣ផ្សេង​ទៀត​​នៅ​ភាគ​ខាង​កើត​សមុទ្រ​​អាហ្ស៊េអង់​ បាន​នឹង​កំពុង​​ប្រឹង​ប្រែង​ទប់​ទល់​​ជាមួយ​នឹង​ការ​ចង្អៀត​​ណែន​​ នៅ​តាម​ជំរំ​​មួយ​ចំនួន​សម្រាប់​​ជន​ភៀស​ខ្លួន និង​ក្រុម​អន្តោប្រវេសន៍​​បាន​មក​ដល់​​ចេញ​មក​ពី​ប្រទេស​ទួរគី។

​កាល​ពី​សប្ដាហ៍​មុន​រដ្ឋាភិបាល​ប្រទេស​ក្រិក ​​បាន​ប្រកាស​​ផែន​ការ​នៃ​ការ​ស្ថាបនា​ទី​តាំង​ឃុំ​ឃាំង​​មួយ​ចំនួន​ ​នៅ​លើ​កោះ​​ចំនួន ៥ ដោយ​អះ​អាង​ថា ​វា​មាន​សារៈសំខាន់​​ណាស់​ដើម្បី​​រៀប​ចំ​ ការ​ចុះ​​ឈ្មោះ​​អ្នក​ស្វែង​រក​​សិទ្ធិ​​ជ្រក​កោន​​ឲ្យ​បាន​ត្រឹម​ត្រូវ ក៏​ដូច​ជា​ការ​បញ្ជូន​ចេញ​ជន​ចំណាក​ស្រុក​​មួយ​ចំនួន ​ដែល​មិន​ត្រូវ​បាន​ការពារ​​ដោយ​អន្តរជាតិ​។ ប៉ុន្តែ​​ក្រុម​អាជ្ញាធរ​​នៅ​លើ​កោះ​មួយ​ចំនួន​​ បាន​រៀប​ចំ​​ផែន​ការ​ដែល​ជា​ការ​ប្រឈម​តាម​ផ្លូវ​ច្បាប់​ និង​បិទ​កន្លែង​​ដែល​គេ​សន្មត​ថា អាច​មាន​ការ​សាង​សង់​​ជំរំ​ថ្មី។ អភិបាល​ក្រុង​មីទីលែន​នៅ​​កោះ​​លេសបូស​បាន​និយាយ​ថា ការ​តវ៉ា​​បាន​ចាប់ផ្ដើម​​ឡើង​ បន្ទាប់​ពី​រដ្ឋាភិបាល​​​ខក​ខាន​មិន​បាន​បំពេញ​ ​តាម​ការ​សន្យា​​ក្នុង​ការ​កាត់​បន្ថយ​​ចំនួន​ជន​ចំណាក​ស្រុក​​ នៅ​លើ​កោះ​នេះ​ជាង​ប៉ុន្មាន​​ខែ​នៃ​រដូវរងា៕​

អត្ថបទ៖ រិទ្ធី