Hakim Ziyech ​នឹង​ផ្ទេរ​មក Chelsea ក្រោយ​ចប់​រដូវ​កាល​នេះ​ពី Ajax ក្នុង​តំលៃ ៣៨​លាន​ផោន​

114

បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ហើយ ​ក្នុង​ការ​នាំ​យក​កីឡាករ​ម៉ា​រ៉ុ​ក Hakim Ziyech ពី​ក្លិប​ហូ​ឡង់ Ajax Amsterdam ក្នុង​តំលៃ ៣៨​លាន​ផោន ដោយ​ការផ្ទេរ​នឹង​ធ្វើ​ឡើង​ជាង​ផ្លូវការ​ក្រោយ​ចប់​រដូវ​កាល​នេះ​។ កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ​គឺជា​គោលដៅ​ផ្ទេរ​មួយ​ក្នុង​ខែ​មករា ​សម្រាប់​គ្រូ​បង្វឹក​ក្រុម​តោ​ខៀវ Chelsea លោក Frank Lampard​។​ ​ប៉ុន្តែ​ក្លឹប​ហូ​ឡង់​មិន​មាន​បំណង​លក់​ឡើយ ខណៈ​ដែល​ពួកគេ​​កំពុង​ប្រកួត​ប្រជែង ​ដណ្ដើម​យក​ពានរង្វាន់​លី​គ​កំពូល​ហូ​ឡង់ Eredevisie​។​

ការ​ចុះ​កុងត្រា​របស់​កីឡាករ​អន្តរជាតិ​ម៉ា​រ៉ុ​ក​នេះ​ នឹង​ក្លាយ​ជា​លើក​ទី​១ ក្រោម​ការដឹកនាំ​របស់ ​Lampard​ បន្ទាប់ពី​បម្រាម​ផ្ទេរ​កីឡាករ​របស់ Chelsea​។​ ​ក្រុម​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​ដឹង​ថា ​មាន​ទំនាក់ទំនង​ក្នុង​ការ​ចុះ​ហត្ថលេខា​ជាច្រើន ​នៅ​ក្នុង​ខែ​មករា​កន្លងទៅរួម​ទាំង​ខ្សែប្រយុទ្ធ Paris St-Germain ​កីឡាករ Edinson Cavani​ និង​ខ្សែប្រយុទ្ធ Dries Mertens​ របស់ Napoli។​ ​Hakim Ziyech​ បាន​ចាប់ផ្ដើម​អាជីព​តាំង​ពី​ឆ្នាំ​២០១២ រហូត​មកដល់​ពេលនេះ​ តែ​នៅ​ក្នុង​ទឹកដី​ហូ​ឡង់​តែប៉ុណ្ណោះ ក្នុង​នោះ​ដំបូង​គេ​នៅ​ជាមួយ Heerenveen ​រួច​ផ្ទេរ​មក Twente​ នៅ​ឆ្នាំ​២០១៤ ហើយ​ឆ្នាំ​២០១៦ ក៏​ផ្ទេរ​មក Ajax បង្ហាញខ្លួន​សរុប​បាន ១០៧​ប្រកួត​ជាមួយ Ajax ស៊ុត​បញ្ចូល​ទី​បាន ៣៨​គ្រាប់​៕

អត្ថបទ​៖​នាង សុភា​វុ​ធ