ពលរដ្ឋ​ខ្មែរ​បង្ហាញ​ការ​ស្វាគមន៍​ និង​គាំទ្រ​សម្តេច​តេ​ជោ​ អនុញ្ញាត​ឲ្យ​​នាវា​ទេសចរណ៍ MS Westerdam ចូល​ចត

110

ភ្នំពេញ ​៖ បណ្តា​ពលរដ្ឋ​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ ​និង​នៅតាម​បណ្តា​សកល​វិទ្យាល័យ​នានា ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ​នេះ ​បានបង្ហាញ​ការ​ស្វាគមន៍​ យ៉ាង​កក់ក្តៅ​បំផុត ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ ជូន​ចំពោះ​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​ដែល​បាន​អនុញ្ញាត ​អោយ​នាវា​ទេសចរណ៍​ ផ្ទុក​មនុស្ស​ បណ្តា​ភ្ញៀវ​ទេសចរ​អន្តជាតិ​ប្រមាណ​ជាង ​២០០០​នាក់​ចូល​ចត​ នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។

បើតាម លោកស្រី ចាន់ សុធី ពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​BTV ថា ​ការ​អនុញ្ញាត​អោយ​នាវា​ទេសចរណ៍ ​MS Westerdam​ ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នេះ ​បានបង្ហាញ​ពី​ទឹកចិត្ត​មនុស្សធម៌​ដ៏​ធំ​បំផុត ​និង​ការ​មិន​រើសអើង​ចំពោះ​ជាតិ​ដទៃ​របស់​ប្រមុខ​ថ្នាក់​ដឹក​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ​ទៅលើ​សកម្មភាព​ជួយសង្គ្រោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ​អោយ​រួច​ផុត​ពី​ភ័យខ្លាច ​ដោយសារ​បញ្ហា​ជំងឺ Coronavirus​

ដោយឡែក​សម្រាប់​បណ្តា​សិស្ស​និស្សិត​វិញ ​ក៏​សំដែង​ការ​ស្វាគមន៍ នូវ​ចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​ការ​អនុញ្ញាត​អោយ​នាវា​ទេសចរណ៍​មួយ​នេះ​ ចូល​នៅ​ខេត្ត​ព្រះសីហនុ ​ហើយ​នេះ​ជា​ចំណាត់​ការ​ដ៏​ត្រឹមត្រូវ​បំផុត​ និង​មិន​មាន​បិទទ្វារ​ច្រក​នៃ​អ្នកដំណើរ​អន្តរជាតិ​ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ណាមួយ​ឡើយ​។

សូមបញ្ជាក់ថា ​ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​ចំ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ ​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ ទទួល​ ស្វាគមន៍​ដោយ​ផ្ទាល់​ជាមួយ​អ្នកដំណើរ​នៅ​លើ​នាវា​ទេសចរណ៍​ Westerdam នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ​និង​បាន​ជូន​ផ្កា​ដល់​អ្នកទេសចរ​ផងដែរ​។ ​ទន្ទឹមនឹងនេះ ​ក៏មាន​ការជួយ​សម្រប​សម្រួល​ដល់​អ្នកដំណើរ​មួយ​ចំនួន​ផ្ទេរ​តាម​យន្តហោះ​ទៅកាន់​ប្រទេស​រៀងៗ ​ខ្លួន​របស់​ពួកគេ​វិញ​ផងដែរ ​ដោយ​ក្នុងនោះ​ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា​ ជួយ​បណ្តា​ភ្ញៀវទេសចរ​អន្តរជាតិ​នៅលើ​នាវា ​ប្រមាណ​ជាង​២០០០​នាក់​ដោយ​ផ្តល់​ជូន​ទិដ្ឋាការ​ឆ្លងដែន ដោយ​មិនបាច់​បង់ថ្លៃ​សេវា​វី​សា​ និង​សេវា​ផ្សេងៗ​៕