អ៊ីរ៉ង់​និយាយ​ថា ​ខ្លួន​នឹង​វាយ​ប្រហារ​លើ​អាមេរិក និង​អ៊ីស្រាអែល ប្រសិន​បើ​ពួក​គេ​ធ្វើ​កំហុស​តែ​បន្តិច​

547

អ៊ីរ៉ង់៖ ប្រធាន​ឆ្មាំ​បដិវត្ត​សម្រាំង​បាន​និយាយ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ តាម​ទូរទស្សន៍​រដ្ឋ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ ខែ​កុម្ភៈ​ថា ​ប្រទេស​អ៊ីរ៉ង់​បាន​ត្រៀមខ្លួន​វាយប្រហារ​សហរដ្ឋអាមេរិក​ និង​អ៊ីស្រាអែល ប្រសិនបើ​ពួកគេ​ផ្ដល់​ហេតុ​ផល​ណាមួយ​ដើម្បី​ធ្វើ​ដូច្នេះ​។​

ឧត្ដមសេនីយ៍​លោក ​ហូ​ស​សេន ​សាឡា​មី​ (Hossein Salami) ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ នៅ​ឯ​ពិធី​មួយ​ដែល​រំលឹក​រយៈពេល​គម្រប់ ​៤០​ថ្ងៃ ចាប់​តាំង​ពី​ការ​បាត់​បង់ជីវិត​រប​ស់​មេ​បញ្ជាការ​កំពូល​លោក​ កា​សេម​ សូ​ឡេ​ម៉ា​នី (Qassem Soleimani) ថា ប្រសិន​បើ​អ្នក​ធ្វើ​កំហុស​តែ​បន្តិច ​យើង​នឹង​វាយ​អ្នក​ទាំងពីរ។​ លោក សូ​ឡេ​ម៉ា​នី ដែល​ជា​ប្រធាន​កងកម្លាំង​សម្រាំង​ឃូ​ដ​ ដែល​ជា​សាខា​របស់​ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​ សម្រាប់​ប្រតិបត្តិការ​នៅ​ខាងក្រៅ​អ៊ីរ៉ង់​ត្រូវ​បាន​សម្លាប់ ​ដោយ​យាន​ដ្រូ​ន​របស់​អាមេរិក​នៅ​ទីក្រុង​បា​ដា​ត​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ​រួម​ជាមួយ​មេបញ្ជាការ​កងជីវពល​អ៊ីរ៉ាក់​លោក អា​ប៊ូ ម៉ា​ឌី​អាល់ មហា​ន​ឌី​ស (Abu Mahdi al-Muhandis)​។​ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​តាស​នី​ម​ (Tasnim)​ អ្នក​នាំ​ពាក្យ​ឆ្មាំ​បដិវត្ត​នេះ​បាន​និយាយ​កាល​ពី​ពេល​មុន​នេះ​ថា ការ​សម្លាប់​លោក​សូ​ឡេ​ម៉ា​នី​នឹង​នាំ​ទៅ​ដល់​ការ​រំដោះ​ក្រុង​ហ្សេរ៉ុយសាឡឹម​៕

អត្ថបទ៖ សុខ​មាន