ទោះ​ជាប់​ពន្ធ នៃ​ប្រព័ន្ធ EBA ក្តី កម្ពុជា នៅ​មាន​ជម្រើស​ផ្លូវ​ដើរ​តាមរយៈ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អឺរ៉ុប

127

ភ្នំពេញ ៖ ​លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​បានឱ្យដឹងថា​ បើទោះបីជា​ផ្លូវការ កម្ពុជា ​ជាប់​ការ​បង់ពន្ធ​ផ្នែក​ខ្លះ នៃ​ទំនិញ ទៅកាន់​សហគមន៍​អឺរ៉ុប​ក្តី ​តែ​កម្ពុជា​ នៅមាន​ជម្រើស​ផ្លូវ​ដើរ​របស់ខ្លួន ​តាមរយៈ​ពាណិជ្ជកម្ម​សេរី ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាសា​ន និង​អឺរ៉ុប​។

លោក ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ក្នុង​បទសម្ភាសន៍​ជាមួយ​BTV នៅ​ថ្ងៃ ទី​១៤ ខែកុម្ភៈ នេះ បាន​បញ្ជាក់ថា​ បច្ចុប្បន្នភាព ​ការវិវត្ត នៃ​ពាណិជ្ជកម្ម​ក្នុងស្រុក​មួយចំនួន ​មានការ​ផ្អាក ដំណើរការ​រយៈពេល​២​ខែ ចាប់ពី​ខែកុម្ភៈ ដល់​ខែមីនា ឆ្នាំនេះ ដោយសារ​កត្តា​បញ្ហា​ជំងឺ​ផ្លូវដង្ហើម​វីរុស​កូ​រ៉ូ​ណា ដែល​មាន​ប្រភព​មកពី​ប្រទេស ​ទើប​ធ្វើ​ឱ្យ​ការបំពេញ​ការងារ​ របស់​កម្មករ​និយោជិត ត្រូវបាន​ផ្អាក​ជា​បណ្តោះ អាសន្ន​។

ឆ្លើយតប​ទៅនឹង​បញ្ហា​នីតិវិធី​ផ្តើម​សម្រេច​ដក​ជា​បណ្តោះ​អាសន្ន​នូវ​ផ្នែក​ខ្លះ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​” ហៅ​កាត់ EBA លោក​ឧកញ៉ា លឹម ហេង បាន​បញ្ជាក់ថា ក្រសួង​ការ ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​សមាគម​រោងចក្រ​កាត់ដេរ និង​សភាពាណិជ្ជកម្ម​កម្ពុជា នឹង​ជំរុញ​ឱ្យ និយោជក​ ប្តូរ​សង្វាក់​ផលិត ពី​ទំនិញ​ដែល​ជាប់ពន្ធ ​ទៅ​ទំនិញ ដែល​មិន​ជាប់ពន្ធ ប្រមាណ​ជាង​៩​ពាន់​មុខ​។

លោក​ឧកញ៉ា លឹម ហេង បានបញ្ជាក់​ទៀតថា ជម្រើស​ផ្លូវ​ដើរ ​នៃ​ពាណិជ្ជកម្ម ក្នុងការ​រក្សា​រង្វង់ សេដ្ឋកិច្ច​កម្ពុជា រាជរដ្ឋាភិបាល បាន​ខិតខំ​ជ្រើសរើស​កិច្ច​សហប្រតិបត្តិការ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​ជា​ចំណុច​បន្ត​រក្សា​សេដ្ឋកិច្ចកម្ពុជា​។

គណៈកម្មការ​អឺរ៉ុប កាលី​ថ្ងៃទី​១២ ខែកុម្ភៈ នេះ បានសម្រេច​ដក​ជា​បណ្តោះ​អាសន្ន​នូវ​ផ្នែក​ខ្លះ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​គ្រប់មុខ​ទំនិញ លើកលែង​សព្វាវុធ​” EBA ​ដែល​អនុលោម​តាម​មាត្រា ​១៩ នៃ​បទប្ប ញ្ញត្តិ ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ​របស់​សហភាព​អឺរ៉ុប​។ ក្នុងនោះ ​នីតិវីធី​មុន​ឈាន​ដល់​ការ សម្រេច​ជា​ផ្លូវការ របស់​សហភាព​អឺរ៉ុប ​គឺមាន​រយៈពេល​១៨​ខែ ដោយ​ការសម្រេច​ជា​ផ្លូវការ នឹង​តម្រូវឱ្យ ​មានការ​បោះឆ្នោត​អនុម័ត​ពី​សមាជិក​តំណាង​ប្រទេស នៃ​សហភាព​អឺរ៉ុប ​ចំនួន​២៧​ប្រទេស​ផងដែរ​៕