ជប៉ុន កំពុង​ជំរុញ​កែ​លម្អ​សង្វាក់​ផលិតកម្ម ​ប្រទេស​ក្នុង​អាស៊ាន ​ដើម្បី​គាំទ្រ​ដល់​ការនាំចេញ​

156

ភ្នំពេញ ៖ ​ ជប៉ុន កំពុង​ជំរុញ​កែ​លម្អ​សង្វាក់​ផលិតកម្ម ប្រទេស​ក្នុង​អាស៊ាន​ ចំនួន​៤ ​ជាពិសេស​ប្រទេស​កម្ពុជា ​ក្នុង​ការ​គាំទ្រ​ដល់​កម្មវិធី​ជំរុញ​ពាណិជ្ជកម្ម ​និង​យន្ត​ការបម្រើ​ដល់​យុទ្ធសាស្ត្រ​នៃ​ការនាំចេញ ​ប្រកបដោយ​សក្ដានុពល ដើម្បី​ជំរុញ​ទៅកាន់​ទីផ្សារ​ប្រទេស​របស់ខ្លួន ។

លោក BANDO Shunsuke ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​វិភាគ​គោលនយោបាយ ​នៃ​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន ​បានលើកឡើង​នៅក្នុង​សិក្ខាសាលា ស្តីពី​សក្ដានុពល​នាំចេញ​ពី​ប្រទេស​កម្ពុជា​, ឡាវ​, មី​យ៉ាន់​ម៉ា និង​វៀតណាម​(CLMV) ទៅ​ប្រទេស​ជប៉ុន និង​ខ្សែ​សង្វាក់​តម្លៃ​សកល​ ក្នុង​វិស័យ​វាយនភណ្ឌ និង​ឧស្សាហកម្ម​សំលៀកបំពាក់ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ថា ដើម្បី​ជំរុញ​ការនាំចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក ជាពិសេស​ទីផ្សារ​ជប៉ុន​, ប្រទេស​ទាំង​៤ ត្រូវ​ពង្រឹង​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​បន្ថែ​ម​ទៀត និង​ត្រូវ​ធ្វើការ​រួមគ្នា​នៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​តែមួយ ក្នុងនោះ ​ត្រូវ​គិត​អំពី​គុណភាព ​ដែលជា​របាំង​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម ​សម្រាប់​ប្រកួតប្រជែង​យ៉ាង​សំខាន់ នៅក្នុង​ពិភពលោក ​ក៏ដូចជា​ ការនាំ​ចេញទៅ​កាន់​ប្រទេស​ជប៉ុន​ផងដែរ ។

លោក បន្តថា ពាក់ព័ន្ធ​ខ្សែ​ផលិត​កម្មនេះ អ្វីដែល​ប្រទេស​ទាំង​៤ កំពុង​ជួបប្រទះ ​គឺ​បញ្ហា​វត្ថុធាតុដើម ព្រោះ​ប្រទេស​ទាំង​៤ ភាគច្រើន​នាំចូល​វត្ថុធាតុដើម ​ដែល​ជា​ការធ្វើ​ឲ្យ​ថ្លៃដើម​ខ្ពស់​, ដូច្នេះ​យើង​គួរ​ពង្រឹង​វិស័យ​សហគ្រាស​ធុន​តូច ​និង​មធ្យម ដើម្បី​ឲ្យ​វិស័យ​នេះ​ក្លាយ​ជា​ចលករ ​ការផ្តល់​វត្ថុធាតុដើម ឬ​គ្រឿង​បង្គំ​ផ្សេង​មក​ឲ្យ​ឧស្សាហកម្ម​ធំៗ ។

ជុំវិញ​បញ្ហា​នេះ ឯកឧត្តម ប៊ុន ច​ន្ធី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានលើកឡើង​ផងដែរ​ថា ពាក់ព័ន្ធ​ការ​ជួយ​គាំទ្រ​ដល់​កម្មវិធី​ជំរុញ​ពាណិជ្ជកម្ម​កម្ពុជា ក៏ដូចជា​ទូទាំង​អាស៊ាន​ទាំងមូល​ ប្រទេស​ជប៉ុន​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ​ក្នុងការ​បង្កើន​ខ្សែ​ផលិតកម្ម​តែមួយ​ ជាពិសេស​ប្រទេស​ទាំង​៤ កំពុង​ជំរុញ​បន្ថែមទៀត ដើម្បី​អាច​ឈរ​បាន​ក្នុង​ការ​ប្រកួតប្រជែង​នៅ​លើ​ខ្សែ​ផលិតកម្ម​របស់ខ្លួន ក្នុងការ​បម្រើ​ដល់​ការនាំចេញ ទៅកាន់​ប្រទេស​ជប៉ុន​ដោយផ្ទាល់ ​ក៏​ដូច​ការ​ចែកចាយ​ផលិតផល​នៅលើ​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត ។

សូមបញ្ជាក់ថា ក្នុង​ក្របខ័ណ្ឌ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​ជប៉ុន ផ្អែក​តាម​កំណត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គិតពី​ឆ្នាំ​១៩៩៤ រហូតដល់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ គម្រោង​វិនិយោគ​របស់​ជប៉ុន​ចំនួន ១៣៧ គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ ​ផ្តោត​សំខាន់​លើ​ផលិតផល​គ្រឿង​បង្គំ ​អគ្គីសនី និង​អេ​ឡិច​ត្រូ​និ​ច ​គ្រឿង​បង្គុំ​រថយន្ត ​និង​បរិក្ខារ​បច្ចេកទេស​ក​សិ​-​ឧស្សាហកម្ម ​ការកែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ ​មន្ទីរពេទ្យ និង​ផ្សារ​ទំនើប​ជាដើម ។ ក្រៅពី​គម្រោង​វិនិយោគ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក៏​មាន​វត្ត​មាន​នៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​តូចធំ ​ប្រមាណ ១,៧០០ ក្រុមហ៊ុន ​ដែល​មាន​សកម្មភាព​ក្នុង​វិស័យ​ដូចជា ​៖ វិស័យ​ធនាគារ អាកាសចរណ៍​ និង​ភោជនីយដ្ឋាន​ផងដែរ ៕