១៤កុម្ភៈ​ ២០២០​នេះ​ គឺជា​ថ្ងៃ​ដែល​ស្រលាញ់​ខ្លួនឯង ការពារ​ខ្លួន​កុំ​ឲ្យ​មាន​រោគ និង​កុំ​ឲ្យ​មាន​ជំងឺ​អេដស៍​

144

ភ្នំពេញ ៖ ​ឯកឧត្តម ទេស​រដ្ឋ​មន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ​នឹង​ជំងឺអេដស៍​ បាន​ថ្លែងថា ថ្ងៃទី​១៤ កុម្ភៈ ២០២០​នេះ គឺជា​ថ្ងៃ​ដែល​ស្រលាញ់​ខ្លួនឯង ការពារ​ខ្លួន​កុំ​ឲ្យ​មាន​រោគ ជាពិសេស​កុំ​ឲ្យ​មាន​ជំងឺអេដស៍ ស្រលាញ់​គ្រួសារ និង​ស្រលាញ់​សង្គមជាតិ​យើង​។

ការ​ថ្លែង​របស់​ឯកឧត្តម ទេស​រដ្ឋ​ម​ន្រី្ត អៀង មូលី យ៉ាង​ដូច្នេះ ក្នុង​ពិធី​អប់រំ​ផ្សព្វផ្សាយ​ការ​បង្ការ ចម្លង​មេរោគ​អេដស៍ ​និង​ជំងឺអេដស៍ ​ក្រោម​ប្រធានបទ «​កុំ​ឲ្យ​កី្ត​ស្រលាញ់ ​ចាញ់​មេរោគ​អេដស៍​» ព្រឹក​ថ្ងៃទី​១៤ កុម្ភៈ នេះ​។

ឯកឧត្តម ទេស​រដ្ឋ​ម​ន្រី្ត បន្តទៀតថា ជា​រៀងរាល់ឆ្នាំ​អាជ្ញាធរ​តែងតែ​រៀបចំ​ពិធី​ពិសេស​នេះ​ឡើង​ ដើម្បី​រំលឹក​ដល់​យុវវ័យ ឲ្យ​បានដឹងថា​ ទិវា​នៃ​កី្ត​ស្រលាញ់​មិនមែនជា​ទិវា​ស្រលាញ់​តែ​សង្សារ​ខ្លួន រួច​ប្រគល់​ខ្លួនប្រាណ​នោះទេ ​ដែល​កាលពី​សម័យ​មុន​ធ្វើបាន​មួយចំនួន​តូច​នោះ​។

ឯកឧត្តម អៀង មូលី បាន​បន្ថែមទៀតថា អ្វីដែល​ក្រុមការងារ​ជួបប្រទះ​នាពេល​បច្ចុប្បន្ននេះ ​បុរស​ស្រលាញ់​បុរស និង​រួមភេទ​គ្នាឯង មាន​រហូតដល់​៧​ម៉ឺន​នាក់ ​កាលពី​ដើមឡើយ​មានតែ​ជាង​៣​ម៉ឺន​នាក់​ប៉ុណ្ណោះ​ទេ ឥលូវ​តាម​ស្ថិតិ​ចុងក្រោយ​មាន​ប្រមាណ​៧​ម៉ឺន​នាក់​ ក្នុងនោះ​ អត្រា​នៃ​ការឆ្លង មានការ​កើនឡើង ​ពី​ដើម​អត្រា​ឆ្លង​មាន​ជាង​៣% បច្ចុប្បន្ន​មាន​ជាង​៥% ។ ដូច្នេះ​ជា​ការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ​និង​សូម​អំពាវនាវ​ដល់​យុវវ័យ សូម​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​ នៃ​ការរីក​រាលដាល​របស់​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ និង​សូម​អរគុណ​ដល់​បណ្តា​ក្រសួង​ពាក់ព័ន្ធ​នានា ​ជាពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា ​ដែល​ដាក់​កម្មវិធី​អប់រំ ណែនាំ ​ដល់​យុវវ័យ មានការ​ប្រុងប្រយ័ត្ន លើ​សុខភាព​បន្ត​ពូជ​។

ជា​ចុងក្រោយ​ឯកឧត្តម ​ទេស​រដ្ឋ​មន្ត្រី អៀង មូលី​ បញ្ជាក់ទៀតថា ​តាមរយៈ​ការអប់រំ ផ្សព្វផ្សាយ​តាម​បណ្តាញ​សារព័ត៌មាន​នានា ​អង្គការ សង្គម​ស៊ីវិល​ផ្សេងៗ ​ជា​រៀងរាល់ឆ្នាំ ​សុំ​ជួយ​ទាញអារម្មណ៍​ដល់​យុវវ័យ យុវជន យុវតី​យើង​ ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ចម្លង​មេរោគ​អេដស៍ និង​ការរីក​រាលដាល​ជំងឺអេដស៍​៕