គណៈកម្មការ​ទី​១ រដ្ឋសភា ​ចុះ​សិក្សា​ស្វែងយល់​ការងារ​ពាក់ព័ន្ធ​វិស័យ​របស់​ខ្លួន ​នៅ​ខេត្តរតនគិរី​

90

រតនគិរី ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ​ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់​ទំនង​រដ្ឋ សភា ព្រឹទ្ធសភា នៃ​រដ្ឋសភា បាន​ចុះ​បំពេញបេសកកម្ម​នៅ​ខេត្តរតនគិរី ដើម្បី​ស្វែងយល់​ពី​ការងារ​ពាក់ព័ន្ធ​វិស័យ​ទទួលបន្ទុក​របស់​គណៈ កម្ម​ការ ។

ក្នុងជំនួប​ជាមួយ​គណៈកម្មការ​ទី​១ រដ្ឋសភា កាលពី​ម្សិលមិញ លោក មួង ប៉ាង អភិបាលរង​ខេត្ត រតនគិរី បាន​ ជម្រាបជូន​គណៈប្រតិភូ​រដ្ឋសភា ពី​ការដោះស្រាយ​ទំនាស់​ដីធ្លី ​នៅក្នុង​ខេត្ត តាម​យន្តការ ១កិច្ចប្រជុំ​គណៈកម្មការ​គ្រប់ គ្រង​ដី​រដ្ឋ​ថ្នាក់ក្រុង ​ស្រុក ខេត្ត​ ដែល​មាន​សមាសភាព​ម​ក​ពី​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ​និង​អភិបាលក្រុង​ស្រុក ជាពិសេស ​មន្ទីរ​រៀបចំ​ដែនដី ​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ​ជា​សេនាធិការ​។ ២យន្តការ​ដោះស្រាយ​សម្រប​សម្រួល ដោយ​ សហគមន៍​ផ្ទាល់ និង​៣យន្តការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ ក្រៅពីនេះ​ នៅមាន​ការិយាល័យ​ប្រជាពលរដ្ឋ ដែល​​មាន​តួនាទី យ៉ាង​សំខាន់​ ក្នុងការ​សម្រួល និង​ទទួល​ពាក្យបណ្ដឹង​នានា​ ក្នុង​ដែន​សមត្ថកិច្ច និង​ធ្វើការ​បញ្ជូន​ពាក្យបណ្ដឹង​ទាំងឡាយ ណា ដែល​មិន​ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​តាមដាន​ការ​ដោះស្រាយ ដើម្បី​ជូន ព័ត៌មាន​ត្រឡប់​ទៅ​ម្ចាស់​ពាក្យបណ្ដឹង​វិញ​។

លោក ​បានឱ្យដឹងថា នៅ​ឆ្នាំ​២០១៩ ការិយាល័យ​ប្រជាពលរដ្ឋ បាន​ទទួល​ពាក្យបណ្ដឹង ចំនួន​៨ ក្នុង​នោះ ​មាន​ពាក្យ បណ្ដឹង​ក្នុង​ដែន​សមត្ថកិច្ច ចំនួន​៣ និង​ក្រៅ​ដែន​សមត្ថកិច្ច ​ចំនួន​៥ ដើម្បី​សម្រុះសម្រួល​ដោះស្រាយ​។ ​នៅក្នុង​ការអនុវត្ត ជាក់ស្ដែង​ រដ្ឋបាលខេត្ត ​ក៏​ជួប​ការ​លំបាក​មួយ​ចំនួន ដែល​ត្រូវ​បន្ត​រ៉ាប់រង​ចាត់ចែង​ដោះស្រាយ ដូចជា​ ការ​ខ្វះខាត​ធនធាន​មន្ត្រី ​ដែល​មាន​សមត្ថភាព និង​មាន​ជំនាញ​បច្ចេកទេស កង្វះខាត​មធ្យោបាយ សម្ភារ ដើម្បី​បម្រើ​ឲ្យ​ការអនុវត្ត​សកម្មភាព ​នៅតាម មន្ទីរ​អង្គភាព ​ការគ្រប់គ្រង និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ ​បញ្ហា​ទំនាស់​ដីធ្លី និង​តម្លៃ​កសិផល​។ ម្យ៉ាងវិញទៀត ​បញ្ហា​ទំនាស់​ដីធ្លី ក៏​នៅតែ​បន្ត​ជា​បញ្ហា​ស្មុគស្មាញ ​ដែល​បណ្ដាលមកពី​ការទន្ទ្រាន​កាប់​រាន​ដីព្រៃ​ ឈើ ដី​សាធារណៈ របស់​រដ្ឋ ​ធ្វើជា​កម្មសិទ្ធិ ​ការតាំង​លំនៅឋាន​នៅ​លើដី​សម្បទាន​សេដ្ឋកិច្ច ​និង​ការទិញ​លក់​ដីធ្លី របស់​ប្រជាពលរដ្ឋ ​ដែល​ត្រួត​លើ​គ្នា និង ​ទំនាស់​ព្រំប្រទល់ ជាដើម ដែល​ក្រុមការងារ​ចម្រុះ​ខេត្ត ក្រុង​ ស្រុក ត្រូវ​បន្ត​រួមគ្នា​ដោះស្រាយ​ជាប្រចាំ​។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មការ​ទី​១ រដ្ឋសភា បាន​ថ្លែងថា ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ​នៃ​រដ្ឋសភា ​គឺជា​គណៈកម្មការ​មួយ ដែល មាន​តួនាទី​ពាក់ព័ន្ធ​នឹង​ការ​ការពារ ​និង ធានា​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឱ្យបាន​សមស្រប​តាម​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​យន្ត​ការជួយ ​សម្របសម្រួល និង​អន្តរាគមន៍​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ ​ដែល​ទទួលរង​នូវ​អំពើ​អយុត្តិធម៌​ផ្សេងៗ ​មាន​ទាំង​ការចុះ ពិ​និត្យ និង​អង្កេត​ផ្ទាល់​លើ​ករណី​ទំនាស់​ផ្សេងៗ ​ប្រមូលយក​ព័ត៌មាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ ព​ន្លឿន​ការដោះស្រាយ​បញ្ហា ដែល​បាន​កើតឡើង​ ឱ្យបាន​ឆាប់ តែ​មិន​ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ​ទេ​។

ឯកឧត្តម បានឱ្យដឹងថា នៅ​ឆ្នាំ​២០១៩ គណៈកម្មការ​នេះ ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋ ១៦១​រឿង ​ក្នុង នោះ បាន​អន្តរាគមន៍​ពាក្យ​បណ្តឹង​ ចំនួន​១០៤​រឿង កំពុង​ពិនិត្យ ​៥៧​រឿង និង​បាន​ទទួល លិខិត​ឆ្លើយតប​ពី​ក្រសួង​ស្ថាប័ន ​ពាក់ព័ន្ធ ចំនួន​៣០​រឿង​៕