ខ្សែ​ប្រយុទ្ធ​ថ្មី​របស់ Man Utd ​ត្រូវ​ហ្វឹក​ហាត់​ដាច់​ដោយ​ឡែក​ដោយសារ​ព្រួយ​បារម្ភ​ពី​វីរុស​ Covid-19

195

បាល់ទាត់៖ ​កីឡាករ​ចំណូល​ថ្មី​របស់​ក្លិប​បិសាច​ក្រហម Manchester United, Odion Ighalo​ កំពុង​ហ្វឹក​ហាត់​ឆ្ងាយ​ពី​ក្លឹប​នៅ​សប្ដាហ៍​នេះ​ ដែល​ជា​វិធានការ​ប្រុងប្រយ័ត្ន​នឹង​មេរោគ​កូ​រ៉ូ​ណា​ថ្មីរឺ​ក៏ Covid-19 បន្ទាប់ពី​ផ្ទេរ​មកពី​ទឹកដី​ចិន​។ ​​Ighalo​ បាន​ហ្វឹកហាត់​ជាមួយ​ការ​គាំទ្រ​ពី​ក្លឹប ​ដោយ​ប្រើ​កម្មវិធី​ហាត់ប្រាណ​ផ្ទាល់ខ្លួន​ ដើម្បី​ឱ្យ​គាត់​ត្រៀម​ខ្លួន​សម្រាប់​ការប្រកួត​នៅ ​Premier League

Ighalo​ បាន​ធ្វើ​ការ​ហ្វឹកហាត់​នៅ​ឯ​មជ្ឈមណ្ឌល​ជាតិ​តេ​ក្វាន់​ដូនៅ​ជិត​កីឡដ្ឋាន ​Etihad ហើយ​ជា​កន្លែង​ដែល​គាត់​បាន​ស្នាក់​នៅ ​ចាប់​តាំង​ពី​គាត់​បាន​មក​ដល់​ប្រទេស​អង់គ្លេស​កាលពី ​១១​ថ្ងៃមុន​។​ ​Ighalo​ បាន​ចូលរួម​ជាមួយ​ក្រុម​ Man United ក្នុង​ការ​ខ្ចី​ជើង​សម្រាប់​រដូវ​កាល​នៅ​សល់​នេះ​ពី​ក្លិប​ចិន​ Shanghai Shenhua​។​ ​ដំបូន្មាន​វេជ្ជសាស្ត្រ​នា​ពេល​បច្ចុប្បន្ន​នេះ ​អ្នកដំណើរ​ដែល​ចូល​មក​ចក្រភព​អង់គ្លេស​ពី​ប្រទេស​ចិន ត្រូវ​ដាក់​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ១៤​ថ្ងៃ​។ ​Ighalo​ វ័យ ៣០​ឆ្នាំ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ច័ន្ទ​នៅ​ទឹកដី ​Chelsea។​ ​គិត​មក​ដល់​ពេល​នេះ​មេរោគ​កូ​រ៉ូ​ណា​ថ្មី Covid-19 បាន​សម្លាប់​មនុស្ស​ជិត ​១៥០០​នាក់ ខណៈ​អ្នក​ឆ្លង​មាន​ជាង ៦ម៉ឺន ៥ពាន់​នាក់​៕

អត្ថបទ​៖​នាង សុភា​វុ​ធ​