តំបន់​ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ​ក្នុង​ខេត្តតាកែវ ​នឹងត្រូវ​កែប្រែ​ឱ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​

116

តាកែវ ៖ អភិបាលរង​ខេត្តតាកែវ ​បាន​ឱ្យដឹងពី​គោលបំណង នៃ​ការរៀបចំ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ធម្មជាតិ​បឹង ព្រែក​ល្ពៅ ដែល​មាន​ទីតាំងនៅ​ស្រុក​កោះអណ្ដែត ឱ្យ​ក្លាយ​ជា​តំបន់​ដែល​មាន​សក្ដានុពល​ខាង​ផ្នែក​ទេសចរណ៍​ធម្មជាតិ​ជីវចម្រុះ​ ដើម្បី​ឱ្យ​មានការ​ទាក់ទាញ​ភ្ញៀវទេសចរ​។

នៅក្នុង​ពិធី​សម្ពោធ ​ដាក់ឱ្យ​ប្រើប្រាស់​ស្នាក់​កា​ររង​ថ្មី នៅ​តំបន់​បឹង​ព្រែក​ល្ពៅ​ ក្នុងស្រុក​បូរី​ជលសារ និង​ស្រុក​កោះអណ្ដែត​ កាលពីពេល​ថ្មីៗ​នេះ លោក ម៉ឹង វុ​ធី អភិបាលរង​ខេត្តតាកែវ ​បានឱ្យដឹងថា បច្ចុប្បន្ន អាជ្ញាធរខេត្ត ​កំពុងតែ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​តំបន់​ទេសភាព​ធម្មជាតិ​មួយ​នេះ ដោយ​រៀបចំ​ឱ្យ​មន្ត្រី ​អភិរក្ស ធ្វើការ​ល្បាត​ និង​ថែរក្សា​នូវ​ប្រភេទ​សត្វ​ស្លាប​ទាំងអស់ ​ឱ្យនៅ​គង់វង្ស ហើយ​ត្រូវ​ការពារ​មិនឱ្យ​មាន ការ​ប្រមាញ់​សត្វ​ទាំង​អស់នេះ​ទេ​។ បើ​មាន​ជន​ណា ​បានធ្វើ​សកម្មភាព​ចាប់​សត្វ​នៅ​ក្នុង​តំបន់​អភិរក្ស នឹង ត្រូវ​ដាក់ទោស​តាមច្បាប់​ជាក់​​ជាពុំខាន​។

លោក​ បាន​បញ្ជាក់ថា ​ដើម្បី​ធ្វើ​ឱ្យ​តំបន់​ទេសភាព​ធម្មជាតិ​បឹង​ព្រែក​ល្ពៅ ​ទទួល​បាន​ភ្ញៀវទេសចរ ច្រើន​ ដូច្នេះ ​ក្នុងនាម​អាជា្ញធរ​មូលដ្ឋាន ​ត្រូវតែ​រួម​សហការ​គ្នា​ ធ្វើការ​ផ្សព្វផ្សាយ ​និង​លើកស្ទួយ​តំបន់​ធន ធាន​ធម្មជាតិ​មួយ​នេះ ​ឱ្យ​មាន​ភាពល្អ​ប្រសើរឡើង​ ពោល​គឺ​ធ្វើយ៉ាងណា​ឱ្យ​តំបន់​អភិរក្ស​បឹង​ព្រែក​ល្ពៅ​នេះ ក្លាយទៅជា​តំបន់​អេកូឡូស៊ី​ទេសចរណ៍ ​ដែល​មាន​សក្ដានុពល​លើ​ផ្នែក​ធនធានធម្មជាតិ​ជីវចម្រុះ​ ដើម្បីឱ្យ ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ ​បានដឹង ​ហើយ​ទៅ​ទស្សនា​កម្សាន្ត ព្រោះ​តំបន់​នេះ មាន​ប្រភេទ​សត្វ​ស្លាប​ ជាច្រើន ជាពិសេស ប្រភេទ​សត្វ​គ្រៀល​ ដែល​ជា​ប្រភេទ​សត្វ​កម្រ​នៅក្នុង​ប្រទេស និង​ពិភពលោក​៕