ទីភ្នាក់ងារ​មុខរបរ​និង​ការងារ រម្លឹក​ឡើងវិញ​អំពី​ឱកាស​ទីផ្សារ​ការងារ​នៅតែ​បន្ត​មាន​

113

ភ្នំពេញ៖ បន្ទាប់ពី​ផ្ទុះ​ព័ត​មាន អំពី​ការ​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​នូវ​រោងចក្រ​មួយ​ចំនួន ដោយសារ​កង្វះ​វត្ថុធាតុដើម​មកពី​ប្រទេស​ចិន​។ ជាថ្មី​ម្តង​ទៀត មន្ត្រី​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ នៃ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា ចំពោះ​ទីផ្សារ​ការងា​សព្វថ្ងៃនេះ ក្រៅពី​អ្នក​ស្វែងរក​ការងារ ក្នុង​នោះ ​ដំណឹង​ជ្រើសរើស​បុគ្គលិក​ក៏​មាន​ច្រើន​ផងដែរ​គ្រប់មុខ​តំណែង និង​ជំនាញ​។​

​​តាមរយៈ​កិច្ច​សម្ភាសន៍​​ កាលពី​ព្រឹក​ថ្ងៃទី​១៣ កុ​ម្ភៈ ឆ្នាំ​២០២០​នេះ លោកស្រី សម្បត្តិ សាខុន អនុប្រធាន​មជ្ឈមណ្ឌល​ល​ការងារ​រាជធានី​ភ្នំពេញ នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ បាន​មានប្រសាសន៍ថា ក្នុងនាម​ស្ថាប័ន​រដ្ឋ គឺ​យើង​បាន​ត្រៀម​រួចជាស្រេច​ដើម្បី​ជួយ​ដល់​មជ្ឈដ្ឋាន​ទូទៅ ក្នុង​ការ​រក​ការងារ​ជូន ខណៈ​ដែល​តម្រូវការ​ទីផ្សារ​ការងារ​ក្នុងស្រុក​ គឺមាន​ច្រើន ដូច្នេះ​ទោះបីជា​កម្មករ កម្ម​ការ​នី​រង​ផល​ប៉ះពាល់​ពី​រោងចក្រ​មួយ​ចំនួន​ប្រកាស​ផ្អាក ក៏​ក្រុមការងារ​មាន​ត្រៀម​ផ្តល់​ជូន​បង្រៀន​នូវ​ជំនាញ​ខ្លីៗ ឧទាហរណ៍​ដូចជា វគ្គ​ក្នុង​ការ​ត្រៀមលក្ខណៈ​សម្បត្តិ​ក្នុង​ការ​ចូល​ទីផ្សារការងារ​ដែល​ថ្មី​សម្រាប់​គាត់​ជាដើម​។​

​​ស្របគ្នា​ខាង​លើនេះ លោក អ៊ា​ប អូន មន្ត្រី​ផ្នែក​ធនធានមនុស្ស នៃ​សហគ្រាស ហ្គូ​ដ​ហៀ​ល កម្ពុជា ជា​ក្រុមហ៊ុន​នាំចូល​និង​ចែកចាយ​ផ្តាច់មុខ​នូវ​ទំនិញ​ល្បីៗ​ឈ្មោះ​ពី​បរទេស បាន​លើកឡើងថា មក​ទល់ពេលនេះ​ក្រុមហ៊ុន​ដំណើរការ​ជាង ២០​ឆ្នាំ​ហើយ ដែល​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ក្រុមហ៊ុន​មានការ​រីកចម្រើន​ខ្លាំង ធ្វើ​ឲ្យ​កើន​ឡើង​នូវ​ចំនួន​បុគ្គលិក​ដូចគ្នា គឺ​រហូតដល់​ជាង ១​ពាន់​នាក់ ក្នុង​ពេល​បច្ចុប្បន្ន​។​

​​សូម​បញ្ជាក់​ថា ក្នុង​ខែ​មករា ដើម​ឆ្នាំ​២០២០​នេះ អ្នក​ស្វែងរក​ការងារ​ធ្វើ​មាន​ចំនួន ៧៩៨​នាក់ ដោយឡែក​ដំណឹង​ជ្រើសរើស​បុគ្គលិក មាន​ចំនួន​ជាង ២​ម៉ឺន​នាក់​ឯណោះ ដែល​នេះ​ជា​ការ​បង្ហាញ​ពី​តម្រូវ​យ៉ាង​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​៕​