ទូត​ជប៉ុន ប្រាប់​វិនិយោគិន​ខ្លួន​ថា កម្ពុជា​នៅតែ​ជា​ទិសដៅ​វិនិយោគ​ដ៏​ល្អ​

292

ភ្នំពេញ៖ ឯកឧត្ដម មិ​កា​មិ ម៉ាសា​ហ៊ិ​រូ ឯកអគ្គរដ្ឋទូត​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា​នៅតែ​ជា​ទិសដៅ​វិនិយោគ​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​ជប៉ុន ដ្បិត​កម្ពុ​ជា​មាន​ភូមិសាស្ដ្រ​ដ៏​ល្អ និង​កំណើន​សេដ្ឋកិច្ច​ខ្ពស់ បើ​ធៀប​នឹង​បណ្ដា​ផ្សេងៗ។​

ការ​បង្ហាញ​សុទិដ្ឋិនិយម​បែបនេះ បាន​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី “​យុគសម័យ​បន្ទាប់​នៃ​អនាគត YEG នៅក្នុង​ប្រទេស​កម្ពុជា​-​ធ្វើ​អាជីវកម្ម​ក្នុង​ការ​រីកលូតលាស់រ​បស់​អាស៊ាន​” ដែល​រៀបចំ​ដោយ​ក្រុម​សហគ្រិន​វ័យក្មេង នៃ​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ប្រទេស​ជប៉ុន ក្រោម​វត្តមាន​ឯកឧត្ដម សំ សិរី​រត​ន៏ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម នៅ​សណ្ឋាគារ​គាំ​បូ​ឌីយ៉ាណា កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ ។​

ឯកឧត្ដម មិ​កា​មិ ម៉ាសា​ហ៊ិ​រូ មានប្រសាសន៍ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ ២៦០​ក្រុមហ៊ុន បាន​នឹង​កំពុង​ស្នាក់នៅ​កម្ពុជា ហើយ​មាន​ក្រុមហ៊ុន សហគ្រាស និង​វិនិយោគិន​ជប៉ុន​ជាច្រើន​ទៀត បាន​នឹង​កំពុង​ចាប់អារម្មណ៍។

ហេតុនេះ កម្ពុជា​គឺជា​ទិសដៅ​ដ៏​ល្អ សម្រាប់​វិនិយោគិន​ជប៉ុន និង​បរទេស ពិសេស​ការ​រក្សា​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់ ៧% ដ៏​រឹងមាំ​របស់​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ។​

គួរ​បញ្ជាក់​ថា ការរៀបចំ​សិក្ខាសាលា ក្រោម​កិច្ចសហការ​រវាង​ក្រុម​សហគ្រិន​វ័យក្មេង​ជប៉ុន និង​ម្ចាស់ផ្ទះ​កម្ពុជា​នេះ គឺ​ផែនការ​យុទ្ធសាស្ត្រ​រយៈកាល​វែង​សម្រាប់​ប្រទេស​ជប៉ុន និង​កម្ពុជា ដែល​ត្រូវ​បាន​ប្រារព្ធ​រៀបចំឡើង​គោលបំណង​ផ្លាស់ប្ដូរ ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា និង​ជប៉ុន ឱ្យ​កាន់តែ​រីកចម្រើន ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​ពាណិជ្ជកម្ម និង​អាជីវកម្ម​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​នា​ពេល​អនាគត ៕​