ក្រុង​តាខ្មៅ​ជាប់​ជ័យលាភី​ទីក្រុង​អាស៊ាន​នៅ​ប្រទេស​ព្រុយណេ​ ជា​មុខមាត់​ជាតិ​យ៉ាង​ពិត​ប្រាកដ​

149

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ នា​ខេត្ត​កណ្ដាល​បាន​រៀប​ចំ​ក្បួន​ដង្ហែ​ពានរង្វាន់​ទីក្រុង​ស្អាត​អាស៊ាន យ៉ាង​ឱឡារិក​ក្រោម​វត្តមាន​អភិបាលខេត្ត​កណ្ដាល​ឯកឧត្ដម​បណ្ឌិត ម៉ៅ ភិ​រុណ និង​ថ្នាក់ដឹកនាំ​រួម​ទាំង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល​។ ដោយ​ការ​ដង្ហែ​ក្បួន​នេះ មាន​សភាព​អ៊ូអរ​ខ្លាំង ក្រោម​សម្រែក​សាទរ​ពី​ក្រុម​អ្នក​ដង្ហែ​ក្បួន សិស្សានុសិស្ស​អម​តាម​ផ្លូវ ព្រមទាំង​ប្រជាពលរដ្ឋ​ក្រុង​តាខ្មៅ​ទាំង​អស់​នោះ​។

អភិបាលខេត្ត​កណ្ដាល​ឯកឧត្ដម ម៉ៅ ភិ​រុណ បាន​ថ្លែង​ថា នេះ​ជា​មោទកភាព​ណាស់​ដែល​ក្រុង​តាខ្មៅ ទទួល​ជ័យលាភី​ទីក្រុង​ស្អាត​អាស៊ាន​ពី​ទីក្រុង​ដា​រូ​ដា​ឡា​ម ប្រទេស​ព្រុយ​ណេនា​ពេល​កន្លងទៅ ដែល​នេះ​ពិតជា​មុខមាត់​ជាតិ​យើង​លើ​ឆាក​អន្តរជាតិ​យ៉ាង​ពិត​ប្រាកដ​មែន​។ ឯកឧត្ដម​បន្ត​ថា​ តាមរយៈ​គោលនយោបាយ​ឈ្នះ​ឈ្នះរបស់​សម្ដេច​តេ​ជោ​ហ៊ុន សែន កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញ​លេញ ពលរដ្ឋ​មាន​ជីវភាព​ធូរធារ​បាន​នាំមក​នូវ​ការ​រីក​ចំរើន​លើ​គ្រប់​វិស័យ និង​មានការ​រីក​ចំរើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ហើយ​ឈាន​ដល់​ការ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ ខាង​នេះ​ទៀត​ផង​។ ឯកឧត្ដម​អភិបាលខេត្ត​បាន​រំលេច​ថា ជា​ការពិត​ជ័យលាភី​ដែល​ខេត្ត​យើង​ទទួល​បាន​នា​ពេល​នេះ មិនមែន​បាន​មក​ដោយ​ចៃដន្យ​នោះ​ទេ តែ​វា​ពិតជា​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង ​ប្រកបដោយ​ឆន្ទៈ​មុះ​មុត​របស់​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត កិច្ចសហការ​ល្អ និង​ការចូលរួម​យ៉ាង​សកម្ម​ប្រកបដោយ​ការទទួលខុសត្រូវរបស់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ក្រុង ស្រុក ប្រតិបត្តិការ​ក្នុង​អាជីវកម្ម សេវា​កម្ម​ផ្សេងៗ បងប្អូន​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​នានា ក្នុង​ការ​ជំរុញ​ការអភិវឌ្ឍន៍​ក្រុង​របស់​យើង​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​លក្ខណៈ​វិនិច្ឆ័យ​ដែល​បាន​កំណត់ មាន​សូចនាករ​គោល​ចំនួន​៧ និង ១០៨ លក្ខណៈ​វិនិច្ឆ័យដែល​ទាម​ទារ​ឲ្យ​ក្រុង ខណ្ឌ បេក្ខភាព​ត្រូវតែ​បំពេញ​ឲ្យ​ខាន​តែ​បាន​តាម​លក្ខណៈ​វិនិច្ឆ័យ​នេះ។

ដើម្បី​ទទួល​បាន​ពានរង្វាន់​ក្នុង​ការ​ប្រឡង​ប្រណាំង​ ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ានគឺ​គ្រប់​សង្កាត់​ទាំង​១០ ​ក្នុង​ក្រុង​តាខ្មៅ​បាន​ចូលរួម​រៀបចំ និង​សំអាត​បរិស្ថាន​ឲ្យ​ស្របតាម​សូចនាករ​គោល​៧ ​សូចនាករ​លម្អិត ២៨ និង​លក្ខណៈ​វិនិច្ឆ័យ​ចំនួន ១០៨ នៃ​ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន។​ សូម​បញ្ជាក់​ថា ក្នុង​ចំណោម​ប្រទេស​ក្នុង​អាស៊ាន​យើង​នេះមាន ​៦​ទីក្រុងដែល​ត្រូវ​បាន​ដាក់បញ្ចូល​ឲ្យ​ប្រកួត ប្រណាំង​ទីក្រុង​ទេសចរណ៍​អាស៊ាន​ក្នុង​នោះ​ទីក្រុង​តាខ្មៅ ទីក្រុង​កំពត និង​ខណ្ឌ​ដូនពេញ ក៏​មាន​មានឈ្មោះ​ចូលរួម​ប្រកួត​ផង​ដែរ​៕

អត្ថបទ៖ ​បាន ចក់