សមាគមTYDA បានចុះផ្ដល់នូវស្នាមញញឹមថ្មីជាលើកទី៦ជូនដល់ប្រជាពលរដ្ឋនៅខេត្តកណ្ដាល

160

កណ្ដាល៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជជ(TYDA) បានចុះផ្ដល់នូវស្នាមញញឹមថ្មី
ជូនដល់ប្រជាពលរដ្ឋនៅខេត្តកណ្ដាលតាមរយៈការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួនជាង៤ពាន់ករណីនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាលនាចុងសប្តាហ៍នេះ។

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមបានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ លោកទាំងពីរបានឲ្យសមាគមចុះផ្តល់សេវាពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដល់មូលដ្ឋាន។

ជាក់ស្ដែងថ្ងៃនេះសមាគមបានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយមានការចូលរួមពីសំណាក់កម្លាំងស្ម័គ្រចិត្តនៃក្រុមការងារសមាគម TYDA ក្រុមការងារចុះជួយស្រុកកៀនស្វាយ អាជ្ញាធរ សប្បុរសជន យុវជន ផ្នែកដែលពាក់ព័ន្ធនានា និងប្រជាពលរដ្ឋប្រមាណជាង៣០០០នាក់ បានចូលរួមផងដែរ។

ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកៀនស្វាយ បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានបញ្ជូនករណីធ្ងន់ធ្ងរទៅព្យាបាលបន្តនៅរាជធានីភ្នំពេញបន្ថែមទៀត។ នេះគឺជាទឹកចិត្តមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នេះគឺជាលើកទី៦ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងខេត្តកណ្តាល៕