​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អបអរ​ចំពោះ​ស្នាដៃ​និង​សមិទ្ធផល ដែល​យោធភូមិភាគ​១​សម្រេច​បាន​នៅ​ឆ្នាំ​ចាស់ និង​ត្រៀម​សម្រេច​ការងារ​ឆ្នាំ​ថ្មី​

182

ភ្នំពេញ៖ នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០២០ របស់​យោធភូមិភាគ​ទី​១  ​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេ​រម​ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យោធភូមិភាគ​ទី​១ និង​បណ្តា​អង្គភាព​ចំណុះ ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត និង​សម្រេចបាន​នូវ​ភារកិច្ច​ទាំងឡាយ​ដែល​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ប្រគល់​ជូន​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅនេះ ក៏ដូចជា​កា​ត្រៀមលក្ខណៈ​សម្រាប់​ឆ្នាំ​២០២០ និង​បណ្តា​ឆ្នាំ​ទៅមុខទៀត ក្នុងនោះ​សំខាន់ គឺ​ការចូលរួម​ថែរក្សា​សន្តិភាព សន្តិសុខ​ជូន​ជាតិ និង​ប្រជាជន​។​

មេបញ្ជាការ​ជើងគោក​រូបនេះ បន្តថា សមិទ្ធផល​ការងារ​ទាំងនេះ ស្ដែង​ឱ្យឃើញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ភាពម្ចាស់ការ​ច្នៃប្រឌិត និង​ការប្តេជ្ញាចិត្ត​របស់​មេបញ្ជាកា​រ មេបញ្ជាការរង​គ្រប់លំដាប់​ថ្នាក់ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទូទាំង​យោធភូមិភាគ​ទី​១ ហើយ​សង្ឃឹមថា ថ្នាក់ដឹកនាំ និង​យោធិន​ទាំងអស់ នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវ​ស្មារតី និង​ឥរិយាបថ​ទាំងនេះ ហើយក៏​អាច​ធ្វើ​ការដកពិសោធន៍ ពិនិត្យ និង​វាយតម្លៃ​អំពី​លទ្ធផល​ការងារ​ដែល​សម្រេចបាន​មុនៗ ដើម្បី​ធានាបាន​នូវ​និរន្តរភាព​ការងារ និង​ការ​រីកចម្រើន​របស់​យោធភូមិភាគ​បន្ត​ទៅមុខទៀត​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​គាំទ្រ និង​ជំរុញ​ផងដែរ ឱ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច​ក្នុងនាម​កង​យោធ​ខេមរភូមិន្ទ ដោយ​ប្រកាន់យក​ការសម្រេចចិត្ត​ច្បាស់លាស់ និង​ប្រុងប្រយ័ត្ន ជាមួយនឹង​ការគិតគូរ​ពិចារណា​គ្រប់​ជ្រុងជ្រោយ ស្របតាម​រដ្ឋធម្មនុញ្ញ​, ច្បាប់ និង​នយោបាយ​ការពារជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្រេចបាន​សមិទ្ធិផល​កាន់តែ​ល្អប្រសើរ​ជូន​ជាតិ ប្រជាជន និង​មាតុភូមិ​យើង​៕​