សម្តេច​តេ​ជោ ហ៊ុន សែន មានបំណង​រៀបចំ​ពិធីជប់លៀង​ជូន​ភ្ញៀវទេសចរ​ដែលជា​ប់​ក្នុង​នាវា MS Wseterdam អោយបាន​ស្គាល់​បេះដូង​មនុស្សធម៌​កម្ពុជាពិត​

353

ភ្នំពេញ៖ កាលពី​ព្រឹក​មិញ​ថ្ងៃ​ទី​១៧ ខែ កុ​ម្ភៈ ២០២០ នៅ​ក្នុង​ពិធី​បូកសរុប​ការងារ​របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​» នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​អារម្មណ៍​សង្វេគ និង​អាណិតអាសូរ​យ៉ាងខ្លាំង​ដល់​អ្នកធ្វើដំណើរ​ជាង ២២០០ នាក់ ដែល​ត្រូវបាន​ជាប់​នៅក្នុង​នាវា​ទេសចរណ៍​ដ៏​ធំ​មួយ Ms Westerdam ដែល​ត្រូវបាន​កម្ពុជា​ទទួល​ស្វាគមន៍​អោយ​ចត​នៅក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី ១៤ កុ​ម្ភៈ ឆ្នាំ ២០២០​។

ក្រោយពី​បាន​ពិនិត្យ​សុខភាព​យ៉ាង​ហ្មត់ចត់​ទៅលើ​អ្នកទេសចរ​មួយចំនួន​ដែល​គ្មាន​សញ្ញា​វិជ្ជមាន​នៃ​មេរោគ​កូ​វីដ​១៩ (​កូ​រ៉ូ​ណា​)​នៅ​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អនុញ្ញាត​អោយ​អ្នកទេសចរ​ចំនួន ៥០០ នាក់​បានមក​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​សណ្ឋាគារ​សុខា​ទីក្រុង​ភ្នំពេញ ដើម្បី​រៀបចំ​សំបុត្រ​យន្តហោះ​ចេញពី​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​កំណើត​ពួកគេ​វិញ​។

ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានផ្តល់​យោបល់​អោយ សាលាក្រុង​ភ្នំពេញ​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​រថយន្ត​ដឹក​អ្នកទេសចរ​ដែល​កំពុង​ស្នាក់នៅ​ទីក្រុង​ភ្នំពេញ​បាន​ទស្សនា​រាជធានី​ភ្នំពេញ ដែល​ល្អប្រសើរ​ជាង​ទុក​ពួកគេ​អោយ​រស់​នៅតែ​ក្នុង​បន្ទប់​សណ្ឋាគារ​ពោរពេញ​ដោយ​អារម្មណ៍​តប់​ប្រមល់​ភ័យខ្លាច ដែល​ពួកគេ​អាច​យក​ពេលវេលា​រង់ចាំ​នេះ បាន​លំហែ​អារម្មណ៍​សប្បាយរីករាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បាន​ស្គាល់​ប្រទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​កាន់​តែច្រើន​ថែមទៀត​។

ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់ ភាពកក់ក្តៅ និង​បេះដូង​មនុស្សធម៌​ពិត​របស់​កម្ពុជា​ចំពោះ​ភ្ញៀវទេសចរ​ទាំងអស់ មកពី​នាវា MS Westerdam សម្តេច​តេ​ជោ ហ៊ុន សែន មានបំណង​នឹង​រៀបចំ​ពិធីជប់លៀង​ជូន​ពួកគេ​ទៀតផង ហើយ​សម្តេច​តេ​ជោ​ក៏​គ្រោង​នឹង​អញ្ជើញ​មន្ត្រី​តំណាង​ទូត​នៃ​ប្រទេស​នីមួយៗ​ដែលមាន​ពលរដ្ឋ​រប​ស់​ខ្លួន​កំពុង​ជាប់​នៅ​កម្ពុជា​ក្នុង​នាវា​ទេសចរណ៍​នេះ មានឱកាស​បានមក​ជួប​សួរសុខទុក្ខ និង​ចូលរួម​រក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ជួយ​ពលរដ្ឋ​ខ្លួន​អោយ​ឆាប់​បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ​។

ពិត​ណាស់ ចំពោះ​នាវា​ទេសចរណ៍​ដែលមាន​អ្នកធ្វើដំណើរ​ជាង ២០០០​នាក់ ដែល​បានមក​ដល់ទី​សុវត្ថិភាព​ក្នុង​ទឹកដី​កម្ពុជា​ហើយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ច្បាស់​ណាស់​ថា បើ​សាមី​ប្រទេស​គេ​មិន​ទទួលខុសត្រូវ​ទេ គឺ​កម្ពុជា​នឹង​បន្ត​មើលថែ​ពួកគេ​រហូតដល់​ថ្ងៃ​បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ។

កម្ពុជា​ទទួលខុសត្រូវ​លើ​កិច្ច​ការដែល​ខ្លួន​កំពុង​ធ្វើ​អោយ​បាន​ហ្មត់ចត់​និង​ល្អ​បំផុត ហើយ​បន្ត​សហការ​ជាមួយ​អង្គការ​ដៃគូ​នានា និង​សហគមន៍​អន្តរជាតិ​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល​នេះ​។ ទន្ទឹម​នឹង​នេះ​ដែរ គឺ​ដើម្បី​លុបបំបាត់​ជំងឺ​ភ័យខ្លាច​ជ្រុល និង​ជំងឺ​រើសអើង​ជ្រុល ដើម្បី​លើកស្ទួយ​តម្លៃ​សីលធម៌ គុណធម៌​ឡើងវិញ និង​ដើម្បី​សិទ្ធិ​រស់​រានមានជីវិត និង​សេច​ក្តីសុខ​របស់​មនុស្ស​ជាតិ​ទូទាំង​ពិភពលោក​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ជូន​ផងដែរ​ថា​ ទោះបី​នៅ​ប្រទេស​ណាក៏ដោយ មិនថាតែ​ប្រទេស​ចិន​ទេ​ប្រសិនបើ​ត្រូវការ​កម្ពុជា គឺ សម្តេច​តេ​ជោ នឹងចូលរួម​ដោយ​មិន​រារែក​ឡើយ​៕​