ក្រសួង​អភិវឌ្ឍន៍​ជនបទ​នឹង​ផ្តល់​ទឹកស្អាត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ពេញលេញ​នៅ​ឆ្នាំ ២០២៥

158

ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​លើកឡើង​ថា ឆ្នាំ​២០២៥​ខាងមុខ ក្រសួង​អភិវឌ្ឍន៍ជន​បទ នឹង​ផ្ដល់​ឲ្យ​ពលរដ្ឋ​នៅ​ជនបទ​មាន​ទឹក​ស្អាត​ប្រើប្រាស់ និង​អនាម័យ​រស់នៅ​ល្អ​ពេញលេញ​គ្រប់​ទីកន្លែង​។

កា​រលើកឡើងរ​បស់ ឯកឧត្តម ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន តាមរយៈ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្តី​ការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០២០​នេះ​។ ឯកឧត្ដម បាន​មានប្រសាសន៍ថា ក្រសួង​អភិវឌ្ឍន៍​ជនបទ មាន​ផែនការ​ផ្គង់​ផ្គត់​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​នៅ​ជនបទ​បាន​ប្រើស​ប្រាស់ ឲ្យ​បាន​១០០% នៅ​ឆ្នាំ​២០២៥​។

​​​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍​ជន បាន​បញ្ជាក់​ថា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​នៅ​ជនបទ​នឹង​រស់នៅ​ជាមួយ​អនាម័យ ផាសុក​ភាព​ល្អ ខណៈ​បច្ចុប្បន្ន​នេះ ​ក្រសួង​បាន​កំពុង​ជំរុញ​ពលរដ្ឋ​ឲ្យ​មាន​បង្គន់​ប្រើប្រាស់​គ្រប់​លំនៅឋាន និង​បញ្ឈប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​។

​​​ទន្ទឹម​នឹងនេះ អ្នកនាំពាក្យ​រូប​នេះ គូសបញ្ជាក់​ទៀតថា ជាមួយ​ទិសដៅ​អភិឌ្ឍន៍​ដ៍​សំខាន់​នេះ ក្រសួង​ទទួលបាន​ការផ្គត់ផ្គង់ ហិរញ្ញប្បទាន ហិរញ្ញប្បទាន​ឥត​សំណង ពី​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន មាន​ទាំង​អភិវឌ្ឍន៍​ធំៗ ជា​អន្តរជាតិ ទាំង​ទ្វេភាគី និង​ពហុភាគី បន្ថែម​ពីលើ​ថវិកា​របស់​រាជរដ្ឋាភិបាល​។​

​​​បន្ថែម​លើស​ពីនេះ ឯកឧត្តម ចាន់ ដា​រ៉ុង បានឱ្យដឹង​ទៀតថា ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន​៤៧ បាន​ចុះ​អនុស្សរណៈ​យោគយល់ ក្នុងការ​លើកកម្ពស់​អនាម័យ​រស់នៅ​ប្រជាពលរដ្ឋ ជំរុញ​ជំនាញ​ដាំ​ដុះ ការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ រួមទាំង​ផ្តល់​ការអប់រំ​កុមារកំព្រា​ជាដើម​។​

​​​សូម​បញ្ជាក់​ដែរ កា​រលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍ​ជនបទ ក្នុង​សន្និសីទ​នេះ ​មាន​គោលបំណង​បង្ហាញ​ពី​សកម្មភាព​សមិទ្ធផល និង​ទិសដៅ​ការងារ​របស់​ក្រសួង​អភិវឌ្ឍន៍ ក្នុងទិសដៅ​ជំរុញ​គោលនយោបាយ​អភិបាលកិច្ច​ឱ្យ​កាន់​តែមាន​ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្ត្រ​ដំណាក់កាល​របស់​រាជរដ្ឋាភិបាល​៕​