ក្រសួងពាណិជ្ជកម្ម​លើកកម្ពស់​ការ​យល់ដឹង​បន្ថែម​អំពី​ការវិភាគ​ហានិភ័យ​សុវត្ថិភាព​ម្ហូបអាហារ​

159

ភ្នំពេញ៖ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ដោយមាន​កិច្ចសហការ និង​ទទួល​បាន​ជំនួយ​បច្ចេកទេស​គាំទ្រ​ពី​គម្រោង​អង្គការ​ស្បៀង​និង​កសិកម្ម នៃ​សហប្រជាជាតិ បានរៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ ស្ដីពី​ការ​លើកកម្ពស់​ការចូល​រួម​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការងារ​កូ​ដិ​ច​នៅ​កម្ពុជា​។​

​​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​កុ​ម្ភៈ​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋ​មន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​អន្តរក្រសួង​សម្របសម្រួល​ការត្រួតពិនិត្យ​គុណភាព សុវត្ថិភាព ផលិតផល​និង​សេវាកម្ម និង​គណៈកម្មាធិការ​កូ​ដិ​ច​ជាតិ បាន​លើកឡើង​អំពី​សារៈសំខាន់​ក្នុង​ការ​បង្កើន​សមត្ថភាព​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកទេស ដល់​មន្ត្រី​នៃ​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ឱ្យបាន​យល់ដឹង​ស៊ីជម្រៅ​ពី​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​កិច្ចការ​កូ​ដិ​ច ក៏ដូចជា​ការរៀបចំ​គោលជំហរ​ជាតិ និង​ការ​ចរចារ​ដោះស្រាយ​បញ្ហា ដើម្បី​ជំរុញ​ការចូលរួម​របស់​កម្ពុ​ជា ឱ្យ​បាន​សកម្ម និង​មាន​ប្រសិទ្ធភាព​ក្នុង​ដំណើរការ​រៀបចំ​អភិវឌ្ឍន៍​ស្តង់ដារ​គុណភាព​និង​សុវត្ថិភាព​ម្ហូបអាហារ ក្នុង​ក្របខណ្ឌ​នៃ​គណៈកម្មការ​កូ​ដិ​ច​អា​លី​ម៉ិ​នតា​រី​អឺស ដែលជា​ស្ថាប័ន​អន្តររដ្ឋាភិបាល ក្រោម​កម្មវិធី​ស្តង់ដារ​ម្ហូបអាហារ​រួមគ្នា​របស់​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក​។​

​​ទាក់ទង​គោលបំណង​នៃ​អង្គសិក្ខាសាលា​ខាងលើ លោក Alexandre Huynh តំណាង​អង្គការ​ស្បៀង និង​កសិកម្ម​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា ដើម្បី​ស្វែងយល់​ពី​រចនាសម្ព័ន្ធ និង​មុខងារ​របស់​កូ​ដិ​ច ការវិភាគ​ហានិភ័យ​សុវត្ថិភាព​ម្ហូបអាហារ គោលការណ៍​ស្ដីពី​ការសិក្សា​វាយតម្លៃ​ហានិភ័យ និង​តួនាទី​របស់​ក្រុម​អ្នកជំនាញ​វិទ្យាសាស្ត្រ​ផ្សេងៗ​គ្នា របស់​អង្គ​ស្បៀង​និង​កសិកម្ម និង​ការអនុវត្ត​ផ្ទាល់​តាមរយៈ​កិច្ចពិភាក្សា​ដេញដោល​ជា​ក្រុម ដោយមាន​ការរៀបចំ​ជា​គោលជំហរ​ជាតិ ដើម្បី​បង្ហាញ​ពី​ការគាំទ្រ ឬ​ប្រឆាំង​ជំទាស់ ក៍​ដូចជា​ការចរចារ​បញ្ចុះ​បញ្ចូល ស្របទៅតាម គោលបំណង​របស់​កូ​ដិ​ច នៅក្នុង​ដំណើរការ​រៀបចំសេចក្ដី​ព្រាង​ស្តង់ដារ​កូ​ដិ​ច ដោយ​ផ្អែក​តាម​ទស្សនវិស័យ បរិយាបន្ន សហការ ឯកភាព​និង តម្លាភាព​។ សិក្ខាសាលា​នេះ មាន​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែ​កុ​ម្ភៈ ឆ្នាំ​២០២០៕​