អា​រ៉ា​ប៊ី​សា​អូឌីត​មើល​ឃើញ​ថា កម្ពុ​ជា​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រា​ដក ខណៈ​គ្មាន​សង្គ្រាម​សាសនា​

263

ភ្នំពេញ៖ លោក Saud F.M. Al Suwelim ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​អះអាង​ថា ប្រទេស​កម្ពុជា គឺ​ពិត​ជា​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ខណៈ​ប្រទេស​មួយ​នេះ គឺ​មិនដែល​ឃើញ​មាន​សង្គ្រាម​សាសនា​កើតឡើង ហើយ​ថែមទាំង​កៀរគរ​គ្រប់​លទ្ធិ​ទាំងអស់​ចូលរួម អប់រំ​អំពី​បញ្ហា​សង្គម​ផង​ដែរ​។​

ការ​ថ្លែង​របស់​លោក Saud F.M. Al Suwelim គឺ​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

លោក ​Saud F.M. Al Suwelim ​បាន​លើក​ឡើង​ថា «​អា​រ៉ា​ប៊ី​សា​អូឌីត សូម​អបអរសាទរ និង​សរសើរ​យ៉ាងខ្លាំង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ របស់​ខ្លួន​គោរព​ប្រតិបត្តិ​បាន​ដោយ​សេរី​ចំពោះ​សាសនា​ទាំងអស់​។ កត្តា​នេះហើយ​ជា​ប្រជាធិបតេយ្យ​ពិតប្រាកដ ដែល​ប្រជាពលរដ្ឋ​ទូទៅ​ចង់បាន​»​។ ជាមួយគ្នា​នោះ​លោក​ឯកអគ្គ​រដ្ឋ ទូត​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏បាន​ចូលរួម​ត្រេកអរ​ចំពោះ​កម្ពុជា ដែល​ទទួលបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​រហូតដល់​សព្វថ្ងៃនេះ​ផងដែរ​។​

ថ្លែង​នៅ​ក្នុង​កិច្ច​ជំនួប​នោះ​ដែរ សម្តេច​ក្រឡាហោម ស ខេង​ បាន​ថ្លែង​អំណរ​អគុណ ចំពោះ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បាន​ជួយ​លើ​កម្ពស់​នូវ​វិស័យ​ធនធានមនុស្ស ដល់​កម្ពុជា​រហូត រៀងមក​ដោយ​មិន​ប្រកាន់​ថា អ្នក​កាន់សាសនា ឥស្លាម​ឬក៏​ព្រះពុទ្ធ​ក៏ដោយ​នោះ​។​

សម្តេច​ក្រឡាហោម ស ខេង ក៏បាន​លើក​ផងដែរ​ថា ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន នេះ​គឺ​មាន​លទ្ធិ​សាសនា​ជាច្រើន ដែល​ប្រជាពលរដ្ឋ​កំពុង​គោរព​ប្រតិបត្តិ​ផ្សេងៗ​គ្នា ហើយ ការគោរព​នេះ គឺ​ពុំ​មានការ​រឹតត្បិត​អ្វី​នោះឡើយ ថែមទាំង​បាន​យក​សាសនា​ទាំងនោះ មក​ឲ្យ​ជួយ​អប់រំ​ដល់​សង្គម​ដូចជា បញ្ហា​គ្រឿងញៀន បញ្ហា​ចរាចរណ៍ និង​បញ្ហា​ការជួញដូរ មនុស្ស​ជាដើម​ផងដែរ​។​

នៅ​ក្នុង​កិច្ច​ជំនួប​នោះ​សម្តេច​ក្រឡាហោម ស ខេង និង​លោក Saud F.M. Al Suwelim ក៏បាន​សន្យា​រួមគ្នា​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អា​រ៉ា​ប៊ី​សា​អូឌីត​កាន់តែ​ល្អប្រសើ​បន្ថែម​ទៀត​ផងដែរ ជាពិសេស​កិច្ច​សហប្រតិបត្តិការ​រ​វាង​ក្រសួងមហាផ្ទៃ​នៃ​ភាគី ទាំងពីរ និង​បញ្ហា​សន្តិសុខ​ជាដើម​នោះ​៕