ឯកឧត្តម ​ច័ន្ទ ​សុផល​៖ ការអនុវត្ត​វិមជ្ឈការ និង​វិសហមជ្ឈការ​ជា​កត្តា​សំខាន់​បម្រើ​ជូន​ប្រជាពលរដ្ឋ​

151

ភ្នំពេញ៖ ឯកឧត្ដម ច័ន្ទ សុផល អនុប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា បាន​ជំរុញ​ដល់​មន្ត្រី​ត្រូវតែ​អនុវត្ត​កិច្ចការ​វិមជ្ឈការ និង​វិសហមជ្ឈការ ដោយសារ​នេះ​ជា​កត្តា​សំខាន់​សម្រាប់​បម្រើជូន​ប្រជាពលរដ្ឋ​។

កា​រលើកឡើងរ​បស់ ឯកឧត្ដម ច័ន្ទ សុផល អនុប្រធានគណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា​តំណាង​ឯកឧត្ដម ហ៊ុន ណេង ប្រធាន​គណៈកម្មការ បាន​អញ្ជើញ​ចុះ​ជួប​ប្រជុំ និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។

​​​ឯកឧត្ដម ច័ន្ទ សុផល មានប្រសាសន៍ថា យន្តការ​ដឹកនាំ​ការងារ​កំណែទម្រង់​វិមជ្ឈការ វិសហមជ្ឈការ​របស់​ថ្នាក់មូលដ្ឋាន​មាន​លក្ខណៈ​យ៉ាងណា​ក្នុង​ដំណើរការ​អនុវត្ត​កិច្ចការ​វិមជ្ឈការ វិសហមជ្ឈការ ការអនុវត្តន៍​មុខងារ​និង​រចនាសម្ព័ន្ធ​រដ្ឋបាល​ស្រុក​-​ខណ្ឌ​-​ក្រុង ការងារ​អន្តោប្រវេសន៍ ការងារ​ទំនាក់ទំនង​និង​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល ការងារ​គ្រប់គ្រង​ពន្ធនាគារ បញ្ហា​ពលករ​ចំណាកស្រុក និង​មុខងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​ដែល​ថ្នាក់ជាតិ ​បាន​ផ្ទេរ​ឱ្យ​រដ្ឋបាល​មូលដ្ឋាន​ក្នុង​ពេល​ថ្មីៗ ដើម្បី​រួមគ្នា​រក​ដំណោះស្រាយ​។​

​​​បន្ថែម​លើស​ពីនេះ ឯកឧត្ដម​បន្តថា ការចុះ​បំពេញ​បេសកកម្ម​នេះ ​គឺ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ភូមិសាស្ត្រ​របស់​ខេត្ត ផល​ប៉ះពាល់ និង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ច្បាប់ ក៏ដូចជា​កិច្ចការ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ។

​​​ឯកឧត្ដម ​ក៏បាន​លើកទឹកចិត្ត និង​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត និង​សហការី​ទាំងអស់​រួមគ្នា​ខិតខំ​បំពេញការងារ​បន្ថែម​ទៀត​។​ចំណែក​បញ្ហា​ប្រឈម​ដែល​ខេត្ត​និង​អង្គភាព​មន្ទីរ​បានលើកឡើង គណៈកម្មការ​បាន​បញ្ជាក់​ថា និង​ពាំ​នាំយក​បញ្ហា​ប្រឈម និង​ការលំបាក​របស់​ខេត្ត​ជម្រាប​ជូន​សម្តេច​ប្រធានរដ្ឋសភា ដើម្បី​ធ្វើ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​ខេត្ត​មានលទ្ធភាព​ពេញលេញ​ក្នុងការ​បំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​របស់​ប្រទេសជាតិ​៕