សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមហ៊ុន​នាវា​Westerdam Holland America Line ជួប​សំដែង​ការ​អរគុណ​

300

ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វិមាន​សន្តិភាព​រសៀល​ថ្ងៃ​ទី​១៨​កុម្ភៈ​នេះដែរ បានអនុញ្ញាត​ឱ្យ​លោក អរ​ឡិន​ដូ អា​ស្វដ (Orlando Ashford) ប្រធាន​ក្រុមហ៊ុន Holland America Line ប្រធាន​ក្រុមហ៊ុន​នាវា​ទេសចរណ៍​(Westerdam) ចូលជួប​ថ្លែងអំណរគុណ ចំពោះ​ការសម្រេចចិត្ត​ដ៏​សប្បុរសធម៌​ឱ្យ​នាវា​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។​

នៅក្នុង​ជំនួប​នេះ​សម្ដេច​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​អ្នកធ្វើដំណើរ​តាម​កប៉ាល់ មិន​ត្រឹមតែ​រៀបចំ​ជប់លៀង​និង​យកចិត្តទុកដាក់​លើ​សុខភាព​ប៉ុណ្ណោះ​ទេ​ថែមទាំង​រៀបចំ​យន្តហោះ​ឲ្យ​អ្នកដំណើរ​ទាំងនោះ​បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​គាត់​វិញ​ផងដែរ​។​

​​​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ​នៅក្នុង​ជំនួប​នេះ សម្តេច​បាន​វាយតម្លៃ​ខ្ពស់ និង​បានកត់សម្គាល់​លើ​3​ចំណុច​ដោយបាន​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុន​ដែល​បាន​គិតដល់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការងារ​មនុស្សធម៌​នេះ​។​

​​លោក​Orlando បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ​នឹង​ជូន​ប្រជាជន​កម្ពុជា​ក៏ដូចជា​អាជ្ញាធរ​កម្ពុជា​ចំពោះ​សណ្តាន​ចិត្តដ៏​ល្អ ប្រកបដោយ​ភាពកក់ក្តៅ​និង​ជួយ​ថែរក្សា​ទទួល​អ្នកដំណើរ​និង​ពិនិត្យ​ជំងឺ​ជូន​ដល់​អ្នកដំណើរ​ជាពិសេស​ទៀត​នោះ​អនុញ្ញាត​ឲ្យ​កប៉ាល់​ចុះចត​នៅ​ខេត្ត​ព្រះសីហនុ​។​លោក​បាន​ជម្រាបជូន​សម្ដេច​ផងដែរ​ថា​ថ្ងៃនេះ​ឬ​ថ្ងៃស្អែក​នឹងមាន​យន្តហោះ​មក​ដឹក​អ្នកដំណើរ​ទាំងនោះ​ត្រឡប់​ទៅ​ប្រទេស​គាត់​វិញ​ហើយ​៕