​ទូត​សហរដ្ឋអាមេរិក​អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ថាបើ​សម្តេច​មិន​អនុញ្ញាត​ឱ្យ​នាវា​Westerdam ចូល​ចត​ទេ​វិបត្តិ​មនុស្សធម៌​នឹង​កើតមាន​ជាមិនខាន

204

ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព​ជាមួយនឹង​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថា ប្រសិនបើ​សម្តេច​មិន​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍​«Westerdam»​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ទេ នោះ​វិបត្តិ​មនុស្សធម៌​នឹង​កើតមាន​ជាក់​ជាមិនខាន​។​

​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​មានប្រសាសន៍​ទាក់ទង​នឹង​ការជួយ​បែបនេះ ខណៈ​សម្តេច​ បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Patrick Murphy ទូត​សហរដ្ឋអាមេរិក​រូបនេះ ចូលជួប​សំដែង​ការគួរសម និង ថ្លែងអំណរគុណ ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរសធម៌​និង​ទូលំទូលាយ​របស់​សម្តេច​ដែល​បាន​សម្រេចចិត្ត​ដ៏ សប្បុរសធម៌ ក្នុងការ​អនុញ្ញាតឱ្យ​នាវា​«Westerdam» ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៣​កុម្ភៈ ខណៈ​ប្រទេស​ចំនួន​៥ និង​កោះ​១ មិន​អនុញ្ញាត​ឱ្យចូល​ដោយសារតែ​ការភ័យខ្លាច ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ ហៅថា​៖(COVID19)​។​

​​​ក្នុងជំនួប​ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ទី​១៨​កុម្ភៈ​នេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ បាន​បញ្ចាក់​ឱ្យដឹង​ថា​៖ នៅក្នុង​ជំនួប​នេះ ឯកឧត្តម​បាន​គោរព​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ក៏ដូចជា​ប្រជាជន​កម្ពុជា​ដែល​ទាំងមូល​ដែល​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត និង​ជា​កាយវិការ​មនុស្សធម៌​ដ៏​ពិតប្រាកដ​។​

សម្ដេច​តេ​ជោ បាន​អរគុណ​ចំពោះ​ពាក្យពេចន៍​ដ៏​ល្អប្រសើរ របស់​ឯកឧត្តម​ផា​ទ្រិ​ក ហើយ​សម្ដេច មានប្រសាសន៍​បន្ថែមថា អ្វីដែល​កម្ពុជា​ធ្វើ គឺ​ដើម្បី​ការងារ​មនុស្សធម៌​សុទ្ធសាធ ហើយ​ជាងនេះទៀត​ការងារ​ដែល​បានធ្វើ​នេះ គឺ​ធ្វើ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​អ្វីដែល​ហៅថា វិបត្តិ​ម​បុស្ស​ធម៌ ព្រោះថា​ប្រសិន​ណា បើក​ប៉ាល់​westerdam​នេះ មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ទេ មិនដឹងថា​កប៉ាល់​នេះ ត្រូវបាន​ទៅ​ចូល​ចត​នៅទីណា​ទេ ហើយ​ម្យ៉ាងទៀត​ប្រសិនបើ​មាន​អ្វី​កើតឡើង​នៅលើ​កប៉ាល់​នោះ អ្នកដំណើរ​ពិត​ជាមាន​បញ្ហា​ជាមិនខាន​។ សម្ដេច​បានបញ្ជាក់​ផងដែរ​ថា​កាយវិការ​របស់​កម្ពុជា​នៅពេលនេះ បើទោះបី កប៉ាល់​មាន​អ្នកជំងឺ ក្ដី ក៏​កម្ពុជា​នៅតែ​ឲ្យ​ចូល​ចត​នៅ​កម្ពុជា​ដែរ ហើយ​កាន់តែ​ឱ្យចូល​ចត​កាន់តែ​លឿន​បំផុត​ទៀតផង ព្រោះថា​ដើម្បី​ធ្វើយ៉ាងណា​ជួយសង្គ្រោះ​អ្នកជំងឺ​នៅលើ​កប៉ាល់ ហើយក៏​ដូចជា​ជួយសង្គ្រោះ​ប្រជាជន ដែល​នៅក្នុង​កប៉ាល់​នោះ​មិន​ឲ្យ​ឆ្លង ពី​អ្នកជំងឺ​ដែលមាន​មេរោគ​កូ​រ៉ូ​ណា​នេះ​។

សម្តេច​បាន​បន្តថា សម្ដេច​បាន​ចុះ​ទៅដល់​ក្រុងព្រះសីហនុ បាន​ទៅ​កន្លែង​កប៉ាល់​ចូល​ចត សម្ដេច​ពិតជា​មាន​ក្ដី សង្វេគ​ចិត្ត​ខ្លាំងណាស់ ពេល​ឃើញ​អ្នកដំណើរ​ចុះមក​ពី​កប៉ាល់ ដោយ​ទឹកមុខ​រីករាយ ហើយ​ខ្លះទៀត បាន ឱន​លុតជង្គង់​ថើប​ដី ដែល​នោះ​គឺជា​កាយវិកា​មួយ​ដែល​ធ្វើឱ្យ​សម្ដេច​មាន​ភាព​តក់ស្លុត​បំផុត ហើយ​អ្វី​ដែលជា​កត្តា​សំខាន់​ពីរ​នោះ​ទៀត​នោះ សម្ដេច​បាន​មានប្រសាសន៍ថា នៅពេលនេះ​អ្នកដំណើរ​តាម​កប៉ាល់​ភាគច្រើន​បាន​ចេញពី​កម្ពុជា​ទៅហើយ ហើយ​មិនមាន​ផ្ទុកមេរោគ​អ្វី​សោះឡើយ លើកលែងតែ​អ្នកដំណើរ​ម្នាក់​ដែល​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី សុខាភិបាល​ម៉ាឡេស៊ី បញ្ជាក់ថា​មាន​ជំងឺ​នេះ ប៉ុន្តែ​អ្វី​យ៉ាងណាក៏ដោយ ក៏​កម្ពុជា​ស្នើសុំ​ឲ្យ​ពិនិត្យឡើងវិញ​ដែរ ថា​តើ​ពិតជា​មាន​មែនឬ​អត់​? ព្រោះថា​អ្នកដំណើរ នៅ​កម្ពុជា​ទាំង​ប៉ុន្មាន ដែល​បានធ្វើ​តេស្ត កន្លងមក គឺ​មិនមាន​ទេ ហើយ​អ្នកដំណើរ​ដែល​បាន​ទៅដល់​ប្រទេស​ថៃ ក៏​ខាង​រដ្ឋាភិបាល​ថៃ ក្រសួងសុខាភិបាល​ថៃ បញ្ជាក់ថា មិនមាន​ជំងឺ​នេះដែរ​។

ម្យ៉ាងទៀត​ថ្មីៗ​នេះ​អ្នកធ្វើការ​នៅលើ​កប៉ាល់ ដែលជា​ជនជាតិ​ឥណ្ឌូនេស៊ី ប្រមាណ​២៦៣​នាក់ ក៏ត្រូវ​បាន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូនេស៊ី ប្រកាសថា​មិនមាន​ជំងឺ​នេះដែរ​៕