គណៈកម្មាធិការ​ជាតិ​អេស្កាប់ ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ជាមួយ ប្រទេស​ជា​សមាជិក​អេស្កា​ប់​បន្ថែម​ទៀត

112

ភ្នំពេញ ៖ ​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អេស្កា​ប់ ឯកឧត្តម​ លី ធុជ បាន​ថ្លែងថា ​គណៈកម្មាធិការ​ជាតិ​កម្ពុជា​អេ​ស្កាប់ ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​សមាជិក​ UNESCAP​ បន្ថែមទៀត​ទាក់ទង​ នឹង​ការ​អភិវឌ្ឍ​សង្គម ​និង​ សេដ្ឋកិច្ច​។

ថ្លែង​នៅ​ក្នុង​កម្មវិធី​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ របស់ ​គណៈកម្មាធិកា​រ​ជាតិ​អេ​ស្កា​ប់ ស្តីពី​វឌ្ឍនភាព​ការងារ ​ការ​ប្រឈម​នានា ​និង​ទិសដៅ​ឆ្ពោះ​ទៅមុខ​សម្រាប់​ឆ្នាំ​២០២០ ​នា​ព្រឹក​ថ្ងៃទី​១៩ ​ខែ កុម្ភៈ ឆ្នាំ​២០២០​នេះ​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ លី ធុជ បាន​លើកឡើងថា ​ដើម្បី​បន្ត​ដល់​ការ គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​រៀបចំ​គោលនយោបាយ ​យុទ្ធសាស្ត្រ ​និង​ផែនការ ​សកម្មភាព ​សំដៅ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គមកិច្ច ប្រកបដោយ​ចីរភាព ​និង​ធានា​បាន​នូវ ​និរន្តរភាព ​និង​ចរន្ត​ការងារ គណៈកម្មាធិការ​ជាតិ​អេស្កាប់ ​បានកំណត់​នូវ​ទិសដៅ​ជាច្រើន ដូចជា​ ៖

បន្ត​ពង្រឹង​កិច្ច​សិក្សា​ស្រាវជ្រាវ​វិភាគ​បែប​គោលនយោបាយ ​ដែល​ពាក់ព័ន្ធ​ទៅនឹង ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ​ដើម្បី​ជា​ធាតុ​ផ្សំ​សម្រាប់​ស្នើ​បញ្ចូល​ទៅក្នុង​ផែនការ​យុទ្ធ ​សាស្ត្រ​អភិវឌ្ឍ​ជាតិ​។ បន្ត​រៀប​ចំ​សិក្ខាសាលា​សាង​សមត្ថភាព និង​ចែករំលែក​ចំណេះដឹង ​ទាក់ទង​ទៅ​នឹង​គោលនយោបាយ ​និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដល់​ស្ថាប័ន ​នានា ជាពិសេស​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​។ បន្ត​គៀង គរ ​ធនធាន​ដើម្បី​អនុវត្ត​សកម្មភាព ​កសាង​សមត្ថភាព​ និង​ស្រាវជ្រាវ​របស់​គណៈកម្មាធិការ​ជាតិ ​អេស្កា​ប់​។ ​បន្ត​ជួយ​គាំទ្រ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​ក្នុង​កិច្ចការ​នានា ​ដែល​អាច​ធ្វើ​ទៅបាន​។ និង​គ្រោង​ នឹង​រៀបចំ​ព្រឹត្តិការណ៍​អម នៅក្នុង​សន្និបាត​ប្រចាំ​លើក​ទី​៧៦ ​របស់ UNESCAP​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ ​នា​ចុង ឆ្នាំ​២០២០​ខាងមុខនេះ​។

ជាមួយគ្នា​នោះដែរ ​ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​ លី ធុជ ​ក៏បាន​លើកឡើង​អំពី​ភាព​ជោគជ័យ​របស់​គណៈកម្មាធិការជាតិ​ អេ​ស្កា​ប់​ កម្ពុជា ​ដែល​បាន​ទទួល​នា ​ឆ្នាំ​កន្លងមក​ ដោយ​ថ្នាក់ ​ដឹកនាំ​របស់ អេស្កាប់ (UNESCAP​ គណៈកម្មាធិការជាតិ​ទទួល​បន្ទុកសេដ្ឋកិច្ច ​និង​សង្គមកិច្ចសម្រាប់អាស៊ី ​និងប៉ាស៊ីហ្វិក) ​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​ក្នុង​ការ​រួមគ្នា​ដោះស្រាយ​រាល់​បញ្ហា​ដែល​ កើតមានឡើង​ចំពោះមុខ​ផងដែរ​៕