កសិករ ​សប្បាយរីករាយ​ និង​គាំទ្រ​ប្រសាសន៍​សម្តេច​តេ​ជោ​ ​​ប្រកាស​​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ សាច់ ​ពី​​ប្រទេស​ខាងក្រៅ

250

កណ្ដាល ៖ បណ្តា​ប្រជាកសិករ​លើ​កោះអន្លង់ចិន បាន​ថ្លែង​ការ​សប្បាយរីករាយ ​និង​គាំទ្រ​ប្រសាសន៍​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​​ប្រកាស​​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ សាច់ ​​ដែល​ផ្ទុក​សារធាតុ​គីមី ពី​​ប្រទេស​ខាងក្រៅ។

បើ​តាម​លោក សោម ទូច ជា​ប្រជាកសិករ នៅក្នុង​សង្កាត់​កោះអន្លង់ចិន ​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​១៩​ ខែកុម្ភៈ​នេះ​ថា ​ លោក​សប្បាយចិត្ត​ណាស់ ​បន្ទាប់ពី​លោក បាន​ស្តាប់​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ​ដែល​លើកឡើង​ពាក់ព័ន្ធ​នឹង​ប្រកាស​​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ សាច់ ​ពី​​ប្រទេស​ខាងក្រៅ ហើយ​សម្រាប់​លោក​ផ្ទាល់ លោក នឹង​ពង្រីក​ផ្ទៃដី​ដាំ​បន្លែ​របស់​លោក​អោយ​បាន​ច្រើនជាង​នេះ ​ដើម្បី​រួមចំណែក​បង្កើន​ផ្គត់ផ្គង់​ទីផ្សារ​បន្លែ​ផ្លែឈើ​នៅក្នុង​ស្រុក​អោយបាន​ច្រើន​។

ដោយឡែក​សម្រាប់​បណ្តា​ប្រជាកសិករ​ផ្សេងៗ ទៀត បាន​ថ្លែងថា ​ចំពោះ​ការកាត់បន្ថយនាំ​បន្លែ​ផ្លែឈើ ដែល​មិនមាន​សុវត្ថិភាព​មកពី​ក្រៅប្រទេស គឺអាច​នឹង​អោយ​បន្លែ​ផ្លែឈើ​ដែល​ដាំ​បាន​នៅក្នុង​ស្រុក​មានតម្លៃ​ល្អ ដែល​នេះ​ គឺជា​កំលាំង​ចិត្តធំ​បំផុត សម្រាប់​ពួកគាត់ ក្នុងការ​ជំរុញ​ការ​បន្លែ​ផ្លែឈើ​អោយបាន​ច្រើន​ថែមទៀត​។

នៅ​ថ្ងៃ​ម្សិលមិញ​នេះ ​សម្តេច​តេ​ជោ ​បាន​ប្រកាស​បំផុស​អោយ​បណ្តា​ប្រជាកសិករ បង្កើន​ការដាំដុះ​បន្លែ​គ្មាន​ជីគីមី​ នៅក្នុង​ស្រុក ហើយ​ប្រកាស​​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ សាច់ ​​មាន​សារ​ធាតុគីមី​នាំចូល​មកពី​ក្រៅប្រទេស​។ ទន្ទឹមនឹងនេះ​ សម្តេច​តេ​ជោ ក៏បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​ជំរុញ​ការដាំដុះ​បន្លែ​ផ្លែឈើ ​បង្កើន​ការ​ចិញ្ចឹម​ត្រី ​ចិញ្ចឹម​សត្វ ​ឲ្យ​បាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​នៅ​តាម​ហាង​អាហារដ្ឋាន​ធំៗ នឹង​នៅ​តាម​សណ្ឋាគារ ​ និង​បំពេញ​សេចក្តី​តម្រូវការ​ម្ហូបអាហារ​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ដែល​នេះ គឺជា​ផ្នែក​មួយ ​នៃ​ការនាំចេញ​កសិផល​នៅ​នឹងកន្លែង​ ដោយ​មិន​ចំណុះ​ទៅលើ​ផ្សារ​ខាងក្រៅ​នោះទេ​៕