ចំនួន​អ្នក​ស្លាប់​ដោយ​​ជំងឺ​ COVID-19 កើន​ឡើង​ដល់​ ​២,០០៩​នាក់ ​និង​ករណី​​ឆ្លង​ឡើង​ដល់ ​៧៥,១៩៦​ នៅ​ទូទាំង​ពិភព​លោក

83

ចិន៖ គណៈកម្មាធិការ​សុខភាព​ជាតិ​បាន​ឱ្យ​ដឹង​ថា​ ចំនួន​អ្នក​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​ថ្មី​​ ក្នុង​ប្រទេស​ចិន​បាន​កើន​ឡើង​ដល់​ជាង​ ២០០០​នាក់​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​មនុស្ស​ចំនួន ១៣៦​នាក់​បានបាត់​បង់ជីវិត​បន្ថែម​ទៀត ​ដោយ​ចំនួន​ករណី​ថ្មី​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល ២​ថ្ងៃ​ជាប់​គ្នា​។

នេះ​នាំ​ឱ្យ​មាន​ចំនួន​ការ​ឆ្លង​សរុប​ ដែល​បាន​បញ្ជាក់​នៅ​ចិនដីគោក​ឡើង​ដល់ ​៧៤.១៨៥​ករណី។​ យោង​តាម​សារ​ព័ត៌មាន South China Morning Post ចំនួន​អ្នក​បាត់​បង់ជីវិត​ក្នុង​ប្រទេស​ចិន​កើនដល់ ​២,០០៤​នាក់​ និង​នៅ​ក្រៅពី​ប្រទេស​ចិន​មាន​ ៥​នាក់ ហើយ​ការ​ឆ្លង​ជំងឺ​នេះ​កើន​ឡើង​ដល់​ ៧៥,១៩៦​ករណី និង​អ្នកជា​សះស្បើយ​ឡើង​ដល់ ​១៤,៤៤៩​នៅ​ទូទាំង​ពិភពលោក​។​ ចំនួន​អ្នក​បាត់បង់​ជីវិត​បាន​កើន​ឡើង​ដល់ ២.០០៤នាក់​ ដែល​ភាគច្រើន​នៃ​ការ​អ្នក​បាត់បង់​ជីវិត​នៅ​ភាគ​កណ្ដាល​ខេត្ត​ហ៊ូ​ប៉ី ​ជាទី​ដែល​វីរុស​នេះ​បាន​ផ្ទុះ​ឡើងជា​លើកដំបូង​កាលពី​ខែ​ធ្នូ​ មុន​ពេល​ឆ្លង​រាលដាល​នៅ​ទូទាំង​ប្រទេស​។

នៅ​ក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់​ខ្លួន​ គណៈកម្មការ​សុខភាព​ជាតិ​បាន​រាយការណ៍​ថា ​មានការ​ឆ្លង​ថ្មី​ចំនួន ១.៧៤៩​ករណី​នៅ​ទូទាំង​ប្រទេស​ ដែល​ជា​ចំនួន​ករណី​ថ្មី​ទាប​បំផុត​ក្នុង​ខែ​នេះ​។​ ការ​ឆ្លង​ថ្មីៗ​មាន​ច្រើន​លើសលប់​នៅ​ខេត្ត​ហ៊ូ​ប៉ី​។ ​ក្រៅពី​ចំណុច​កណ្ដាល​នៃ​ការ​ផ្ទុះ​ជំងឺ​នេះ​ មាន​ករណី​ថ្មី​តែ ៥៦​ប៉ុណ្ណោះ​ត្រូវ​បាន​រាយការណ៍ ដែល​ជា​ការ​ធ្លាក់​ចុះ​នៅ​ថ្ងៃ​ទី​១៥ នៅ​ក្នុង​តារាង​៕

អត្ថបទ៖ សុខ​មាន