Reinier​ មកដល់ Real Madrid ផ្លូវការ​ទប់​អារម្មណ៍​មិនបានបង្ហូរទឹកភ្នែក​

151

បាល់ទាត់៖ ​ខ្សែ​បំរើ​ប្រេ​ស៊ី​ល​វ័យក្មេង ១៨​ឆ្នាំ Reinier Jesus បាន​មកដល់​ទឹកដី Real Madrid ផ្លូវការ​ហើយ ជាមួយ​នឹង​អារម្មណ៍​រំភើប​រហូត​ស្រក់​ទឹកភ្នែក​។ ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid បាន​ផ្ដួល​គូប្រជែង​ជាច្រើន​នៅ La Liga​ ក្នុង​ការ​ចុះហត្ថលេខា​នាំ​យក​កីឡាករ​ក្មេង​ពី​ក្លិប​ប្រេ​ស៊ី​ល Flamengo ​ដែល​ត្រូវ​បាន​គេ​វាយតម្លៃ​ខ្ពស់​ក្នុង​ការ​ដើរ​តាម​គន្លង​របស់ Vinicius Junior​

​​Reinier ​បាន​មក​ដល់ Real Madrid ក្នុង​តំលៃ​ផ្ទេរ​ប្រមាណ ៣០​លាន​អឺរ៉ូ តែ​ត្រូវ​ចាប់ផ្ដើម​អាជីព​របស់​ខ្លួន​លើទឹក​ដី​អេ​ស្ប៉ា​ញ​ជាមួយ​ក្រុម​ទី​២ របស់ Real Madrid គឺ Castilla​ នៅ​លី​គ​ទី​២​។ ​Reinier ​ទទួល​បាន​អាវ​លេខ​១៩ គ្រោង​នឹង​បង្ហាញខ្លួន​ដំបូង​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ពេល Castilla​ ជួប​ជាមួយ San Sebastian de los Reyes​។ ​ក្រុម​របស់​លោក Zinedine Zidane ​បាន​បំពេញ​អស់​នូវ​កូតា​កីឡាករ​មិនមែន​អឺរ៉ុប ​៣នាក់​នៅ Real Madrid ទៅ​ហើយ​ដែល​រួមមានកីឡាករ​ប្រេ​ស៊ី​ល Militao, Rodrygo ​និង Vinicius Junior​។​ ​កើត​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ក្នុង​ឆ្នាំ​២០០២​ កីឡាករ​វ័យ​ ១៧​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង ​កាលពី​ខែ​កក្កដា​ឆ្នាំមុន​ក្នុង​ការ​ប្រកួត​ Copa Libertadores​ ជាមួយ ​Emelec ​មុន​ពេល​រក​គ្រាប់​បាល់​បាន ​៦​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​តែ​ជាង ​១២​ដង​ប៉ុណ្ណោះ​នៅ​ក្នុង​កម្មវិធី ​Campeonato Brasileiro Serie A និង​ជួយ​ក្រុម​ឈ្នះ​ជើងឯក​៕

អត្ថបទ​៖​នាង សុភា​វុ​ធ