ក្រុមហ៊ុន Apple ព្រមាន​ពី​ផល​ប៉ះ​ពាល់​ប្រាក់​ចំណូល​ដោយ​សារ​ជំងឺ ​COVID-19

69

ចិន៖ ក្រុមហ៊ុន Apple កំពុង​ព្រមាន​វិនិយោគិន​ថា​ ខ្លួន​នឹង​មិន​បំពេញ​តាម​ការណែនាំ​ហិរញ្ញវត្ថុ​ត្រី​មាស​ទី២ របស់​ខ្លួន​នោះ​ទេ​ ព្រោះ​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​នៅ​ប្រទេស​ចិន​ បាន​កាត់បន្ថយ​ផលិតកម្ម ​iPhone។ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ California ​នេះ​បាន​និយាយ​ថា​ គ្រប់​រោងចក្រ​ទាំងអស់​ដែល​ផលិត​ទូរស័ព្ទ​ដៃ ​iPhone របស់​ខ្លួន​គឺ​ស្ថិតនៅ​ខាងក្រៅ​ខេត្ត​ហ៊ូ​ប៉ី​ ដែល​ជា​ចំណុច​កណ្ដាល​នៃ​ការ​ផ្ទុះ​ជំងឺ ហើយ​រោងចក្រ​ទាំងអស់​ត្រូវ​បាន​បើក​ដំណើរការ​ឡើងវិញ​។ ​ប៉ុន្តែ​ក្រុមហ៊ុន​បាន​និយាយ​ថា​ ផលិតកម្ម​កំពុងតែ​កើន​ឡើង​យឺត​។

ក្រុមហ៊ុន Apple និយាយ​ថា​ តម្រូវការ​សម្រាប់​ទូរស័ព្ទ​ដៃ ​iPhone ក៏​មាន​ការ​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ​ ដោយសារតែ​ហាង​លក់រាយ​ចំនួន ៤២ របស់​ក្រុមហ៊ុន Apple នៅ​ទីនោះ​ត្រូវ​បាន​បិទ​ រឺ​ដំណើរការ​ដោយ​កាត់​បន្ថយ​ម៉ោង​។ ប្រទេស​ចិន​គឺជា​ទីផ្សារ​លក់រាយ​ធំ​បំផុត​ទី​៣ របស់ Apple សំរាប់​ផលិតផល​ iPhone បន្ទាប់ពី​សហរដ្ឋអាមេរិក​ និង​អឺរ៉ុប​។​ នៅ​ក្រៅ​ប្រទេស​ចិន ក្រុមហ៊ុន Apple បាន​និយាយ​ថា ​តម្រូវការ​ផលិតផល ​iPhone មាន​សន្ទុះ​ខ្លាំង ​ហើយ​ស្រប​នឹង​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​។​ កាលពី​ខែ​មករា​ក្រុមហ៊ុន Apple បាន​និយាយ​ថា ​ខ្លួន​រំពឹង​ថា ​ប្រាក់ចំណូល​នៅ​ត្រីមាស​ទី​២ នឹង​មាន​ចន្លោះ​ពី ៦៣ ទៅ ៦៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ កាលពី​ថ្ងៃ​អង្គារ​ភាគហ៊ុន​អាមេរិក​បាន​ធ្លាក់​ចុះ​ នៅ​ក្នុង​ការ​ជួញ​ដូរ​ពេល​ថ្ងៃត្រង់ ​បន្ទាប់ពី​ការព្រមាន​ពី​ផលិតកម្ម​របស់​ក្រុមហ៊ុន​ Apple

អត្ថបទ៖ សុខ​មាន