រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច ស្នើ​ឲ្យ​ក្រុមហ៊ុន​ក្រៅ​ស្រុក​ ជួយ​កៀរគរ​វិនិយោគិន​មក​បណ្តាក់​ទុន​បន្ថែម

194

ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្នើ​ឲ្យ​ប្រធាន​ក្រុមហ៊ុន A2A Town (Cambodia) ជួយ​កៀរគរ​វិនិយោគិន​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​ មក​ចូលរួម​បង្កើត ជា​ឧទ្យាន​អេកូ​បច្ចេកវិទ្យា នៅ​តំបន់​គីរីរម្យ ​សំដៅ​ដល់​ការ​ចូលរួម​ចំណែក​ក្នុងការ​កសាង​ទាំង​ធនធានមនុស្ស​, ធនធាន​បច្ចេកវិទ្យា​, ដើម្បី​ចូល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បាន​លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក តា​កេ​ស៊ិ អ៊ិ​ហ្សុ​កា ​(Takeshi Izuka) ​ប្រធាន​ក្រុមហ៊ុន A2A Town (Cambodia) នៅ​ថ្ងៃទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០ ថា ​ពាក់ព័ន្ធ​និង​ការអភិវឌ្ឍន៍​, គោលនយោបាយ​នៃ​ការ​អនុគ្រោះ ​និង​គាំពារ​វិនិយោគ​ពី​បរទេស​, បច្ចុប្បន្ន​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគិន​បរទេស​ឲ្យ​កាន់​តែ​មាន​ចំនួន​ច្រើន មក​បណ្តាក់​ទុន​នៅ​កម្ពុជា​, កម្ពុជា​បាន​ និង​កំពុង​អនុវត្ត​នូវ​បរិយាកាស​ធុរកិច្ច​អំណោយផល​ លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគិន​បរទេស​ទាំងអស់ ​ដែល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ប្រកបដោយ​ភាព​ទុកចិត្ត​ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​មាន​សុខ​សន្តិភាព​ពេញលេញ ។ ជុំវិញ​និង​គម្រោង​វិនិយោគ​បរទេស​នេះដែរ ​ជាក់ស្តែង​ក្រុមហ៊ុន A2A Town (Cambodia) ពិតជា​បាន​ចូល​រួមចំណែក​យ៉ាងសកម្ម ក្នុង​ការ​អភិវឌ្ឍធនធានមនុស្ស​នៅ​កម្ពុជា ​តាមរយៈ​ការ​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​គីរីរម្យ ​និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​អេកូ​ទេសចរណ៍ ​នៅ​តំបន់​ជួរ​ភ្នំ​គីរីរម្យ ។

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ប្រធាន​ក្រុមហ៊ុន A2A Town (Cambodia) ក៏ដូចជា​វិទ្យាស្ថាន​បច្ចេកវិទ្យា​គីរីរម្យ​ គួរ​ធ្វើការ​ជាមួយ មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ក្នុង​ការ​ស្រាវជ្រាវ​បែប​អនុវត្តន៍ ដើម្បី​ស្វែងរក​នវានុវត្តន៍​ ក៏ដូចជា​សហការ​គ្នា​បង្កើត​កម្មវិធី​បណ្តុះ​ធុរកិច្ច​ថ្មី (Startup) ជាមួយគ្នា​។ ​ការពិចារណា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដោយ​ផ្ទាល់ ​តាមរយៈ​ការ​បណ្តុះ​ធនធាន​មនុស្ស​លើ​វិស័យ​បច្ចេកវិទ្យា​ ហើយ​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​មក​បម្រើការ​នៅ​ក្នុង​គម្រោង ​ឬ​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ធនធានមនុស្ស​ ក្នុង​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល​វែង នៃ​គោល​នយោបាយ​សេដ្ឋកិច្ច​ឌីជីថល ​និង​រដ្ឋាភិបាល​ឌីជីថល ដែល​នឹង​ត្រូវ​អនុវត្ត​នាពេល​ខាងមុខនេះ ​។ ពិនិត្យ​លទ្ធភាព​នៃ​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ ដើម្បី​អាច​ឱ្យ​ក្រុមហ៊ុន A2A Town (Cambodia) ​អាច​កៀរគរ​វិនិយោគិន​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន មក​ចូលរួម​បង្កើត​ជា​ឧទ្យាន​អេកូ​បច្ចេកវិទ្យា ​(Eco-Technology Park) នៅ​តំបន់​គីរីរម្យ ​សំដៅ​ដល់​ការ​ចូល​រួមចំណែក​ក្នុងការ​កសាង​ទាំង​ធនធានមនុស្ស ​និង​ធនធាន​បច្ចេកវិទ្យា​នៅ​កម្ពុជា ។

លោក តា​កេ​ស៊ិ អ៊ិ​ហ្សុ​កា ប្រធាន​ក្រុមហ៊ុន A2A Town (Cambodia) និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​បច្ចេក​វិទ្យា​គីរីរម្យ បាន​បញ្ជាក់ថា វិទ្យាស្ថាន​បច្ចេកវិទ្យា​គីរីរម្យ ផ្តោត​លើ​ជំនាញ​វិស្វកម្ម​, កម្មវិធី ​Software Engineering, វិទ្យាសាស្ត្រ​នៃ​ការវិភាគ​ទិន្នន័យ (Data Science), ​និង​សន្តិសុខ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន (Cyber Security), ដោយ​ផ្តល់ ​អាហារូបករណ៍​ពេញ​ដល់​និស្សិត​ខ្មែរ ​ដែល​មាន​សមត្ថភាព​ក្នុង​រយៈពេល ៤ ឆ្នាំ ដោយ​រាប់បញ្ចូល​ទាំង​ថ្លៃ​សិក្សា​, ​ការ​ស្នាក់នៅ​, អាហារ​, និង​ឧបករណ៍​សម្ភារៈ​សិក្សា​ចាំបាច់​មួយ​ចំនួនទៀត ។ កម្មវិធី​នេះ ​បានផ្តល់​ឱកាស​ដល់​និស្សិត​ខ្មែរ​រាប់​រយ​នាក់​ កន្លងមក​ទទួល​បាន​នូវ​ការ​បណ្តុះបណ្តាល​ប្រកបដោយ​គុណភាព​ខ្ពស់​ និង​ទទួល​បាន​ការងារ​នៅក្នុង​ក្រុមហ៊ុន​ធំៗ ជាពិសេស​ក្រុមហ៊ុន​ជប៉ុន​ផងដែរ ។

សូមបញ្ជាក់ថា លោក តា​កេ​ស៊ិ អ៊ិ​ហ្សុ​កា គឺជា​សហគ្រិន​ផ្នែក​បច្ចេកវិទ្យា​មួយរូប ​បានចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​វិភាគ​លើ​ប្រតិបត្តិការ​គេហទំព័រ នៅ​ប្រទេស​ជប៉ុន​តាំងពី​ឆ្នាំ​១៩៩៨ ​។ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​លក់​ឱ្យទៅ ​ក្រុមហ៊ុន​ទូរគមនាគមន៍ NTT Communications ​នៅ​ឆ្នាំ ២០០៨, លោក​ តា​កេ​ស៊ិ អ៊ិ​ហ្សុ​កា បាន​ងាក​មក​វិនិយោគ​នៅ​កម្ពុជា ​ដោយ​ដំបូង​ផ្តោត​លើ​វិស័យ​អេកូ​ទេសចរណ៍ ​និង​ពង្រីក​ទៅរក​វិស័យ​អប់រំ​, វិស័យ​បច្ចេកវិទ្យា​, និង​វិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យ នៅ​តំបន់​ជួរ​ភ្នំ​គីរីរម្យ ៕