សម្តេចតេជោ ជូនពរ​អ្នក​ដំណើរ​ចុងក្រោយ​របស់នាវា Westerdam

212

ភ្នំពេញ ៖ ​តាមរយៈហ្វេសប៊ុកនៅរសៀលនេះ មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានជូនពរ​ដល់អ្នកដំណើរចុងក្រោយពីនាវា westerdam​ ដែលត្រូវ​បាន​សម្របសម្រួល​អោយ​បានទៅកាន់​ប្រទេស​​រៀងខ្លួនវិញ ។ សម្តេចសរសេរថា កម្ពុជាជូនពរអ្នកដំណើរចុងក្រោយ ២៣៣រូប ​ចាកចេញ​ពី​នាវា MS Westerdam ធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញ។

នៅរសៀល ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកដំណើរ ២៣៣រូប ចុងក្រោយ ​ដែលក្នុងនោះមាន ២០នាក់ជានាវឹក និងបុគ្គលិកកប៉ាល់​ ដែលមានចម្រុះជាតិសាសន៍២២សញ្ជាតិ ​បានចាកចេញពីនាវា MS Westerdam ​ ធ្វើដំណើរតាមរថយន្តក្រុងចំនួន ​១០ គ្រឿង ពីក្រុងព្រះសីហនុ​ ឆ្ពោះមកកាន់រាជធានី​​ ភ្នំពេញ​​ដើម្បីទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ តាមជើង​ ហោះហើរ​ពីទីក្រុងភ្នំពេញ។

គ្រប់អ្នកដំណើរទាំងអស់ មុននឹង​អនុញ្ញាត​ឱ្យចាកចេញពីនាវា គឺសុទ្ធតែត្រូវបានឆ្លងកាត់​​ការ​ពិនិត្យ​វាស់កំដៅ​ និងធ្វើតេស្តសុខភាព​ ដោយមានវត្តមានមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា អង្គការ​ សុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹង​ជម្ងឺឆ្លងសហរដ្ឋអាមេរិក (UNCDC) ដើម្បីធានាថាពិតជាគ្មានមេរោគកូវីដ១៩ ​(COVID-19)។ ​មិនតែប៉ុណ្ណោះ បុគ្គលិក​របស់​កប៉ាល់​ ទាំងអស់ក៏ត្រូវពិនិត្យសុខភាពឡើងវិញទាំងអស់គ្នាផងដែរ​ មុនពេល​អនុញ្ញាត​ ឱ្យដឹកនាំនាវា MS Westerdam ​ចាកចេញពីកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ។

នេះជាដំណឹងរីករាយទាំងសម្រាប់កម្ពុជា និងបងប្អូនអ្នកទេសចរទាំងអស់ ដែលកំពុងទន្ទឹងរង់ចាំការ​វិលត្រឡប់​ ទៅជួបជុំក្រុមគ្រួសារនៅឯប្រទេសកំណើតរបស់ខ្លួន។ កិច្ចការនេះ​ ប្រសិន​បើគ្មាន​​ការសម្រេច​ចិត្តដ៏ត្រឹមត្រូវរបស់​ សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីទេ មិនដឹងជា​វាសនា​អ្នកធ្វើដំណើរលើនាវាទាំងអស់នោះ រសាត់អណ្តែត​ ទៅដល់ទីណាទេ ​ណាមួយជិតអស់ស្បៀង ណាមួយទៀត​កប៉ាល់ ក៏ជិតអស់ប្រេង! កម្ពុជាក្រ នឹងតូចមែនពិត តែបេះដូងកម្ពុជា​​គឺធំទូលាយ​ប្រកប​​ដោយ​ក្តីស្រឡាញ់​ និងសណ្តោសប្រណី។ សូមជូនពរបងប្អូនអ្នកទេសចរ​ទាំងអស់​មាន​​សុវត្ថិភាព​​ក្នុង​ការធ្វើដំណើរ ​ហើយកម្ពុជា​ នៅរង់ចាំស្វាគមន៍ទទួលបងប្អូនគ្រប់ពេលជានិច្ច…!