ជំងឺ COVID-19 សម្លាប់​ជនជាតិ​អ៊ីរ៉ង់ ២​នាក់ ជា​ការ​បាត់បង់​ជីវិត​លើក​ដំបូង​​នៅ​ម​ជ្ឈិម​បូព៌ា​

220

អ៊ីរ៉ង់៖ ក្រសួង​សុខាភិបាល​បាន​និយាយ​ថា​ មនុស្ស​ ២នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ​បន្ទាប់ពី​បាន​ធ្វើ​តេស្ត​រក​ឃើញ​ផ្ទុក​ជំងឺ​នេះ​កាលពី​ថ្ងៃ​ពុធ ជា​ការ​ឆ្លង​ជំងឺ​ថ្មី​នេះ​ដំបូង​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​។​ យោង​តាម​ទីភ្នាក់​ងារសារព័ត៌មាន YJC សាខា​នៃ​ទូរទស្សន៍​រដ្ឋ​បាន​ឲ្យដឹង​ថា ​អ្នក​ទាំង២ ​ដែល​បាន​បាត់បង់​ជីវិត​គឺជា​ពលរដ្ឋ​អ៊ីរ៉ង់ ​និង​ជា​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ពិសិដ្ឋ​កូ​ម ​(Qom)​។​

ពួកគេ​ក៏​ជា​អ្នក​បាត់បង់​ជីវិត​ដំបូង​ផង​ដែរ​ដោយសារ​ជំងឺ COVID-19 នៅ​តំបន់​មជ្ឈិមបូព៌ា និង​ជា​អ្នក​ទី៧ និង​ទី៨ នៅ​ខាងក្រៅ​ប្រទេស​ចិន ជាទី​ដែល​ការ​ផ្ទុះ​ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​ជាង ២ពាន់​នាក់​។​ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ IRNA បាន​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​ក្រសួង​ខាងលើ​គឺ​លោក​ គី​ណូ​ស ចា​ហាន​ពួ​ (Kianoush Jahanpour)​ ដោយ​និយាយ​ថា​ ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​លើ​មនុស្ស​វ័យ​ចំណាស់​ ២​នាក់​ដែល​មាន​បញ្ហា​ភាព​ស៊ាំ​នឹង​ជំងឺ​នៅ​ទីក្រុង​ពិសិដ្ឋ​កូ​ម ​(Qom)​ ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី​អ៊ីរ៉ង់​៕

អត្ថបទ៖ សុខ​មាន