ក្រសួងកសិកម្ម​ព្រមាន​ធ្ងន់ៗ​ ដល់​មន្ត្រី​ និង​ក្រុមហ៊ុន​នាំចូល​សាច់​សត្វ​ ដែល​ល្មើស​ស្របពេល​ជំងឺ​ផ្ដាសាយបក្សី​កើតឡើង​នៅ​វៀតណាម

105

ភ្នំពេញ ៖ ​ ក្រសួងកសិកម្ម ក្រៅពី​ចេញ​នូវ សារាចរ ​ណែនាំ​ស្ដីពី ​វិធានការ​ទប់​ស្កាត​ជំងឺ​ផ្ដាសាយបក្សី ចំនួន ​៨​ចំណុច​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ​ក្រសួង​ក៏បាន​ព្រមាន​ធ្ងន់ៗ​ ដល់​ក្រុមហ៊ុន ​រឺក៏​ឈ្មួញ​ដែល​នាំចូល​ សាច់សត្វ ដែល​រាប់បញ្ចូល​ទាំង​បក្សី​ ដែល​ល្មើស​ និង​មន្ត្រី​អសមត្ថភាព ​ដែល​នេះ​ជា​វិធានការ​តឹងរឹង​ទប់ស្កាត់ ​មិនឱ្យ​ជំងឺផ្ដាសាយបក្សី​ រាតត្បាត​ចូល​មក​កម្ពុជា​នោះទេ​។

ក្នុងឱកាស​ចូលរួម​ក្នុង​ការបិទ​សន្និបាត បូកសរុប​ការងារ​របស់ នាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​កាលពី​ល្ងាច​ថ្ងៃទី ១៩ ខែកុម្ភៈ​ឆ្នាំ ២០២០ ឯកឧត្តម វេ​ង ​សាខុន ​បាន​ព្រមាន​ធ្ងន់​ដល់​ក្រុមហ៊ុន​នាំចូល​សាច់សត្វ ​រាប់បញ្ចូល​ទាំង​សត្វ​បក្សី​ដែល​ល្មើស ​ទាំង​មន្ត្រី​ដែល​អសមត្ថភាព​ក្នុងការ​ទប់ស្កាត់​ការ​នាំចូល​ទាំងនោះ​។ ​ការព្រមាន​បែបនេះ ​ធ្វើឡើង​ស្រប​ពេល​ដែល​ ជំងឺផ្ដាសាយបក្សី​បាន​កើតមានឡើង​នៅ ​ភាគខាងត្បូង​ប្រទេស​វៀតណាម​។

ឯកឧត្តម ​បាន​បញ្ជាក់ថា ​នឹង​ដក​អាជ្ញាប័ណ្ណ​អាជីវ​កម្ម​របស់​ក្រុមហ៊ុន​នាំចូល​ទាំងនោះ​ បើសិនជា​មិន​គោរព​តាម ​សារាចរ​ណែនាំ រឺ​ច្បាប់ ​ដែល​បាន​កំណត់​ក្នុងការ​នាំចូល ​និង​បង្ករ​ឱ្យមាន​ការខាតបង់ រឺ​ប៉ះពាល់​នានា​ ដល់​ប្រជាកសិករ​ក្នុងប្រទេស​។

ក្រៅពី​ព្រមាន​ដល់​ក្រុមហ៊ុន​អាជីវ​កម្ម​នាំ​សាច់សត្វ​ចូលមក​កម្ពុជា​ទាំងនេះ ​ឯកឧត្តម រដ្ឋមន្ត្រី​ក៏​មិន​លើកលែង​ចំពោះ ​មន្ត្រី​ដែល​អសមត្ថភាព​នោះទេ​ ពោល​គឺ​ប្រើ​គោលការណ៍​វះកាត់ ​ដោយ​អនុវត្ត​ទោសទណ្ឌ​មន្ត្រី​នោះ​ ទៅតាម​ច្បាប់​ដែល​កំណត់ ​និង​ច្បាប់​ទាក់ទង​មួយ​ចំនួន​។ ​ឯកឧត្តម​ បញ្ជាក់ថា ការអនុវត្ត​តឹងរឹង​នេះ ​គឺ​ដើម្បី​ផលប្រយោជន៍​រួម​របស់​សង្គមជាតិ​។សព្វថ្ងៃ​ជំងឺ​ផ្ដាសាយបក្សី​បាន​កើត​ឡើង​នៅ​ភាគខាងត្បូង ​នៅ​ប្រទេស​វៀតណាម​ក្ដី ​តែ​ករណីនេះ​ពុំទាន់ ​មាន​កកើតឡើង​នៅ​កម្ពុជា​នោះទេ​។ ​

តាម​ការលើក​ឡើង​បន្ថែម​របស់ ឯកឧត្តម តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ​ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិតកម្ម​សត្វ ក៏បាន​បញ្ជាក់ដែរថា ​កម្ពុជា​នឹង​អាច​គ្រប់គ្រង​ ករណីនេះ​មិន​ឱ្យ​កើតឡើង​នៅ​កម្ពុជា​នោះទេ​។​ ការលើកឡើង​ដូចនេះ​ ដោយ​ឯកឧត្តម​បញ្ជាក់ថា ​សព្វថ្ងៃ​កម្ពុជា​ពុំមាន ​ការ​នាំចូល​បក្សី​ពី​ប្រទេស​វៀតណាម​នោះទេ ​ការ​នាំចូល​បក្សី​គឺ​មកពី​ប្រទេស​ថៃ​។ ​ម្យ៉ាងវិញទៀត ​ឯកឧត្តម​ បញ្ជាក់ថា​ ទាំង​ប្រទេស ​វៀតណាម ​និង​កម្ពុជា ​សុទ្ធតែ​ស្ថិតនៅក្រោម​ ដំបូល​អង្គការ​សុខភាព​សត្វ​ពិភពលោក ​ដែលមាន​កិច្ចសហការ​ ជាមួយគ្នា​ជិតស្និទ្ធ​ក្នុងការ​ដោះស្រាយ​។ ​ជាពិសេស​ពេល​ករណី​បែបនេះ ​កើតឡើង ប្រទេស​វៀតណាម ​បានធ្វើ​ការកំណត់ ព្រំដែន​ច្បាស់លាស់ ​ក្នុង​ការ​ហាម​ការ​ធ្វើ​ចរាចរណ៍​ប​ក្សី ​និង​កំណត់ព្រំដែន​ ក្នុង​តាមដាន​អង្កេត​លើ​ករណីនេះ​៕