ចិន​បញ្ជូន​បុគ្គលិក​វេជ្ជសាស្ត្រ​ជាង​ ៥០០​នាក់​បន្ថែម​ទៀត​ទៅ​កាន់​ទីក្រុង​អ៊ូ​ហាន​

115

ចិន៖ កាលពី​ថ្ងៃ​ពុធបុគ្គលិក​វេជ្ជសាស្ត្រ​សរុប​ ៥១៣​នាក់​ពី​មន្ទីរពេទ្យ​ចំនួន ​៦ បាន​ចាក​ចេញពី​ទីក្រុង​សៀង​ហៃ​ទៅកាន់​ទីក្រុង​អ៊ូ​ហាន ជា​ចំណុច​កណ្ដាល​នៃ​ការ​រីក​រាលដាល​ជំងឺ​នេះ។​ គណៈកម្មការ​សុខភាព​សៀង​ហៃ​បាន​និយាយ​ថា ​នេះ​គឺជា​ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ធំ​ជាង​គេ​បំផុត​ ដែល​ទីក្រុង​សៀង​ហៃ​បាន​បញ្ជូន​ទៅកាន់​ទីក្រុង​អ៊ូ​ហាន​។ ​ក្រុម​នេះ​នឹង​ជួយ​ដល់​មន្ទីរពេទ្យ​លី​សិន​ហាន ​(Leishenshan)​ ជា​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ទី​២ របស់​ទីក្រុង​អ៊ូ​ហាន​សម្រាប់​អ្នកជំងឺ​ COVID-19​

រហូតមកដល់​ពេលនេះ​គ្រូពេទ្យ​ និង​គិលានុបដ្ឋាក​ និង​បុគ្គលិក​ជំនួយ​ក្នុងស្រុក​ជាង ១.៥០០នាក់​បាន​ទៅ​ទីក្រុង​អ៊ូ​ហាន​ហើយ​។​ មន្ទីរពេទ្យ​នានា​ក្នុង​តំបន់​បាន​ទទួល​បញ្ជា​ ពី​រដ្ឋាភិបាល​កណ្ដាល​កាលពី​យប់​ថ្ងៃអាទិត្យ​ ហើយ​បាន​អំពាវនាវ​ឱ្យ​វេជ្ជបណ្ឌិត ​និង​គិលានុបដ្ឋាក​ដែល​មាន​បំណង​ទៅ​ខ្សែត្រៀម​ជួរមុខ​។​ លោក មីន ជៀន​យី​ង (Min Jianying)​ មន្ត្រី​នៅ​មន្ទីរពេទ្យយិន​ជី (Renji )​ បាន​និយាយ​ថា យើង​បាន​ទទួល​ពាក្យ​ស្នើ​សុំ​ភ្លាមៗ​ បន្ទាប់ពី​ដឹង​ថា ​មន្ទីរពេទ្យ​របស់​យើង​ត្រូវ​បញ្ជូន​បុគ្គលិក​ពេទ្យ​ចំនួន ១៥០នាក់។ បុគ្គលិក​ពេទ្យ​ជាច្រើន​ចង់​ទៅ ហើយ​យើង​បាន​ជ្រើសរើស​វេជ្ជបណ្ឌិត ​និង​គិលានុបដ្ឋាក ដែល​មាន​បទពិសោធន៍​ច្រើន​ជាង​គេ​បំផុត ​ពី​អង្គភាព​គាំពារផ្នែក​ជំងឺ​ដង្ហើម​ និង​ជំងឺឆ្លង​ក៏ដូចជា​ពី​ផ្នែក​គាំទ្រ​ផ្សេងទៀត​៕

អត្ថបទ៖ សុខ​មាន