ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្តល់អំណោយដល់គ្រួសារលោកតា ធាក់សុីក្លូជួបគ្រោះថ្នាក់ចរាចណ៍បាត់បង់ជីវិត

393

ភ្នំពេញ៖ ដោយមានក្តីអាណិតអាសូរឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យក្រុមការងារដឹកនាំដោយឯកឧត្តម ជិន ប៊ុនធឿន នាំយកអំណោយទៅផ្តល់ជូនគ្រួសារលោកតា កង អឿន អាយុ ៧៧ឆ្នាំ ប្រកបមុខរបរធាក់សុីក្លូ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកស្លាប់កាលពីយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ នៅម្តុំរង្វង់មូលវិមានឯករាជ្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

រថយន្តបង្កគ្រោះថ្នាក់នោះមិនចាំម៉ាក បានបើករត់គេចមិនទទួលខុសត្រូវ។
គ្រួសារលោកតា រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រពន្ធឈ្មោះ លោកយាយ ណុប យ៉េន អាយុ ៦៧ឆ្នាំ លោកយាយកំពុងមានជំងឺពោះវៀនស្អិតរ៉ាំរ៉ៃ លោកយាយមានកូនចំនួន ២នាក់ ប្រុស១ ស្រី១ កូនប្រុសរបស់លោកយាយបម្រើការងារជាកងទ័ព បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដោយរោគាពាធ ពោលគឺមិនទាន់បានធ្វើបុណ្យគម្រប់១០០ថ្ងៃផង ត្រូវបានលោកតាជាឪពុកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បន្តទៀត គួរឱ្យសង្វេគ។
អំណោយដែលបានផ្តល់ជូនគ្រួសារលោកតារួមមាន៖ ថវិកាចំនួន ៨លានរៀល, គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំ។
ទន្ទឹមនឹងនោះដែរតាមរយ:ក្រុមការងារ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានសំណូមពរឱ្យសមត្ថកិច្ចដែលពាក់ព័ន្ធស្វែងរករថយន្តបង្ក ដើម្បីឱ្យចូលមកទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕